ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួន​ជនជាតិ​ចិន៣នាក់ថែមទៀត ករណី​មនុស្សឃាតជនជាតិចិនដូចគ្នា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុបានឲ្យដឹងនៅ​រសៀល​ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ ​ថា មុខសញ្ញា​សេសសល់​ចំនួន៣នាក់ ដែល​ពាក់ព័ន្ធ​ក្នុងករណី​មនុស្សឃាត​ដោយ​ចេតនា ត្រូវបាន​ឃាត់ខ្លួន​ហើយ។

ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បាន​បញ្ជាក់ថាកាលពី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅ​ចំណុច​ក្រុមទី០៦ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ករណី​មនុស្សឃាត​ដោ​ចេតនា (មិនបាន​សម្រេច) មួយ​កើតឡើង បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន៤នាក់ ជា​ជន​ជាតិចិន បានធ្វើ​សកម្មភាព​សម្រុកចូល​ក្នុង​រថយន្ត របស់​ជនរងគ្រោះ​ជា​ជន​ជាតិចិន​ដូចគ្នា ក្នុងខណៈ​ពេលដែល​ជនរងគ្រោះ កំពុង​ឡើង​រថយន្ត​ជិះ​ត្រឡប់ទៅផ្ទះ​វិញដោយក្រុមជនសង្ស័យ​ទាំង៤នាក់​នោះ មានកូន​កាំបិត​ស្នៀត ០១ដើម និង​កាំភ្លើងខ្លី០១ដើមព្រួត ​វាយ និង​យក​កាំភ្លើង​ភ្ជង់​គំរាមកំហែង​ជីវិត ជនរងគ្រោះ​នៅក្នុង​រថយន្ត។ ពេលនោះ ក៏ត្រូវ​កម្មករ​របស់​ជនរងគ្រោះ​ឃើញ ហើយ​មានការ​ឆោ​​ឡោ​ឡើង ធ្វើឲ្យជនសង្ស័យ​ទាំង៤នាក់ បាននាំគ្នា​រត់គេចខ្លួន​អស់។ បន្ទាប់ពី​បានទទួល​ដំណឹងនេះភ្លាម កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល ក្រុងព្រះសីហនុ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​សង្កាត់២ បាន​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ចាប់ខ្លួនបាន​ជនសង្ស័យ​ចំនួន​ម្នាក់។

ជនរងគ្រោះ​ឈ្មោះ LIN YONGFEI ភេទ​ប្រុស អាយុ៣៩ឆ្នាំ ជនជាតិ​ចិន មុខរបរ​វិស្វករ មាន​ទីលំនៅ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុបាន​រងរបួស​មាន ស្នាម​ជាំ​នៅ​កញ្ចឹងក។ ចំណែក​ជនសង្ស័យ​ឈ្មោះ ZHANG HONG ភេទ​ប្រុស អាយុ២៩ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខ EE៧២៨៥៨០៧ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ មិន​ពិតប្រាកដត្រូវសមត្ថកិច្ចឃាត់ខ្លួននិងរឹបអូស វត្ថុតាង​មាន​កូនកាំបិត​ស្នៀត ១ដើម ដែលជា​ឧបករណ៍​ប្រព្រឹត្តិ​បទល្មើស ។ ក្រោយឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​ស្រាវជ្រាវ​ចាប់បាន​ជនសង្ស័យ ដែល​សេសសល់​ក្នុងករណី ចំនួន០៣នាក់ បន្ថែមទៀត នៅ​ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ វេលា​ម៉ោង ៥ទៀបភ្លឺ។ ជនសង្ស័យ​ទាំង ០៣នាក់​នេះ មានឈ្មោះ​ដូចតទៅ៖ ១-ឈ្មោះ CHEN BING ភេទ​ប្រុស អាយុ៣៣ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខ EE៧២៨៥៨០៣ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ មិន​ពិតប្រាកដ (សហចារី), ២-ឈ្មោះ ZHAO QINGSONG ភេទ​ប្រុស អាយុ៣៥ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខ ED០៤៣០១២៧ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ (ជនដៃដល់​កាន់​កាំភ្លើង ភ្ជង់​គំរាម​ជនរងគ្រោះ), និង​ទី៣-ឈ្មោះ ZUO GUO XING ភេទ​ប្រុស អាយុ៣៦ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​
លេខ EE៧២៩៩៩៩០ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ មិន​ពិតប្រាកដ (សហចារី)។

វត្ថុតាង​ចាប់​យកបាន​បន្ថែម​មាន៖ កាំភ្លើងខ្លី ១ដើម ម៉ាក RUGER SR9c លេខ​ឈូស​ចោល មាន​បង់០១ និង​គ្រាប់ ០៤គ្រាប់ (ឧបករណ៍​ប្រព្រឹត្តិ​បទល្មើស), កូន​កាំ​បិត​ស្នៀត ០១ដើម និង​ស្រោមដៃ ០១គូ។ ក្នុងករណីនេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់៕ សហការី


ចែករំលែក៖