កន្លងមក អង្គការ NASA ទទួលបានជោគជ័យ នៅក្នុងការចុះចតយ៉ានស្រាវជ្រាវនៅលើភពព្រះអង្ការ ដោយពេលនេះ កំពុងតែបញ្ជូនទិន្នន័យ ស្រាវជ្រាវ មកផែនដី ។ ជាមួយគ្នានេះ អង្គការ អវកាសអាមេរិក NASA បានចាប់ដៃគូជាមួយក្រុមហ៊ុន អាមេរិក ចំនួន ៩ផ្សេងគ្នា ដើម្បី បញ្ជូនយានអវកាសនិង អវកាសយានិកឡើងទៅឋានព្រះច័ន្ធជាថ្មី ។
សារព័ត៌មានស៊ិនហួ នៅថ្ងៃទី ៣០ ខែវិច្ឆិកា បានផ្សាយថា ទីភ្នាក់ងារអវកាសអាមេរិក NASA កាលពីពេលថ្មីៗ បានប្រកាសចាប់ដៃគូជាមួយក្រុមហ៊ុនអាមេរិកចំនួន ០៩ ក្នុងការអភិវឌ្ឍយាន រ៉ូបូត ចុះចតនៅឋានព្រះច័ន្ទ សម្រាប់ទសវត្សរ៍ខាងមុខ (ឆ្នាំ២០២៣) ។
NASA នឹងទិញយកចន្លោះទំនេរ នៅលើយាន រ៉ូបូត របស់ក្រុមហ៊ុនឯកជនទាំងនោះ ដើម្បីដឹកនាំសម្ភារនានារបស់ខ្លួនទៅកាន់ផ្ទៃព្រះច័ន្ទ នៅក្នុងបេសកកម្ម ដែលអាចចាប់ផ្តើមលឿនបំផុត គឺនៅឆ្នាំក្រោយ (ឆ្នាំ២០១៩) ។
បើតាមអង្គការ NASA ក្រុមហ៊ុនទាំងនោះ មានសិទ្ធិប្រកួតប្រជែងគ្នាសម្រាប់កិច្ចសន្យាតម្លៃ២.៦ពាន់លានដុល្លារ ។ គម្រោងចាប់ដៃគូនេះ មានឈ្មោះថា Commercial Lunar Payload Services ឬ CLPS ដែលស្ថិតក្នុងគម្រោងបស់ NASA ក្នុងការបញ្ជូនមនុស្សទៅគោចរជុំវិញព្រះច័ន្ទ ដែលចាប់ផ្តើមពីឆ្នាំ ២០២៣ និងនាំយកអវកាសយានិក ទៅលើផ្ទៃព្រះច័ន្ទមិនឲ្យលើសពី២០២៩ ។ អង្គការ NASA បានបញ្ជាក់ទៀតថា បេសកកម្មទាំងអស់នេះ នឹងអាចជួយផ្តល់ព័ត៌មានអំពីប្រព័ន្ធ រ៉ុក្កែត និងយានអវកាស ដែលខ្លួនកំពុងអភិវឌ្ឍន៍ ដើម្បីបញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទ នៅទសវត្សរ៍បន្ទាប់ខាងមុខនេះ ។
គួរជម្រាបថា ក្រុមហ៊ុនទាំង ០៩ ខាងលើរួមមាន Astrobotic, Deep Space Systems, Firefly Aerospace, Intuitive Machines, Lockheed Martin, Mastern Space Systems, Moon Express, Draper និង Orbit Beyond ដែលសុទ្ធតែមានគម្រោងបញ្ជូនយានទៅចុះចតនៅលើផ្ទៃព្រះច័ន្ទ ។ ប្រធានអង្គការ NASA បានលើកឡើងថា ទោះបីជាមិនអាចធានាទាំងស្រុងថា បេសកកម្មរបស់ក្រុមហ៊ុនទាំងនេះនឹងទទួលបានជោគជ័យទាំងអស់ក៏ដោយ ពួកវាសុទ្ធតែមានសារៈសំខាន់ស្មើៗគ្នា ៕ ម៉ែវ សាធី