ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងទាក់ដៃចង្កូតគ្នា បណ្ដាលឲ្យ៣នាក់ឪពុក កូន ចៅ របួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារបើកបរខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យម៉ូតូ២គ្រឿងប៉ះដៃចង្កូតគ្នាដួលខ្ទាតចូលក្រោមរថយន្តឡិចស៊ីសមួយគ្រឿង កំពុងបើកច្រាសទិស បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ និងស្រាល២នាក់ ក្នុងនោះមានក្មេងស្រីអាយុទើប១ខួបផងដែរ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DM-2922 ជិះគ្នា៣នាក់ ឪពុក កូន ចៅស្រី មានទាំងកាន់ដែកស្នួលសម្រាប់វាលខោអាវផងដែរ រណេងរណោង ច្រង៉ែងច្រង៉ាង ធ្វើដំណើរ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ដែកស្នួលបានទៅប៉ះទាក់នឹងចង្កូចម៉ូតូមួយគ្រឿងផ្សេងទៀត ធ្វើឲ្យដួលខ្ទាតចូលរថយន្តឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2S-0379 កំពុងបើកច្រាសទិសគ្នា បណ្តាលឲ្យឪពុករងរបួសធ្ងន់ កូននិងចៅស្រីរងរបួសស្រាល ។

ក្រោយកើតហេតុ ត្រូវបានក្រុមសង្រ្គោះរបស់អង្គភាព៧១ ទៅជួយអន្តរាគមន៍សម្រួលធ្វើចលនា ជនរងគ្រោះធូរស្រាលបន្តិច ហើយសុំមិនទៅពេទ្យវិញទេ ដោយទាមទារថ្លៃព្យាបាលរបួសចំនួន៥០ដុល្លារ ចំណែកភាគីខាងរថយន្តក៏មិនតវ៉ាអ្វីដែរ ក៏ព្រមឲ្យលុយ២០ម៉ឺនរៀល តែជនរងគ្រោះបែរជាមិនព្រមយក នៅតែទាមទារលុយ៥០ដុល្លារ ទាល់តែពលរដ្ឋនាំគ្នាស្តីថា ម្នាក់មួយមាត់ “៥០ដុល្លារ និង២០ម៉ឺនរៀល ដូចតែគ្នា” ទើបជនរងគ្រោះសុខចិត្តទទួលយកបញ្ចប់រឿងតែម្តង ៕ ស រស្មី


ចែករំលែក៖