ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតិអោយសមាគមគ្រឹះស្ថានឧត្តមសិក្សា ដែលដឹកនាំដោយលោក ហេង វ៉ាន់ដា ជួបពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ លោក ហេង វ៉ាន់ដា បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីអំពីសកម្មភាពរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សានាឆ្នាំកន្លងមកដែលពាក់ព័ន្ធទៅនឹងវិស័យអប់រំ វិស័យមនុស្សធម៌ រួមទាំងបញ្ហាសង្គមផងដែរ។ លើសពីនោះទៅទៀត​ លោកក៏បានជម្រាបជូនសម្ដេចតេជោអំពីយុទ្ធសាស្ត្ររបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាផងដែរ។​ តាងនាមឱ្យប្រតិភូទាំងមូល ក្នុងជំជួបពិភាក្សានេះ

ទី១) លោក ហេង វ៉ាន់ដាបានគោរពស្នើសុំសម្ដេចតេជោនាយករដ្ឋមន្រ្តីមេត្តាពិចារណាបង្កើតក្រុមការងារគុណវុឌ្ឍជាតិ ដើម្បីចូលរួមពិនិត្យកែសម្រួលគុណវុឌ្ឍជាតិកម្ពុជា។

ទី២) ស្នើសុំបង្កើតក្រុមការងាររវាងសមាគមគ្រឹះស្ថានឧត្តមសិក្សាជាមួយក្រសួងអប់រំ និង

ទី៣)​ បង្កើតក្រុមការងាររវាងសមាគមគ្រឹះស្ថានឧត្តមសិក្សាជាមួយក្រសួងសុខាភិបាល។

ការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាលើវិស័យអប់រំនៅកម្ពុជា លើវិស័យមនុស្សធម៌ និងលើវិស័យសង្គមផងដែរ។ ពាក់ព័ន្ធជាមួយនឹងសំណើរដែលលោកហេង វ៉ាន់ដា បានលើកឡើង សម្ដេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍សម្រេចថា ៖

ទី១) សម្តេចបានយល់ស្របបង្កើតអោយមានគណៈកម្មការរួមមួយរវាងស្ថាប័នដែលពាក់ព័ន្ធ និងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់

ទី២)​ ប្រគល់ការងារជូន​ ឯកឧត្តម​ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ហង់ ជួនណារ៉ុន​ ជាប្រធានគណៈកម្មការ

ទី៣)​ បង្កើតលេខាធិការដ្ឋានមួយនៅក្រោមចំណុះក្រសួងអប់រំ ដែលនឹងមានគណៈកម្មការមួយចំណុះ។ បន្ទាប់ពីគណៈកម្មាធិការនេះបង្កើតរួចហើយ​ គណៈកម្មការត្រូវពិនិត្យបង្កើតយន្តការ​ និងរៀបចំពិនិត្យឡើងវិញ នូវអនុក្រឹត្យពាក់ព័ន្ធទៅនឹងអនុក្រឹត្យស្ដីពីគុណវុឌ្ឍជាតិដែលជាធម្មនុញ្ញភាពសម្រាប់វិស័យអប់រំ។

នៅក្នុងជំនួបនោះដែរសម្តេចតេជោនាយករដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថា ឆ្នាំកន្លងមកគឺមានសំណើរយ៉ាងច្រើន ពាក់ព័ន្ធទៅនឹងការការអនុគ្រោះពន្ធ។ល។ ប៉ុន្តែជំនួបលើកនេះគឺពុំមានសំណើរច្រើនឡើយ តែផ្ទុយទៅវិញគឺមានតែសំណូមពរដែលទាក់ទងទៅនឹងការបង្កើនគុណភាព ប្រសិទ្ធភាពនៃដំណើរការការងារលើវិស័យអប់រំនេះ៕


ចែករំលែក៖