ពេលកន្លងមកថ្មីៗ ប្រធានាធិបតី បានលើកឡើងថា ចិនមិនអាចធានាបានឡើយថាមិនប្រើកម្លាំងបាយ បើសិនជាមានបរទេសណាមួយចង់បំបែកកោះតៃវ៉ាន់ចេញពីចិននោះ។ ការប៉ុនប៉ងឯករាជ្យរបស់តៃវ៉ាននិងធ្វើឲ្យកោះនេះត្រូវខាតបង់តែប៉ុណ្ណោះ ទាំងទ្រព្យសម្បត្តិនិងអាយុជីវិត ។
ប្រធានាធិបតីចិន លោក ស៊ីជីងពីងបានបញ្ជាកម្លាំងទាហាន ត្រៀមលក្ខណៈធ្វើសង្គ្រាម ការពារប្រទេសជាតិ ។ លោកបន្តទៀតថាប្រទេសជាតិកំពុងប្រឈមនៅបញ្ហា ប្រឈមមុខមិនធ្លាប់មានពីមុនមកឡើយ ។
សារព័ត៌មាន south China Morning Post បានផ្សាយថា ការបញ្ជាខាងលើរបស់ប្រធានាធិបតីចិនធ្វើឡើងនៅក្នុងកិច្ចប្រជុំ មន្ត្រីជាន់ខ្ពស់មជ្ឈឹមបក្ស កាលពីថ្ងៃទី៤ខែមករា ត្រូវបានផ្សាយផ្ទាល់តាមបណ្តាញទូរទស្សន៍ជាតិ ។
សារព័ត៌មានខាងលើបានដកស្រងសម្តី ប្រធានាធិបតីចិនបានប្រកាសថា«កម្លាំងទាហាន ត្រូវត្រៀមលក្ខន ជានិច្ច នៅក្នុងការធ្វើសង្គ្រាម ពេលមានហេតុការបន្ទាន់»។ ប្រធានាធិបតីចិនបានស្នើរដល់ កម្លាំងទាហាន ត្រូវតែយល់ឲ្យបានច្បាស់ ពីគោលដៅនៃការអភិវឌ្ឍន៍ និងបញ្ហាសន្តិសុខធំៗរបស់ជាតិ ដែលអាចប្រឈមមុខគ្រប់ពេលវេលា ។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៤ខែមករា ប្រធានាធិបតីចិនបានចុះហត្ថលេខាងលើបទបញ្ជា នៅក្នុងឆ្នាំ២០១៩នេះ ជាឆ្នាំដែលកម្លាំងទាហានចិនត្រូវបង្កើនសម្ថភាពហ្វឹកហាត់ ត្រៀមលក្ខណឲ្យបានខ្ពស់បំផុត ។
បណ្តាញទូរទស្សន៍ជាតិចិន CCTV ផ្សព្វផ្សាយនៅបទបញ្ជារបស់ប្រធានាធិបតីដោយផ្តល់អាទិភាព នៅក្នុងការហ្វឹកហាត់ ត្រៀមលក្ខណធ្វើសង្គ្រាម វាយលុក … បទបញ្ជាទាំងនោះត្រូវបានអនុម័តទៅលើកម្លាំងទាហាន គ្រប់ស្ថានប័ន កងពល ទាំងទាហានជើងទឹកជើងគោកនិងជើងអាកាស ។ កម្លាំងទាហានត្រូវបង្កើនស្មារតីខ្ពស់ និងចេះជួយស្វែងរកដំណោះស្រាយឲ្យទាន់ពេលវេលានៅពេលមានការខុសឆ្គងណាមួយ។
ក្រុមអ្នកឯកទេសយោធាចិនបានលើកឡើងថា សកម្មភាពខាងលើ របស់ប្រធានាធិបតី ស៊ីជីងពីង គឺជាការផ្ញើសារទៅកាន់ មេដឹកនាំកោះតៃវ៉ាន ក៏ដូចជា ការប្រឈមមុខដាក់គ្នាជាមួយអាមេរិក
ពាក់ព័ន្ធនិងបញ្ហាកោះតៃវ៉ាន សារព័ត៌មាន Sputnik បានផ្សាយថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានលើកឡើងថា ទីក្រុងប៉េកាំងពុំអាចសន្យានឹងមិនប្រើប្រាស់កម្លាំងបាយ ដើម្បីទប់ទល់ការលូកលាន់ពីបរទេស ក៏ដូចជាចលនាចង់បំបែករដ្ឋ នៅកោះតៃវ៉ាន់នោះឡើយ។
នាឱកាសខួប ៤០ឆ្នាំ នៃទិវាថ្លែងសារទៅកាន់ជនរួមជាតិចិន ដែលកំពុងរស់នៅកោះតៃវ៉ាន់ លោក ស៊ី បានថ្លែងថា រដ្ឋាភិបាលទីក្រុងប៉េកាំងស្វាគមន៍ជានិច្ច ក្នុងការបង្កើតចន្លោះទំនេរ សម្រាប់ការចូលមករួបរួមគ្នាដោយសន្តិវិធីរវាងទឹកដីទាំងពីរ ប៉ុន្តែនឹងពុំអនុញ្ញាតឲ្យមានទម្រង់នៃចលនាបំបែករដ្ឋណាមួយ កើតឡើងជាដាច់ខាតនៅកោះតៃវ៉ាន់។
ក្រៅពីនេះលោក ស៊ី បានបន្ថែមទៀតថា ដោយសារប្រជាជនដែលរស់នៅចិនដីគោក និងតៃវ៉ាន់ គឺជាគ្រួសារតែមួយ បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងដែលគួរដោះស្រាយតាមរយៈការពិភាក្សា និងពិគ្រោះយោបល់រវាងភាគីទាំងពីរ និងពុំគួរមានការជ្រៀតជ្រែកពីបរទេសឡើយ។ លោកប្រធានាធិបតីចិន ក៏បានប្រកាសផងដែរថា តៃវ៉ាន់នឹងទទួលបានការធានាសន្តិភាពយ៉ាងយូរអង្វែងប្រសិនបើសុខចិត្តមករួបរួមគ្នា ដោយសន្តិវិធីជាមួយប្រទេសចិន។
