ភ្នំពេញ ៖ លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញបានអំពាវនាវ ដល់អ្នកលក់ឱសថ, ម្ចាស់ឱសថដ្ឋានដែលមានការពាក់ពន្ធ័នឹងវិស័យសុខាភិបាលផ្នែកឯកជនទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានល្អ និងទទួលខុសត្រូវ ទៅលើការផ្តល់សេវាសុខាភិបាល ការប្រើប្រាស់ឲ្យបានត្រឹមត្រូវ ព្រោះឱសថជាអាវុធមុខពីរ ។
លោកស្រីបានអំពាវនាវបែបនេះ ខណៈលោកស្រីចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំប្រចាំត្រីមាសលើកទី៣ឆ្នាំ២០១៨ របស់គណៈកម្មការត្រួតពិនិត្យ លុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រ នៅរាជធានីភ្នំពេញ ។ កិច្ចប្រជុំនេះបានប្រព្រឹត្ដទៅកាលពីរសៀល ថ្ងៃអង្គារ ៥រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
តាមការបញ្ជាក់ឲ្យដឹងពីលោកវេជ្ជបណ្ឌិត ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានគ្រប់គ្រងឱសថ ចំណីអាហារ និងគ្រឿង សំអាង របស់ក្រសួងសុខាភិបាលថា៖ កម្ពុជាពុំមានឱសថក្លែងក្លាយទេ តែកម្ពុជា មានឱសថខុសច្បាប់ ដែលត្រូវបានគេនាំចូល និងផ្តល់សេវាសុខាភិបាលពុំមានច្បាប់អនុញ្ញាត ។ ចំណុចខ្លះពុំទាន់មានច្បាប់អនុញ្ញាតផងក្រុមហ៊ុនខ្លះ ធ្វើសកម្មភាពមុនទៅហើយ ។ ដូច្នេះ ការជួបជុំគ្នានៅពេលនេះ សំដៅពង្រឹងការអនុវត្តច្បាប់ លុបបំបាត់ឱសថ ក្លែងក្លាយ និងសេវាសុខា ភិបាលខុសច្បាប់ ដែលកើតមានឡើងនៅរាជធានីភ្នំពេញ ឲ្យបានល្អ ។
លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានអំពាវនាវដល់អ្នកលក់ឱសថ, ម្ចាស់ឱសថដ្ឋាន ដែលមានការពាក់ពន្ធ័នឹងវិស័យសុខាភិបាលផ្នែកឯកជន ត្រូវយកចិត្តទុកដាក់ឲ្យបានល្អបំផុត ទៅលើការផ្តល់សេវាសុខាភិបាល ការប្រើប្រាស់ឲ្យបានត្រឹមត្រូវ ព្រោះឱសថជាអាវុធមុខពីរ បើយើងយកទៅព្យាបាល ត្រូវជំងឺជាសះស្បើយ តែបើយើងប្រើខុស វានឹងមានអន្តរាយដល់អ្នកប្រើប្រាស់ រហូតដល់ បាត់បង់អាយុជីវិតថែមទៀតផង ។ ក្នុងរយះពេល៣ខែកន្លងទៅ គណៈកម្មការត្រូតពិនិត្យ លុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់រាជធានីភ្នំពេញ បាន និងកំពុងពង្រឹង ត្រួតពិនិត្យ ក៏ដូចពង្រឹងគុណភាពឱសថស្ថាន, ឱសថស្ថានរងមានច្បាប់ចំនួន៩៨៤កន្លែង ឲ្យបានល្អផងដែរ ។
លោកស្រី កែវ សុខពិសី បានបន្ដថា៖ អាជ្ញាធររាធានីភ្នំពេញ បានណែនាំ ទៅដល់អ្នកលក់ឱសថអត់ច្បាប់កើតថ្មីចំនួន១១កន្លែងឲ្យទៅសុំច្បាប់ និងគ្រប់គ្រងឱសថបុរាណមានច្បាប់បានចំនួន៩៦កន្លែង ។ ក្រុមការងារបានចុះអប់រំ ណែនាំដល់ម្ចាស់សេវាឲ្យប្តូរស្លាកសញ្ញាពីពេទ្យធ្មេញមកជាបន្ទប់ពិគ្រោះព្យាបាលជំងឺមាត់ធ្មេញវិញ បានចំនួន១៥កន្លែង, ចុះពិនិត្យបន្ទប់ពិគ្រោះព្យាបាលជំងឺ, ពិគ្រោះផ្ទៃពោះបានជាច្រើនកន្លែង ។
សូមបញ្ជាក់ថា៖ ស្ថិតិសេវាសុខាភិបាលឯកជនមាននៅក្នុងរាជធានីភ្នំពេញ បច្ចុប្បន្នមានចំនួន៣៥៣៥ កន្លែងសុទ្ធតែមានច្បាប់អនុញ្ញាត ឲ្យធ្វើអាជីវកម្ម និងបម្រើសេវាជួនវិស័យសុខាភិបាលជួនអតិថិជន ៕ សំរិត