ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះមន្ទីរពេទ្យនៅទីក្រុងម៉ុមបៃ ស្លាប់​និងរបួសជាង១០០នាក់

ចែករំលែក៖

មន្ត្រីប្រទេសឥណ្ឌា​បានថ្លែងថា មនុស្សយ៉ាងតិច៦នាក់​បានស្លាប់ និងជាង១០០នាក់ផ្សេងទៀត​រងរបួសធ្ងន់ ស្រាល ដោយសារហេតុការណ៍ភ្លើងឆេះមន្ទីរពេទ្យ​មួយកន្លែង នៅក្នុងទីក្រុងម៉ុមបៃ កាលពីថ្ងៃទី១៧ ខែធ្នូ ។

ភ្លើងបានឆេះ​នៅវេលាម៉ោង៤រសៀល ម៉ោងនៅក្នុងតំបន់ ដោយចាប់់ផ្តើមពីជាន់ទី៤ នៃអគារមន្ទីរពេទ្យ ESIC Kamgar គ្រប់គ្រងដោយរដ្ឋ ភាគខាងជើង Andheri ។

ការិយាល័យគ្រប់គ្រង​គ្រោះមហន្តរាយ​បានចេញសេចក្តីប្រកាសថា មនុស្ស​៦នាក់​បានស្លាប់ និង​ប្រហែល១៥០នាក់ផ្សេងទៀត​ ក្នុងនោះ មានអ្នកជំងឺ, គ្រូពេទ្យ និងគិលានុប្បដ្ឋាកយិកា ផងដែរ​បាននិងកំពុងត្រូវបានគេជួយសង្គ្រោះ ។

អ្នករងរបួសទាំងនេះ​ត្រូវសង្គ្រោះដោយក្រុមសង្គ្រោះបន្ទាន់ ប្រើប្រាស់ជណ្តើរ ពីបន្ទប់​ផ្សេងៗគ្នា ហើយមូលហេតុ គឺស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ។

គេបានសង្កេតឃើញថា អគ្គិភ័យ​បានកើតឡើងញឹកញាប់​នៅក្នុងប្រទេសឥណ្ឌា ដោយសារកត្តាជាច្រើន ក្នុងនោះ​មានកង្វះយកចិត្តពីសំណាក់អ្នកអនុវត្តច្បាប់ផងដែរ ។ កាលឆ្នាំមុន ខែធ្នូ មនុស្ស១៤នាក់​បានស្លាប់ ក្នុងហេតុការណ៍ភ្លើងឆេះភោជនីយដ្ឋានមួយនៅក្នុងទីក្រុងនេះដែរ ។ កាលពីដើមខែធ្នូ ឆ្នាំ២០១៨នេះដែរ កម្មករសំណង់១២នាក់បានស្លាប់ ខណៈកំពុងដេក ហើយត្រូវអគារបាក់រលំសង្កត់ ៕


ចែករំលែក៖