អគ្កមេបញ្ជាការកងទ័ពអ៊ុយក្រែន Ihor Voronchenko បានព្រមានថា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន កំពុងតែ បង្កើនសកម្មភាព ធ្វើសង្គ្រាមរវាងប្រទេសទាំងពីរ ។
តាមសារព័ត៌មាន US news បានផ្សាយថា ក្រុមអ្នកឯកទេសវិភាគបានព្យាករណ៍ពីសង្គ្រាមប្រដាប់អាវុធរវាងរុស្ស៊ី នឹងអ៊ុយក្រេននៅតំបន់សមុទ្រ ខ្មៅ កាន់តែបង្ហាញនៅរូបរាង ហើយ។ ពាក់ព័ន្ធនឹងការវិភាគខាងលើ មេបញ្ជាការកងទ័ពជើងទឹក អ៊ុយក្រែន លោក Ihor Voronchenko បានបញ្ជាក់ថារុស្ស៊ី កំពុងតែជំរុញ បង្កើនការចងគំនុំជាមួយអ៊ុយក្រេន តាមរយៈការបញ្ជាដោយផ្ទាល់ពី លោកពូទីន។
លោក Ihor Voronchenko បានបញ្ជាក់ថា «អំណាចគ្រប់យ៉ាង របស់រុស្ស៊ី គឺស្ថិតនៅលើដៃ លោកពូទីន តែម្នាក់ »។ ភាពតានតឹងរវាងរុស្ស៊ី នឹងអ៊ុយក្រែន កាន់តែខ្លាំងឡើង ក្រោយទីក្រុងមូស្កូ ចាប់នាវាចម្បាំងអ៊ុយក្រែន ៣គ្រឿង និងនាវិក២៤នាក់ ដោយចោទប្រកាន់ថា បានឈ្លានពានទឹកដី ប្រទេសរុស្ស៊ី នៅតំបន់សមុទ្រ Kerch តភ្ជាប់ជាមួយ សមុទ្រខ្មៅ និង Azov ។ សកម្មភាពទាំងនោះ បានជំរុញឲ្យប្រទេសទាំងពីរ ឆ្ពោះទៅរកសង្គ្រាម ។
ភាពតានតឹងរវាងរុស្ស៊ី នឹងអ៊ុយក្រែន បង្កើនកម្តៅ កាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ។ កន្លងមក ថ្មីៗ វិមានគ្រឹមឡាំងបាននិយាយថា ការសម្រេចចិត្តរបស់អ៊ុយក្រែន ក្នុងការមិនបន្តសុពលភាពលើសន្ធិសញ្ញាមិត្តភាពជាមួយរុស្ស៊ី គឺជារឿងគួរឲ្យសោកស្ដាយជាទីបំផុត និងប្រឆាំងនឹងផលប្រយោជន៍របស់ប្រជាជនអ៊ុយក្រែន ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងម៉ូស្គូ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បានលើកឡើងយ៉ាងដូច្នេះថា «យើងបានត្រឹមតែសម្ដែងការសោកស្ដាយប៉ុណ្ណោះ ចំពោះការសម្រេចចិត្តដ៏ឆាប់រហ័សរបស់ថ្នាក់ដឹកនាំអ៊ុយក្រែន ហើយជាការយល់ឃើញរបស់យើង ការសម្រេចចិត្តនេះ គឺការមិនគោរពដល់ប្រជាជន និងផលប្រយោជន៍របស់ខ្លួនឯង»។
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក ផេត្រូ ផរ៉ូហ្សេនកូ (Petro Poroshenko) បានចុះហត្ថលេខាលើច្បាប់មួយ ដើម្បីបញ្ចប់សន្ធិសញ្ញាមិត្តភាពកិច្ចសហប្រតិបតិ្តការ និងភាពជាដៃរវាងអ៊ុយក្រែន នឹងរុស្ស៊ី ដែលបានធ្វើឡើងកាលពីឆ្នាំ១៩៩៧ ។ ភាពតានតឹង រវាងទីក្រុងកៀវ នឹងទីក្រុងម៉ូស្គូ បានផ្ទុះឡើងជាថ្មីក្រោយមានការប៉ះទង្គិចគ្នា និងការរឹបអូសទូកអ៊ុយក្រែនជាច្រើនគ្រឿង ពីសំណាក់រុស្ស៊ីនៅឯច្រកសមុទ្រ Kerch ។ ប៉ុន្តែតាមការពិត ភាពតានតឹងរវាងរុស្ស៊ី នឹងអ៊ុយក្រែន បានកើតឡើងតាំងតែពី ឆ្នាំ២០១៤មកម្ល៉េះ ក្រោយរុស្ស៊ីក្រសោបយកតំបន់ឧបទ្វីបគ្រីមៀពីអ៊ុយក្រែន៕ ម៉ែវ សាធី