ព័ត៌មានទាន់ហេតុការណ៍៖

តុលាការចិនកាត់ទោសប្រហារជីវិត​ជនជាតិកាណាដា ពីបទជួញដូរគ្រឿងញៀន

ចែករំលែក៖

ទំនាក់ទំនងរវាង ចិន នឹងកាណាដា ដែលកំពុងតែអាក្រក់ ដោយការចាប់ពលរដ្ឋគ្នាទៅវិញទៅមក ពេលនេះ​កាន់តែតានតឹងជាងមុន ដោយសារតែ​ តុលាការចិន បានសម្រេចដាក់ទោសប្រហារជីវិតទៅលើជនជាតិកាណាដាម្នាក់ ។

កាលពីថ្ងៃទី​១៤ ខែមករា នាយករដ្ឋមន្ត្រីកាណាដា លោក​ Justin Trudeau ​បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ចំពោះពលរដ្ឋ កាណាដា ត្រូវតុលាការចិន កាត់ទោសប្រហារជីវិត ពីបទជួញដូរគ្រឿងញៀន។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន នាយករដ្ឋមន្ត្រីកាណាដា​បានបញ្ជាក់ថា«យើងមានក្តីបារម្ភយ៉ាងខ្លាំង ជាមួយនិងសម្ពន្ធមិត្តអន្តរជាតិ ពីសកម្មភាព ដាក់ទោសប្រហារជីវិតរបស់តុលាការចិន ដោយពេលនេះមានជាប់ពាក់ព័ន្ធនឹងពលរដ្ឋកាណាដា ។

កន្លងមក សារព័ត៌មានស៊ីនហួរបានផ្សាយថា តុលាការទីក្រុង Dalian ខេត្ត Liaoningប្រទេសចិន បានកាត់ទោសប្រហារជីវិត ជនជាតិកាណាដាម្នាក់ឈ្មោះ​ Robert Lloyd Schellenberg រងការចោទប្រកាន់​ពីបទជួញដូរគ្រឿងញៀន ។ តុលាការខាងលើបានបញ្ចាក់ថា ទ្រព្យសម្បត្តិផ្ទល់ខ្លួន​របស់លោក​ Schellenberg ​ត្រូវបានដកហូត ។​ ជនល្មើសមានសិទ្ធ តវា ក្នុងរយៈពេល​១០ថ្ងៃ ។

ពលរដ្ឋ​កាណាដា​ ខាងលើ ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសចិន កាលពីឆ្នាំ ២០១៤ ហើយត្រូវបានតុលាការ កាត់ទោស ចាប់ពីឆ្នាំ​២០១៦។​តុលាការនៅទីក្រុង ដាលៀនកាលពីថ្ងៃទី​២០ខែវិច្ឆិកាឆ្នាំ​២០១៧បានកាត់ទោសឲ្យជាប់ពន្ធនាគា​១៥ឆ្នាំ​ ។ ចំណែកនៅក្នុងសវនាការ កាលពីថ្ងៃទី​២៩ខែធ្នូឆ្នាំ ២០១៨ តុលាការបានសម្រេចថា ការដាក់ទោសខាងលើ ស្រាលពេក ហើយតុលាការក៏បានសម្រេច កាត់ទោសប្រហារជីវិត ។

ទំនាក់ទំនងរវាងកាណាដានិង ចិន កាន់តែតានតឹង ក្រោយពេល អគ្គនាយកហិរញ្ញវត្ថុលោកក្រុមហ៊ុន ហួរវាយ ត្រូវបានចាប់ខ្លួនទៅក្នុងប្រទេសកាណាដា តាមសំណើររបស់អាមេរិក ។ ក្រោយមកទីក្រុងប៉េកាំងក៏បានសម្រេចចាប់ខ្លួន ពលរដ្ឋកាណាដា​២រូបពីបទ ចូលរួមសកម្មភាពបង្ករឲ្យមានគ្រោះថ្នាក់​ដល់ សន្តិសុខ​ជាតិចិន ៕


ចែករំលែក៖