ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់និងរបួស​ជិត១០០នាក់ ដោយការផ្ទុះបំពង់ហ្គាសនៅមិចស៊ីកូ​

ចែករំលែក៖

កាលពីយប់ថ្ងៃទី​១៨ ខែមករា មានហេតុការណ៍ផ្ទុះបំពង់ហ្គាស បណ្តាលឲ្យមនុស្សស្លាប់​២១នាក់ និង​៧១នាក់រងរបួស ដោយសារតែពលរដ្ឋទាំងនោះព្យាយាមទៅបូមយកហ្គាស​ ប្រេងសាំង​ទៅលក់ ។

បណ្តាញទូរទស្សន៍មិចស៊ីកូ ​បានផ្សព្វផ្សាយនៅរូបភាពស្តីពីភ្លើងឆេះ​យ៉ាងខ្លាំង ក្រោយការផ្ទុះ និងសម្លេងស្រែកទ្រហ៊ោយំ អំពាវនាវឲ្យជួយ ពេលសាច់ញាតិរបស់ខ្លួនត្រូវភ្លើងឆាប់ឆេះ ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅក្នុងស្រុក​ Tlahuelilpan ​ជិតរោងចក្រ​ចម្រាញ់ប្រេង​នៅភាគខាងជើង រដ្ឋធានី​មិចស៊ីកូ​ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា បំពង់បង្ហូរហ្គាស​បានបែកធ្លាយ​ហើយផ្ទុះឆេះតែម្តង កាលពីយប់ថ្ងៃទី​១៨ខែមករា សម្លាប់មនុស្សយ៉ាងតិច​២០នាក់​និងរបួស ជាង​៦០នាក់ ។ មូលហេតុបណ្តាលឲ្យស្លាប់ និងរបួសច្រើនបែបនេះដោយសារតែ ក្រុមពលរដ្ឋ បានខិតខំបូមហ្គាសចេញពីបំពង់ដែលបែកនោះចូលទៅកុងទឺន័រ របស់ខ្លួន​។ បំពង់ហ្គាសនោះបានផ្ទុះក្រោយពេល​ក្រុមលួចហ្គាសបានខួងចូលក្នុងបំពង់បូមហ្គាសឡើងរថយន្តស៊ីទែនរបស់ខ្លួន។

តាមរបាយការណ៍ជាបឋម បានប្រកាសឲ្យដឹងថា មានមនុស្ស ២១នាក់ស្លាប់ របួស​៧១នាក់ ហើយអាចនិងមានអ្នកស្លាប់កើនឡើងដោយសារ អ្នករងរបួសធ្ងន់ជាច្រើន ។

រដ្ឋមន្ត្រីក្រសួងសុវត្ថិភាពសាធារណៈ ក៏បានបញ្ជូនក្រុមជំនួយទៅជួយដល់ពលរដ្ឋរងគ្រោះផងដែរ ។

កន្លងមក ប្រធានាធិបតី មិចស៊ីកូ លោក​ Lopez Obrador ​បានអនុវត្តន៍​យុទ្ធសាស្ត្របោសសម្អាតក្រុមលួចថាមពល​ ប្រេង ហ្គាស​នៅក្នុងប្រទេសនេះ ។ រដ្ឋាភិបាល​ប្រទេសនេះ បានវាយតម្លៃថា កាលពីឆ្នាំ​២០១៨ រដ្ឋខាតបង់ដល់ទៅ​៣ពាន់លានដុល្លារ​ដោយការលួចប្រេង​ រាលដាលគ្រប់ទិសទី​នៅក្នុងប្រទេស​ ៕


ចែករំលែក៖