គួរជម្រាបថា ទំនាក់ទំនងរវាងចិនដីគោក និងកោះតៃវ៉ាន់បានផ្ទុះភាពតានតឹងជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៤៩មក នៅពេលចលនាដែលដឹកនាំដោយគណបក្សជាតិនិយមចិន បានកាន់កាប់ដែនដីកោះនេះ ក្រោយពីពួកគេទទួលបរាជ័យក្នុងសង្រ្គាមស៊ីវិលចិន ហើយបានបង្កើតជាសាធារណរដ្ឋចិននៅតៃវ៉ាន់។
ទីក្រុងប៉េកាំងមិនទទួលស្គាល់តៃវ៉ាន់ជារដ្ឋឯករាជ្យឡើយ ដោយត្រឹមចាត់ទុកកោះនេះថា ជាខេត្តស្វយ័តមួយប៉ុណ្ណោះក្នុងដែនដីចិន ដោយស្របទៅតាមគោលនយោបាយចិនតែមួយ ដែលប្រទេសភាគច្រើនបំផុតនៅក្នុងពិភពលោក រួមទាំងសហរដ្ឋអាមេរិកផងដែរទទួលស្គាល់នោះ។
ក៏ប៉ុន្តែការថ្លែងសារទៅកាន់ជនរួមជាតិចិនទាំងអស់កាលពី ៤០ឆ្នាំមុន បានប្រកាសបិទបញ្ចប់នៃសកម្មភាពផ្លោងគ្រាប់របស់ទីក្រុងប៉េកាំង ទៅលើបណ្តាកោះគ្រប់គ្រងដោយតៃវ៉ាន់ ដែលនៅកៀកនឹងចិន ហើយចាប់ពីពេលនោះទំនាក់ទំនងមិនផ្លូវការរវាងចិននិងតៃវ៉ាន់ក៏បានបន្តឡើងវិញ។ បច្ចុប្បន្ននេះកោះតៃវ៉ាន់មានផ្ទៃដីសរុប ៣៦,១៩៧គីឡូម៉ែត្រក្រឡា ជាមួយប្រទេសជនសរុបជាង ២៣.៥លាននាក់ (៩៥ភាគរយភាពដើមកំណើតជាជនជាតិហាន)។
ជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងប៉េកាំងនាថ្ងៃពុធនេះ បានសម្តែងការតវ៉ាជាខ្លាំងចំពោះសហរដ្ឋអាមេរិក ជុំវិញការចុះហត្ថលេខាលើច្បាប់មួយ ស្តីពីការផ្តល់ទំនុកចិត្តឲ្យអាស៊ី (Asia Reassurance Initiative Act)។
នាដើមសប្តាហ៍ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាឲ្យច្បាប់ខាងលើចូលជាធរមានពេញលេញ ដែលជំរុញឲ្យអាមេរិកបង្កើនសកម្មភាពចូលរួមពាក់ព័ន្ធ នៅក្នុងកិច្ចការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ដូចជាពង្រឹងការគាំទ្រដល់តំបន់នេះ ដោយរួមមានទាំងការលក់សព្វាវុធ ដល់បណ្តាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងនោះក៏មានកោះតៃវ៉ាន់ផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង (Lu Kang) បានលើកឡើងថា ច្បាប់ផ្តល់ទំនុកចិត្តឲ្យអាស៊ីនេះ បំពានលើគោលនយោបាយចិនតែមួយ និងប៉ះពាល់ដល់កិច្ចការផ្ទៃក្នុងរបស់ចិន។ បើតាមលោក Lu ទីក្រុងប៉េកាំងទទូចឲ្យអាមេរិកបញ្ឈប់ការអនុវត្តច្បាប់នេះ ហើយដោះស្រាយបញ្ហាតៃវ៉ាន់ឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការបំផ្លិចបំផ្លាញដល់ទំនាក់ទំនងទ្វេភាគី ព្រមទាំងសុខសន្តិភាព និងស្ថិរភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់។
គួរជម្រាបថា ក្នុងថ្ងៃជាមួយគ្នានេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានកត់សង្កត់ធ្ងន់ថា បញ្ហាតៃវ៉ាន់គឺជារឿងផ្ទៃក្នុងរបស់ចិន ហើយមិនអនុញ្ញាតឲ្យមានការលូកលាន់ពីខាងក្រៅដាច់ខាត។ បន្ថែមពីនេះប្រធានាធិបតីចិនក៏បានអំពាវនាវឲ្យកោះតៃវ៉ាន់ មករួបរួមជាមួយទីក្រុងប៉េកាំង ដើម្បីទទួលបានការធានាសន្តិភាពយូរអង្វែង ខណៈចិនក៏បានព្រមានផងដែរថា ការប្រើប្រាស់កម្លាំងបាយនៅតែអាចកើតមាន ក្នុងករណីមានបរទេសណាមួយចង់បំបែកកោះតៃវ៉ាន់ពីចិនដីគោកនោះ៕ ម៉ែវ សាធី