ព័ត៌មានទាន់ហេតុការណ៍៖

លោកថាក់ស៊ីន និងលោកស្រីយីងឡាក់ បង្ហាញវត្តមាននៅសិង្ហបុរី

ចែករំលែក៖

លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា និងប្អូនស្រី លោកស្រីយីងឡាក់ បានបង្ហាញវត្តមាន​នៅក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅ​ហាងលក់គុយទាវសាច់គោយីហោ Thaksin Beef Moodle ។

វត្តមាន​នាពេលនេះរបស់អតីត​នាយករដ្ឋមន្ត្រីថៃទាំងពីររូបបងប្អូន បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង មិនតែនៅប្រទេសសិង្ហបុរីប៉ុណ្ណោះទេ ប៉ុន្តែ​អាចនិយាយបានថា ជុំវិញពិភពលោក ។ លោកថាក់ស៊ីន បាននិរទ្ទេសខ្លួនដោយខ្លួនឯងទៅកាន់​ទីក្រុងឌុយបៃ គេចពីការឃុំខ្លួនក្រោមបទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ កាលពី២០០៦ បន្ទាប់ពីកម្លាំងយោធាថៃ ធ្វើរដ្ឋប្រហារ​ ។ លោកថាក់ស៊ីន ជាអតីតនាយករដ្ឋមន្ត្រីថៃពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ ។

ដូចគ្នានេះដែរ លោកស្រីយីងឡាក់ ប្អូនបង្កើតរបស់លោកថាក់ស៊ីន ក៏បានភៀសខ្លួន​ពីប្រទេសថៃ​កាលពីខែសីហា ឆ្នាំ២០១៧ ទៅរស់នៅបរទេស ក្រោយពេល​តុលាការ​កំពូល​ប្រទេសនេះ​បានរកឃើញថា កាលនៅ​ជានាយករដ្ឋមន្ត្រីរដ្ឋាភិបាលស៊ីវិល លោកស្រី​បានធ្វើឲ្យរដ្ឋ​ខាតបង់ទឹកប្រាក់រាប់លាន​បាត ក្នុងគម្រោងទិញស្រូវអង្ករ​ប្រជាកសិករនោះ ហើយបានសម្រេច​ផ្តន្ទាទោសជាប់ពន្ធនាគារ៥ឆ្នាំ ។ រដ្ឋាភិបាល​របស់លោកស្រីយីងឡាក់ ត្រូវបាន​ក្រុមយោធា​ធ្វើរដ្ឋប្រហារ​ផងដែរ បន្ទាប់ពីរលកបាតុកម្ម​អូសបន្លាយអស់ជាច្រើនខែ ។ បច្ចុប្បន្ន លោកស្រីយីងឡាក់ បានសុំសិទ្ធិភៀសខ្លួននយោបាយ​នៅក្នុងប្រទេសអង់គ្លេស ។

សូមបញ្ជាក់ថា បន្ទាប់ពីភៀសខ្លួនពីប្រទេសកំណើត បងប្អូនត្រកូល ស៊ីនណាវ៉ាត្រា តែងតែបង្ហាញវត្តមាន​តាមទីសាធារណៈ ធ្វើឲ្យមានការចាប់អារម្មណ៍ ពីសំណាក់មហាជន ។ ជាក់ស្តែង​កាលពីខែកុម្ភៈ ឆ្នាំ២០១៨ អតីតនាយករដ្ឋមន្ត្រីថៃទាំងពីររូបនេះ​ បានបង្ហាញខ្លួនម្តងនៅប្រទេសសិង្ហបុរី ។ ប្រភពពីសមាជិកគណបក្ស​ភឿថៃ អះអាងថា នៅមុនដំណើរទៅកាន់សិង្ហបុរីនោះ លោកថាក់ស៊ីន និងលោកស្រីយីងឡាក់ បានធ្វើដំណើរទៅកាន់​ប្រទេសចិន, ទៅកាន់ជប៉ុន និងហុងកុង មុនពេលទៅកាន់សិង្ហបុរី ៕


ចែករំលែក៖