ប្រធានាធិបតីអ៊ុយក្រែន បានព្រមានថានឹង មានសង្គ្រាមជាទ្រង់ទ្រាយធំ ជាមួយរុស្ស៊ី ក្នុងពេលដែលរុស្ស៊ីបានបង្កើនវត្តមានកម្លាំងទាហាននៅព្រំដែន ពេលដែលមានភាពតានតឹង ខ្លាំងឡើង ក្រោយការចាប់នាវាអ៊ុយក្រែន៣គ្រឿងពីសំណាក់រុស្ស៊ី ។
សារព័ត៌មាន AFP បានដកស្រង់សម្តីប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានបញ្ជាក់កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ក្រោយរុស្ស៊ីចាប់នាវាអ៊ុយក្រែននៅក្នុងសមុទ្រខ្មៅថា «ខ្ញុំមិនចង់ឲ្យគេគិតថា នេះជាល្បែងកម្សាន្ត ។ អ៊ុយក្រែនកំពុងប្រឈមនឹងសង្គ្រាមទ្រង់ទ្រាយធំជាមួយរុស្ស៊ី » ។
នៅពេលនេះដែរ រុស្ស៊ីបានបញ្ជូន កម្លាំងទាហាន ជាច្រើន ទៅកាន់តំបន់ព្រំដែន ជាប់ប្រទេសអ៊ុយក្រែន រួមទាំងសព្វាវុធទំនើប ៗ ។ ចំនួនរថក្រោះបានកើនឡើង ៣ដង សកម្មភាពខាងលើជាការត្រៀមលក្ខណៈរបស់រុស្ស៊ី ដើម្បីវាយប្រហារទៅលើអ៊ុយក្រែន ។
ការព្រមានពីសង្គ្រាមកើតឡើង ក្នុងពេលដែល រុស្ស៊ី ចាប់នាវាចម្បាំង ៣គ្រឿង របស់អ៊ុយក្រែននៅក្នុងសមុទ្រខ្មៅ ឆ្នេរសមុទ្រ តំបន់គ្រីមៀ រួមជាមួយនាវឹក២៤នាក់ ។ រុស្ស៊ី បានបើកបុកនាវាសណ្តោងរបស់អ៊ុយក្រែន ដែលបានព្យាយាម ឆ្លងកាត់ស្ពាន នៅសមុទ្រ Kerch ដោយរុស្ស៊ីប្រើប្រាស់នាវាដឹកទំនិញ បិទផ្លូវ ។
សារព័ត៌មាន AFP បានផ្សាយថា តុលាការនៅទីក្រុង Simferopol តំបន់គ្រីមៀ បានចេញបញ្ជាឲ្យឃុំនាវាខាងលើ២ខែ ដើម្បីកាត់ក្តី ទៅលើនាវឹក១២នាក់ រួមទាំង នាវឹក៣នាក់ រងរបួស កំពុងសម្រាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យ ។ ចំណែកនាវឹកផ្សេងទៀត នឹង ត្រូវ បង្ហាញខ្លួននៅក្នុងតុលាការនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
ការប៉ះទង្គិចគ្នាខាងលើ ជាការ បញ្ឆេះឲ្យមានការប្រឈមមុខដាក់គ្នាកាន់តែតានតឹង ខ្លាំងឡើង រវាងរដ្ឋាភិបាលទីក្រុងមូស្កូ នឹង ទីក្រុង គីវ ដោយរុស្ស៊ី ចោទប្រកាន់នាវារបស់អ៊ុយក្រែន បំពាន ដែនសមុទ្ររបស់រុស្ស៊ីដោយខុសច្បាប់ ហើយធ្វើព្រងើយចំពោះការព្រមានពីនាវាយាមល្បាតរុស្ស៊ី ។
ជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងគីវ បាន ស្នើដល់ទីក្រុងម៉ូស្កូដោះលែង នាវឹកឲ្យមានសេរីភាព ។ ជាមួយគ្នានេះ ក៏បានអំពាវនាវ ឲ្យបណ្តាប្រទេសសម្ព័ន្ធមិត្ត លោកខាងលិច ដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ពីទង្វើខាងលើ ។
