ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិថ្កោលទោស​កូរ៉េខាងជើងរឿងរំលោភសិទ្ធិមនុស្ស និងការចំណាយទៅលើមីស៊ីល

ចែករំលែក៖

កាលពីថ្ងៃទី១៧ ខែធ្នូ សម័យប្រជុំពេញអង្គរបស់អង្គការសហប្រជាជាតិ​បានធ្វើឡើង ហើយជាលទ្ធផល គេបានសម្រេចថ្កោលទោស​ទៅលើរដ្ឋាភិបាលកូរ៉េខាងជើង ថាបានរំលោភបំពានសិទ្ធិមនុស្សជាប្រព័ន្ធ ដ៏រីករាលដាល ព្រមទាំងការចំណាយ​លុយសម្រាប់សុខុសមាលភាពប្រជាពលរដ្ឋ​ទៅផលិតអាវុធកាំជ្រួចមីស៊ីល ។

អង្គប្រជុំ​បានកត់សម្គាល់ថា «ព្រួយបារម្ភ» ទៅលើពលរដ្ឋ​កូរ៉េខាងជើង​ជាង១០លាននាក់ ស្ថិតក្រោមកង្វះអាហារូបត្ថម្ភ ហើយការកង្វះអាហារូបត្ថម្ភនេះស្ថិតនៅក្នុងកម្រិតខ្ពស់ដ៏រ៉ាំរ៉ៃ​មិនអាចទទួលយកបាននោះទេ ។

សេចក្តីព្រាងដំណោះស្រាយ ដែលជប៉ុន និងសហភាពអឺរ៉ុប​ឧបត្ថម្ភនោះ ទទួលការយល់ស្របពីប្រទេស​ទាំងឡាយ ប៉ុន្តែ​រុស្ស៊ី ចិន គុយបា និងវេណេហ្ស៊ុយអេឡា មិនបានគាំទ្រ​នោះទេ ។ ប្រទេសខ្លះទៀត​ប្រឆាំង​​ ទៅនឹងដំណោះស្រាយ​អង្គការសហប្រជាជាតិនេះ ហើយថា ក្រុមប្រឹក្សាសិទ្ធិមនុស្សមូលដ្ឋាននៅហ្ស៊ីណែវ ទើបគួរជាអ្នកដោះស្រាយអំពីបញ្ហាសិទ្ធិមនុស្សនេះ ។

លោក Kim Song អគ្គរដ្ឋទូត​កូរ៉េជាងជើង​ប្រចាំអង្គការសហប្រជាជាតិថ្លែងថា ប្រទេសរបស់លោកសូមប្រឆាំងជាដាច់ខាត​ ដំណោះស្រាយ​ មួយនេះ និងថា ដំណោះស្រាយនេះ គឺជាផ្នែកនយោបាយ និងបង្ខំឲ្យមានអរិភាពកើតឡើងជាមួយកូរ៉េខាងជើង ។

លោក Kim Song បានបន្តថា ជប៉ុន​កំពុង​បង្កឲ្យមានការប្រឈមមុខជាមួយកូរ៉េខាងជើង ដោយរុញស្ថានការឲ្យធ្លាក់ទៅក្នុងលំនាំដើម ដូចដែលកើតឡើងនៅឧបទ្វីបកូរ៉េ ៕


ចែករំលែក៖