ទំនាក់ទំនងរវាងចិន នឹងកាណាដាកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពេលដែលកាណាដា ធ្វើតាមសំណើអាមេរិកចាប់ខ្លួនអគ្គនាយកហិរញ្ញវត្ថុ ក្រុមហ៊ុន Huawei ។ នៅពេលនេះដែរ ចិនបានចាប់ខ្លួនពលរដ្ឋកាណាដា ដល់ទៅ១៣នាក់ហើយ ។
រដ្ឋាភិបាលកាណាដាបានប្រកាសឲ្យដឹងថា ពលរដ្ឋរបស់ខ្លួន ដល់ទៅ១៣នាក់ត្រូវបានចាប់ឃុំខ្លួននៅក្នុងប្រទេសចិន បន្ទាប់ពី កាណាដាបានចាប់ខ្លួន អគ្គនាយកហិរញ្ញវត្ថុ និងជាអ្នកស្នងតំណែង ក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou តាមសំណើរបស់អាមេរិក។
សារព័ត៌មានរ៉យទ័របានផ្សាយថា ក្នុងចំណោមពលរដ្ឋកាណាដា១៣នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមាន៨នាក់ត្រូវបានដោះលែងឲ្យមានសេរីភាព វិញ ។ កាណាដា មិនបានបញ្ជាក់ថា ពលរដ្ឋរបស់ខ្លួនដែល រងការចាប់ខ្លួននៅក្នុងប្រទេសចិននោះ ពីបទអ្វីឡើយ។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ៣ខែមករា ការចាប់ខ្លួនពលរដ្ឋកាណាដាតែ៣រូបប៉ុណ្ណោះដែលបានប្រកាសឲ្យដឹងជាសាធារណៈ ។ ភាពតានតឹងរវាងកាណាដា នឹងចិន កាន់តែកើនខ្លាំងឡើង ក្រោយការចាប់ខ្លួនលោកស្រី MENG កាលពីថ្ងៃទី១ ខែធ្នូ ។
បណ្តាប្រទេសលោកខាងលិចបានចាត់តុកថា ការចាប់ខ្លួន ពលរដ្ឋកាណាដា គឺជាការសងសឹករបស់ចិនទៅលើប្រទេសនេះ ដែលបានចាប់ខ្លួនពលរដ្ឋចិន ។
បច្ចុប្បន្ន លោកស្រី Meng Wanzhou ទទួលបានសិទ្ធនៅក្រៅឃុំក្រោយ តម្កល់ប្រាក់ធានាដល់ទៅ១០លានដុល្លារកាណដា ។ លោកស្រីអាចនឹងត្រូវប្រឈមនិងការបញ្ជូនទៅកាន់អាមេរិក ។
ក្នុងចំណោមជនជាតិកាណាដា ១៣នាក់ដែលបានចាប់ខ្លួននោះមាន អតីតមន្ត្រីការបរទេស លោក Michael Korrig អ្នកជំនួញ Michael Spavor និងគ្រូបង្រៀន sarah Mclver …ដែលជាមនុស្សសំខាន់បំផុតក្នុងចំណោម១៣នាក់ ៕