ហេតុការណ៍ខាងលើ គឺជាការប្រឈមមុខដាក់គ្នាជាទ្រង់ទ្រាយធំ រវាងអ៊ុយក្រែន នឹងរុស្ស៊ី ព្រមទាំងតំបន់ភាគខាងកើតអ៊ុយក្រែន ដែលទាមទារផ្តាច់ខ្លួនបង្កក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមជាថ្មីកើតឡើង អំពើហុង្សានៅតំបន់ភាគខាងកើត អ៊ុយក្រែនបានសម្លាប់មនុស្ស ដល់ទៅជាង១ម៉ឺននាក់ ចាប់តាំងពីឆ្នាំ២០១៤មក ។ នៅពេលនេះ សហគមន៍អន្តរជាតិ បានអំពាវនាវដល់ភាគីពាក់ព័ន្ធរក្សាការអតធ្មត់ បញ្ចៀស ការផ្ទុះសង្គ្រាម នឹងគ្នា ។
កន្លងមក ប្រធានាធិបតី ពូទីន បានព្រមានអ៊ុយក្រែន ក្រោយពេល ដែល ទីក្រុងគីវ បានប្រកាសច្បាប់អាជ្ញាសឹក ។ ក្រុមតំណាងរាស្រ្ត អ៊ុយក្រែន បានបោះឆ្នោតលើការដាក់ច្បាប់អាជ្ញាសឹក នៅតាមតំបន់ព្រំដែនជាមួយរុស្ស៊ី ក្រោយពួកគេ រឹបអូសយកនាវាទាហានជើងទឹកអ៊ុយក្រែន៣គ្រឿង និងឃាត់ខ្លួន ទាហានជើងទឹក២៤នាក់ នៅក្នុងផ្លូវទឹកដ៏សំខាន់ដែលជាតំបន់យុទ្ធសាស្រ្តសម្រាប់ប្រទេសទាំង២ ។
វាគឺជាលើកដំបូងហើយដែលអ៊ុយក្រែន បានអនុម័តច្បាប់អាជ្ញាសឹក ចាប់តាំងពីមានជម្លោះជាមួយរុស្ស៊ី ដែលបានចាប់ផ្តើមឡើងកាលពីឆ្នាំ២០១៤ ដែលនេះ ជាសញ្ញាមួយបញ្ជាក់ពីភាពតានតឹងទ្រង់់ទ្រាយធំមួយ រវាងអតីតសាធារណរដ្ឋសូវៀតទាំង២ ។
ច្បាប់អាជ្ញាសឹក ដែលនឹងផ្តល់សិទ្ធិអំណាចពិសេសដល់រដ្ឋាភិបាលលើសង្គមស៊ីវិលនោះ នឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែវិច្ឆិកា នេះតទៅ ហើយវានឹងមានរយៈពេល៣០ថ្ងៃ ។ នៅក្នុងសភា សមាជិក២៧៦នាក់ បានបោះឆ្នោតលើញត្តិមួយនេះ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបង្ហោះតាម Twitter ប្រធានាធិបតីអ៊ុយក្រែន លោកប៉េត្រូ ប៉ូរ៉ូសេនកូ បាននិយាយថា ចាប់អាជ្ញាសឹកនេះ នឹងដាក់នៅតែតំបន់ព្រំដែនជាមួយរុស្ស៊ីប៉ុណ្ណោះ ឬតំបន់ក្បែរៗជាកន្លែងដែលទាហានរុស្ស៊ីឈរជើង ដែលក្នុងនោះរួមទាំងតំបន់ព្រំដែនអាហ្សូវ និងសមុទ្រខ្មៅ ហើយ និងតំបន់ព្រំដែនត្រានស្នីស្រ្ទី ជាមួយប្រទេសម៉ុលដាវី ។
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយអធិការបតីអាល្លឺម៉ង លោកស្រី Angela Merkel ដោយលោកពូទីន បង្ហាញពីការបារម្ភយ៉ាងខ្លាំង ពីស្ថានភាពនាពេលបច្ចុប្បន្ន ។ លោកពូទីនសង្ឃឹមថា រដ្ឋាភិបាលទីក្រុងប៊ែកឡាំង នឹង លូកដៃរារាំងអ៊ុយក្រេន ធ្វើសកម្មភាព ឌឺដងបន្ថែមទៀត ។
