ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក និងរុស្ស៊ី ដើរតាមគន្លងចិន និងកាណាដា ចាប់ពលរដ្ឋ​គ្នាទៅវិញទៅមក ពីបទចារកិច្ច

ចែករំលែក៖

ទំនាក់រវាងរុស្ស៊ី នឹងអាមេរិក កាន់តែតានតឹងខ្លាំងឡើងនៅក្នុងឆ្នាំ​២០១៩នេះ ​ដោយប្រទេសទាំងពីរ បានចាប់ពលរដ្ឋ គ្នាទៅវិញទៅមក ដោយចោទប្រកាន់ពីបទចារកិច្ច ។ សកម្មភាព ទាំងនោះធ្វើឲ្យគេនឹកឃើញដល់ កាណាដា​នឹង ចិន ដោយកាណាដា​ចាប់ពលរដ្ឋចិន មួយរូប ចិនក៏ចាប់វិញ ១៣រូប ។

ពេលគន្លងមក កាណាដា និងចិន បានប្រឈមមុខតានតឹងដាក់​គ្នា​ដោយសារតែ ការចាប់ពលរដ្ឋ​ចិនមួយរូប គឺអគ្គនាយកហិរញ្ញវត្ថុ របស់ក្រុមហ៊ុន​ Huawei ​តាមសំណើរបស់អាមេរិក ។ ភ្លាមៗនោះរដ្ឋាភិបាល​ចិន ក៏បានចាប់ពលរដ្ឋ​កាណាដា​ ដោយចោទប្រកាន់ពីបទ​ចារកម្ម ។ ចិនចាប់ពលរដ្ឋកាណាដា ដល់ទៅ ​១៣នាក់​។

នៅពេលនេះអាមេរិកនិងរុស្ស៊ី ក៏មានសកម្មភាពដូចគ្នានេះដែរ ក្រោយពេលរុស្ស៊ីបានចាប់ពលរដ្ឋអាមេរិក ហើយតុលាការបានចោទប្រកាន់ជាផ្លូវការ ពីបទចារកម្មទៅលើពលរដ្ឋអាមេរិកផងដែរ ។​ នៅពេលនេះ​អាមេរិក​បានចាប់ជនជាតិ រុស្ស៊ី វិញម្តង ដោយចោទប្រកាន់ពីបទ លក់សម្ភារៈយោធាខុសច្បាប់​។

សារព័ត៌មាន​ Sputnik ​នៅថ្ងៃទី​៥ ខែមករា បានផ្សាយថា​ ក្រុម FBI អាមេរិក បានចាប់ខ្លួនជនជាតិរុស្ស៊ីមា្នក់នៅលើទឹកដីកោះ Guam ដោយចោទថាបាននាំចេញបរិក្ខាយោធា ដោយខុសច្បាប់។

តុលាការអាមេរិកនៃដែនកោះ Northern Mariana បានឱ្យដឹងថា ជនជាប់ចោទឈ្មោះ Dimitrii Makarenko ត្រូវបានចាប់ខ្លួនកាលពី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ប៉ុន្តែព័ត៌មានពីការចាប់ខ្លួនត្រូវបានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញ បន្ទាប់ពីសវនាការស៊ើបសួរមួយពីគ្រប់ ភាគីពាក់ព័ន្ធ។ បន្ថែមពីលើនេះ តុលាការក៏បានបង្គាប់ផងដែរឱ្យជនជាប់រូបនេះបង្ហាញខ្លួនជាថ្មីនៅចំពោះមុខតុលាការថ្នាក់ស្រុកនៅឯ រដ្ឋផ្ល័រីដា។

គួរបញ្ជាក់ថា បើតាមដីកាឃាត់ខ្លួន ជនជាតិរុស្ស៊ីលោក Makarenko ត្រូវបានតុលាការអាមេរិកចោទប្រកាន់ជាផ្លូវការកាលពីខែមិថុនា ឆ្នាំ២០១៧ ពីបទសមគំនិតក្នុងការនាំចេញបរិក្ខាយោធាដោយគ្មានអាជ្ញាប័ណ្ណស្របច្បាប់។ ប៉ុន្តែ គួរឱ្យកត់សម្គាល់ នោះគឺថាការចាប់ខ្លួន ជនជាតិរុស្ស៊ីរូបនេះកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធររុស្ស៊ីបានចាប់ខ្លួនជនជាតិអាមេរិកម្នាក់ឈ្មោះ ផល វេលែន (Paul Whelan) នៅក្នុងទីក្រុងម៉ូស្គូកាលពីថ្ងៃទី២៨ ខែធ្នូគន្លងទៅពីបទចារកម្ម៕ ម៉ែវ សាធី


ចែករំលែក៖