ភ្នំពេញ៖ លោកហែម បូរិទ្ធ ហៅ ឡាយអិន អតីតពិធីករទូរទស្សន៍ល្បីឈ្មោះមួយនិងជា DJ រួមទាំងបក្ខពួក៣នាក់ ទៀត ត្រូវបានលោកឡុង ជាប ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ សម្រេចនៅថ្ងៃទី២៣ ខែធ្នូ នេះ ចោទប្រកាន់ពីបទជួញដូរគ្រឿងញៀននិងរក្សាទុកអាវុធខុសច្បាប់ ។
ជនល្មើសទាំងអស់ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដេីម្បីចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ។
គួររំលឹកថា មានការបើកប្រតិបត្តិការបង្ក្រាបដ៏ក្តៅគគុកមួយ លើករណីជួញដូរនិងរក្សាទុកគ្រឿងញៀនបានដោយជោគជ័យ ធ្វើឡើងកាលពីវេលាម៉ោង២៖២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែធ្នូ ស្ថិតនៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
កម្លាំងនគរបាលការិយាល័យទី៦នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ ។
អ្វីដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ គឺជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់នេះ គឺលោក ហែម បូរិទ្ធ ហៅឡាយអិន ជា អតីតពិធីករទូរទស្សន៍ល្បីឈ្មោះមួយរូប និងដកហូតបានថ្នាំញៀនជាង១គីឡូក្រាម ។
សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យទាំង៤នាក់
ទី១-ឈ្មោះ ហែម បូរិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ ជាពិធីករទូរទស្សន៍ (ឌីជេឡាយអិន) ស្នាក់នៅផ្ទះលេខ៦៣ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ទី២-ឈ្មោះ វ៉ា ស្រីណា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ទី៣-ឈ្មោះ អ៊ិន សាខន ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់ផ្ទះជួលលេខ៦A ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (មេក្លោង) ។
ទី៤-ឈ្មោះស៊ិន សំភ័ស្ត ភេទប្រុស អាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិ៤ សង្កាត់បឹងស្រឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ឈ្មោះនេះទើបចេញពីពន្ធនាគារ ពាក់ពន្ធករណីជួញដូរគ្រឿងញៀននិងត្រូវជាក្មួយនាយករងមន្ទីរគ្រឿងញៀនម្នាក់ ហើយក៏ជាម្ចាស់អាវុធខ្លី១ដើមនោះផង ។
ប្រភពព័ត៌មានដដែលបន្តថា ជាមួយការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើនេះ សមត្ថកិច្ចដកហូតវត្ថុតាងនៅក្នុងបន្ទប់១០៨ ក្នុងមជ្ឍមណ្ឌលកម្សាន្តរ៉ុក រួមមាន ១-ថ្នាំមេតំហ្វេតាមីន(ICE)ទម្ងន់៣៧៤.៣៩ក្រាម
២-សារធាតុញៀនប្រភេទអុភិចស្តាស៊ីចំនួន១៥៦២គ្រាប់ ស្មើទម្ងន់ និង៦០៩.៣៣ក្រាម (សរុបជាង១គីឡូក្រាម) ៣-អាវុធខ្លី១ដើម (ឡុក) ៤-ជញ្ជីងថ្លឹងគ្រឿងញៀនធំ១គ្រឿង និងតូច២គ្រឿង ៕ ចេស្តា