រដ្ឋាភិបាលទីក្រុងមូស្កូ បានចោទប្រកាន់ ទីក្រុងគីវ ឡើងគម្រោងបង្កឲ្យមានភាពតានតឹង ដើម្បីស្វែងរក សម្លេងគាំទ្រ នៅមុនការបោះឆ្នោត ជាតិអ៊ុយក្រែន នាឆ្នាំ ២០១៩ ខាងមុខ និងជំរុញឲ្យបណ្តា ប្រទេសលោកខាងលិច បង្កើនការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ។
កន្លងមកថ្មីៗ អង្គការសហប្រជាជាតិបានស្នើដល់ភាគីទាំងពីរ រក្សាការអត់ធ្មត់ បញ្ចៀសការប្រឈមមុខ កាន់តែតានតឹង អាចឈានដល់សង្គ្រាមកើតឡើង ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំជាបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា អគ្គលេខារងអង្គការសហប្រជាជាតិ ទទួលបន្ទុក នយោបាយ លោកស្រី Rosemary Dicarlo បានអំពាវនាវឲ្យរុស្ស៊ី និងអ៊ុយក្រែន បញ្ចៀសសកម្មភាព ដែលអាចជំរុញឲ្យមានការប្រឈមមុខតានតឹងដាក់គ្នា ។
លោកស្រីបន្តទៀតថា នៅពេលនេះ ភាគីទាំងពីរចាំបាច់ត្រូវតែកាត់បន្ថយកម្តៅនៃការប្រឈមមុខដាក់គ្នា នៅលើដែនសមុទ្រ Azov និងសមុទ្រខ្មៅ ។ អង្គការសហប្រជាជាតិអំពាវនាវដល់ភាគីទាំងពីរស្វែងរកដំណោះស្រាយដោយសន្តិភាព ។ សូមបញ្ជាក់ថា ការប្រឈមមុខតានតឹងរវាងអ៊ុយក្រែន នឹងរុស្ស៊ី កើតឡើងក្រោយពេលរុស្ស៊ីចាប់នាវាចម្បាំងអ៊ុយក្រែន៣គ្រឿង នៅសមុទ្រខ្មៅកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ។
ចំណែកអាមេរិកវិញ បានព្រមានដល់រុស្ស៊ីពីទង្វើ ខុសផ្លូវច្បាប់ទៅលើអ៊ុយក្រែន ហើយសកម្មភាពទាំងនោះរបស់រុស្ស៊ី កំពុងតែបំផ្លាញទំនាក់ទំនងជាមួយអាមេរិក ។ សហរដ្ឋអាមេរិក បានព្រមានរុស្ស៊ីថា សកម្មភាពរំលោភបំពានលើច្បាប់ដូច ជាការរឹបអូសទូកអ៊ុយក្រែននៅឯសមុទ្រ Azov នៃតំបន់ឧបទ្វីបគ្រីមៀ នឹងរារាំងមិនឲ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូមាន ទំនាក់ទំនងជាប្រក្រតីឡើងវិញ ។
ថ្លែងនៅឯកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Nikki Haley បាននិយាយថា សហរដ្ឋអាមេរិកពិតជាចង់មានទំនាក់ទំនងជាធម្មតាឡើងវិញជាមួយរុស្ស៊ី ក៏ប៉ុន្តែទង្វើក្រៅច្បាប់របស់រុស្ស៊ីមិន អាចឲ្យបំណងនេះសម្រេចទៅរួចឡើយ ។ ភាពតានតឹងរវាងរុស្ស៊ី នឹងអ៊ុយក្រែន បានកើតឡើងកាលពីថ្ងៃអាទិត្យ កន្លងទៅ ក្រោយ ឆ្មាំសមុទ្ររុស្ស៊ីបើកការបាញ់ប្រហារ និងរឹបអូសទូកអ៊ុយក្រែនចំនួន៣គ្រឿង ដោយចោទថា បានចូលក្នុងដែនទឹករបស់ខ្លួនដោយ ខុសច្បាប់ ៕ ម៉ែវ សាធី