រហូតមកដល់ល្ងាចថ្ងៃទី២៣ ខែធ្នូ (ម៉ោងនៅកម្ពុជា) ជនរងគ្រោះបាត់បង់ជីវិតដោយសាររលកយក្សស៊ូណាមិនៅប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់២២២នាក់ ខណៈដែលបាត់ខ្លួន៣០នាក់ និង៧៤៥នាក់រងរបួសធ្ងន់ និងស្រាល ។
អគាររាប់រយខ្នង បានរងការខូចខាត ក្រោយពីការវាយប្រហារពីរលកយក្សស៊ូណាមិនៅតំបន់ឆ្នេរ នៃច្រកសមុទ្រ Sunda ប្រទេសឥណ្ឌូណេស៊ីកាលពីវេលាយប់ថ្ងៃសៅរ៍ ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានឲ្យដឹងថា មូលហេតុមួយដែលអាចបង្កឲ្យមានរលកស៊ូណាមិបែបនេះ អាចមកពីបាតុភូតបំណាក់ដីនៅបាតសមុទ្រ បន្ទាប់ពីភ្នំភ្លើង Anak Krakatoa បានផ្ទុះឡើង។
គួរជម្រាបថា ច្រកសមុទ្រ Sunda ស្ថិតនៅចន្លោះប្រជុំកោះជ្វានិងស៊ូម៉ាត្រា ដែលតភ្ជាប់សមុទ្រជ្វាឥណ្ឌូណេស៊ី ទៅកាន់មហាសមុទ្រឥណ្ឌា។ សម្រាប់តំបន់ដែលរងការវាយលុកពីស៊ូណាមិ ត្រូវគេរាយការណ៍ថា រួមមានតំបន់ Pandeglang, Lampung ខាងត្បូង និង Serang ៕