សមាគមគ្រូបង្រៀននៅ ទីក្រុង Los Angeles អាមេរិក បានសម្រេច ផ្អាកបង្រៀនដោយនាំគ្នាដង្ហែក្បួនបាតុកម្ម ទាមទារ ដំឡើងប្រាក់ខែ ឲ្យបានខ្ពស់ជាងនេះ។
ការធ្វើបាតុកម្មខាងលើ មានការចូលរួមពី ក្រុមគ្រូបង្រៀនប្រមាណជាង៣០.០០០នាក់ នៅរដ្ឋ Los Angelesសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ មករា បាននាំគ្នាដង្ហែក្បួន លើកបដាទាមទារដំឡើងប្រាក់ខែ ក៏ដូចទាមទារឲ្យមានការដោះស្រាយបញ្ហាមួយចំនួនដទៃផ្សេងទៀត នៅក្នុងថ្នាក់រៀន ។ ក្រុមគ្រូបង្រៀននៅរដ្ឋ Los Angeles ដែលធ្វើបាតុកម្មបែបនេះ មិនធ្លាប់មាននោះទេ រយៈពេល៣ទសវត្សរ៍ចុងក្រោយ ។ ទីនេះគឺជាទីតាំងបណ្តុះបណ្តាលធំលំដាប់ទី២របស់អាមេរិកសម្រាប់វិស័យអប់រំ ។
នេះជាបាតុកម្មរបស់ក្រុមគ្រូបង្រៀនដែលគេដឹងថា កម្រកើតមានណាស់នៅក្នុងប្រវត្តិនៃវិស័យអប់រំរបស់អាមេរិក ។ មន្ត្រីសហជីពបញ្ជាក់ថា សិស្សសាលាប្រមាណ៦៤០.០០០នាក់ បានតែលតោលដោយសារទៅសាលារៀន តែគ្មានគ្រូបង្រៀន ។
មន្ត្រីក្នុងតំបន់បានជួបជាមួយក្រុមបាតុករដែលទាមទារដំឡើងប្រាក់ខែនេះដែរ ប៉ុន្តែលទ្ធផលហាក់ដូចជាមិនទាន់បានកំណត់ច្បាស់លាស់នៅឡើយទេ ។ ក្រុមគ្រូបង្រៀនទាមទារដំឡើងប្រាក់ខែ៦.៥ភាគរយ ប៉ុន្តែគេបានព្រមដោះស្រាយជូនតែ៦ភាគរយ ។
សូមបញ្ជាក់ថា កាលថ្មីៗកន្លងនេះក៏មានក្រុមគ្រូបង្រៀននាំគ្នាបាតុកម្មផងដែរនៅទូទាំងអាមេរិក ដូចជានៅក្នុងរដ្ឋ West Virginia រាលដាលទៅដល់ Kentuchy, Oklahoma និង Arizona ជាដើម ៕