ព័ត៌មានទាន់ហេតុការណ៍៖

មានទាហានកូរ៉េខាងជើង រត់ចោលជួរម្នាក់ទៀតហើយ ​តែកូរ៉េខាងជើង ធ្វើព្រងើយ ខុសពីមុន

ចែករំលែក៖

ការរត់ចោលជួររបស់កម្លាំងទាហានកូរ៉េខាងជើង គឺជាបញ្ហាធំបំផុតនៅ ក្នុងប្រទេសនេះ​ដោយទាហានជាច្រើនប៉ុនប៉ងរត់ចោលជួរ គឺត្រូវប្រហារជីវិត ។ កាលពីថ្ងៃទី​១៣ខែវិច្ឆិកា ឆ្នាំ​២០១៧ មានទាហានកូរ៉េខាងជើង ម្នាក់រត់ចោលជួរទៅកាន់កូរ៉េខាងត្បូង ដូចជាឈុតឆាកនៅក្នុងរឿងភាពយន្ត ដ៏គួរឲ្យរន្ធត់នឹងស្ញើបស្ញែងយ៉ាងខ្លាំង ។ នៅពេលនោះកូរ៉េខាងជើងមានប្រតិកម្មយ៉ាងខ្លាំង ជុំវិញ ហេតុការខាងលើ ។ ប៉ុន្តែពេលនេះ អ្វីគ្រប់យ៉ាងគឺបានផ្លាស់ប្តូរ ដោយទាហានកូរ៉េខាងជើង មិនបានផ្ទុះអាវុធដាក់ទាហានរត់ចោលជួរ ថែមទាំងមិនមានប្រតិកម្មអ្វីនោះឡើយ។

ទាហានកូរ៉េខាងជើង មួយរូប បាន រត់ចូលទៅកាន់ព្រំដែន កូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី ១ខែធ្នូនេះ​ ។ មកទលពេលនេះ កម្លាំងទាហានកូរ៉េខាងជើង មិនមានការប្រតិកម្មអ្វី ជុំវិញ ការរត់ចោលជួរនោះឡើយ គឺខុសពីអ្វីដែលបានកើតឡើងនាពេលកន្លងមក ។ ទាំងនេះហើយជាសញ្ញាយ៉ាងល្អ នៃទំនាក់ទំនងកូរ៉េទាំងពីរ។
សារព័ត៌មានរ៉យទ័របានផ្សាយថា តាមការប្រកាសរបស់ទីបញ្ចាការ កងទ័ពកូរ៉េខាងត្បូង បានបញ្ចាក់ថា មានទាហានកូរ៉េខាងជើង​ម្នាក់ត្រូវបានគេ​ ប្រទះឃើញរត់ចូលទៅកាន់បន្ទាត់ព្រំដែន កូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី​១ខែធ្នូ។

កម្លំាងទាហានកូរ៉េខាងត្បូង បាន ប្រកាសថា ទាហានកូរ៉េខាងជើង បានឆ្លងកាត់ព្រំដែនប្រទេសទាំងពីរនៅវេលាម៉ោង ៧និង ៥៦នាទី ព្រឹកថ្ងៃទី​១ខែធ្នូ (ម៉ោងក្នុងតំបន់)។ កម្លាំងទាហានកូរ៉េខាងត្បូង នឹងធ្វើការសួរនាំ ពីហេតុផលដែលទាហានខាងលើ បានរត់ទៅកាន់កូរ៉េខាងត្បូង ។ កម្លាំងទាហានកូរ៉េខាងត្បូង បានបញ្ចាក់ថា ទាហានរត់ចោលជួរខាងលើ មិនមានសកម្មភាពពិសេស ណាមួយនោះឡើយ។

ការរត់ចោលជួរ របស់កម្លាំងទាហានកូរ៉េខាងជើង កើតឡើង ក្រោយពេលដែលប្រទេសទាំងពីរ​បានសម្រេចលុបចោល​ទីតាំងត្រួតពិនិត្យតាមព្រំដែន ២០កន្លែង ដោយប្រទេសនិមួយៗ បានសម្រេចលុបចោល ១០ទីតាំងដោយគ្នា ។ ការសម្រេចលុបចោលនោះ មានន័យថា កូរ៉េខាងជើង បានបន្ថូបន្ថយនៅតាមព្រំដែន ដោយមិនតឹងដែងដូចកាលពីមុនឡើយ។ កូរ៉េខាងជើង ក៏មិនមានប្រតិកម្មអ្វីជុំវិញ​ព័ត៌មាន ពីកម្លាំងទាហានរត់ចោលជួរនោះដែរ ៕ ម៉ែវ សាធី


ចែករំលែក៖