ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋចោទអភិបាលស្រុកបន្ទាយអំពិល និងក្រុមហ៊ុនឧកញ៉ា លឹម ហេង ប្រើអំណាចរារាំង មិនឲ្យលក់ដី

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ពលរដ្ឋមួយគ្រួសារបានចោទអភិបាលស្រុកបន្ទាយអំពិល និងក្រុមហ៊ុនឧញ៉ា លឹម ហេង ថា បានប្រើអំណាចឃុបឃិតគ្នា មិនឲ្យគាត់លក់ដូរដីរបស់គាត់ នៅចំណុចភូមិជប់គគីខាងលិច ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ ខណៈដែលដីកំពុងតែមានហាងឆេង នោះ ។

លោក អៀង ឡាក់ បានឲ្យដឹងនាថ្ងៃទី ២៩ ខែ វិច្ឆកា ឆ្នាំ២០១៨ថា ដីរបស់គាត់មានទំហំ៦៤ ០០០ ម៉ែត្រការ៉េ បានទិញពីឈ្មោះ ព្រាប សិទ្ធ ក្នុងអំឡុងឆ្នាំ ២០០៨ ដោយមានលិខិតកាន់កាប់ទទួលស្គាល់ពីអាជ្ញាធរស្រុកត្រឹមត្រូវ ។ ក្រោយមកនៅដើមឆ្នាំ២០១៧ ដីរបស់គាត់ត្រូវបានឈ្មោះ ម៉ម ញ៉ង់ ឃុបឃិតជាមួយអាជ្ញាធរ លួចលក់ទៅឲ្យក្រុមហ៊ុនឧកញ៉ា លឹម ហេង អស់ទំហំជាង២ហិកតា ហើយលោកក៏បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរស្រុក-ខេត្ត ឲ្យជួយអន្តរគមន៍ដែរ ។ ប៉ុន្តែរហូតមកដល់ពេលនេះ ខណៈដែលរូបលោកមិនទាន់ទទួលបានយុត្តិធម៌ផង ក៏ស្រាប់តែត្រូវបានលោក ហាំង ម៉េង អភិបាលស្រុកបន្ទាយអំពិល និងលោក ឧកញ៉ា លឹម ហេង ប្រើអំណាចរារាំងមិនឲ្យលក់ដី ដែលនៅសេសសល់នោះទៀត ។

ពាក់ព័ន្ធបញ្ហានេះលោក លេង ខ្លី មេភូមិជប់គគីរខាងលិច បានឲ្យដឹងថា លោកពិតជាបានទទួលបញ្ជាពីលោកអភិបាលស្រុកបន្ទាយអំពិល មិនឲ្យមានការទិញលក់ដីខាងលើមែន។

ចំណែកលោក ហាំង ម៉េង អភិបាលស្រុកបន្ទាយអំពិល និងលោកឧកញ៉ា លឹម ហេង ក្រុមការងារមិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទហៅចូល តែមិនមានអ្នកទទួល។

ដោយឡែក លោក តារា តំណាងក្រុមហ៊ុនលោកឧកញ៉ា លឹម ហេង បានឲ្យដឹងថា រឿងឃាត់លោក អៀង ឡាក់ មិនឲ្យលក់ដីខាងលើនោះមិនមែនខាងក្រុមហ៊ុនជាអ្នកឃាត់ទេ តែជាបញ្ជារបស់លោក ស ថាវី អភិបាលខេត្តចាស់ជាអ្នកឃាត់ ។ ព្រោះដីនោះ ថ្នាក់លើមានគម្រោងធ្វើទំនប់ទឹក ៕ ប៉ែន នួន


ចែករំលែក៖