ជារឿងដ៏គ្រោះថ្នាក់សម្រាប់អ៊ីស្រាអែលការពារនៅតាមព្រំដែន នៅពេលដែលមានរូងក្រោមដីសម្រាប់បម្រើវិស័យយោធា ត្រូវបានជីកឆ្លងព្រំដែនចូលដល់ទឹកដីអ៊ីស្រាអែល ។ កម្លាំងទាហានអ៊ីស្រាអែល បានប្រកាសឲ្យដឹងនៅថ្ងៃទី៤ ខែធ្នូ ថា បានប្រទះឃើញរូងក្រោមដី សម្រាប់យោធា នៅតាមបណ្តោយព្រំដែន ជាប់ប្រទេសលីបង់ ។ រូងក្រោមដីនោះ ជីកឡើងដោយក្រុមទាហាន ហេបូឡស់។
អ្នកនាំពាក្យកម្លាំងទាហានអ៊ីស្រាអែល លោក Jonathan Conricus បានបញ្ជាក់ថា អ៊ីស្រាអែល បានរកឃើញរូងក្រោមដីខាងលើ ដែលមានទិសដៅ ពីលីបង់ជីកចូលអ៊ីស្រាអែល ស្ថិតនៅព្រំដែនភាគខាងជើង អ៊ីស្រាអែល ។ លោក Jonathan Conricus បញ្ជាក់ថា អ៊ីស្រាអែលមានគម្រោង បំផ្លាញរូងក្រោមដីនោះ នៅក្នុងទឹកដីរបស់ខ្លួន ដោយមិនឆ្លងដែនចូលទៅប្រទេសផ្សេងឡើយ។ កម្លាំងទាហានអ៊ីស្រាអែលនឹងចំណាយពេលជាច្រើនសប្តាហ៍ដើម្បីបំផ្លាញរូងទាំងនោះ។
ប្រភពព័ត៌មានបានឲ្យដឹងថា រូងក្រោមដី បានពង្រីកធំ ដែលជាការគម្រាមកំហែងដល់ប្រទេសអ៊ីស្រាអែល ។ កម្លាំងទាហានអ៊ីស្រាអែល នឹងខិតខំដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួន ។
នៅក្នុងកិច្ចប្រជុំ របស់អង្គការសហប្រជាជាតិ កាលពីខែកញ្ញា កន្លងមក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេតានយ៉ាហូ បានបង្ហញពីទីតាំងចំនួន៣ នៅលីបង់ ដែលលោកសង្ស័យថា ជាកន្លែងបាញ់មីស៊ីលរបស់ក្រុម ហេបូឡស់ ។ ទន្ទឹមនឹងនោះ លោកក៏បានព្រមានថា អ៊ីស្រាអែល នឹងមិននៅស្ងៀមឡើយ ប្រសិនបើមានសកម្មភាពឌឺដងនោះ ។
កម្លំាងទាហានអ៊ីស្រាអែល និងក្រុម ហេបូឡស់ ធ្លាប់មានសង្គ្រាមនឹងគ្នារយៈពេលខ្លី នៅឆ្នាំ២០០៦។ បើទោះបីស្ថានភាពល្អប្រសើរជាងមុន ប៉ុន្តែភាពតានតឹងបានចាប់ផ្តើមកើតឡើង ជាថ្មីនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ៕ ម៉ែវ សាធី