បើទោះបីមានវិវាទ ជាច្រើនកើតឡើងរវាងចិន នឹងហ្វីលីពីន ជុំវិញសមុទ្រចិនភាគខាងត្បូង ប៉ុន្តែទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងយោធាប្រទេសទាំងពីរ មានភាពល្អប្រសើរ ដោយកន្លងមក នាវាចម្បាំងចិន បានទស្សនកិច្ចនៅហ្វីលីពីន ។ ចំណែកហ្វីលីពីនវិញ ក៏បានប្រកាស បញ្ជូននាវា ទៅចូលរួមក្នុងពិធីខួប គម្រប់៧០ឆ្នាំថ្ងៃបង្កើត កម្លាំងទាហានជើងទឹកចិន ។
នៅពេលនេះ ហ្វីលីពីនបានសម្រេច បញ្ជូននាវាចម្បាំង ទៅចូលរួមនៅក្នុងពិធី ដង្ហែក្បួនព្យុហយាត្រាកម្លាំងទាហានជើងទឹក ក្នុងឱកាសខួបគម្រប់ ៧០ឆ្នាំ ថ្ងៃបង្កើតកម្លាំងទាហានជើងទឹកចិន ។
សារព័ត៌មាន South china Morning Post នៅថ្ងៃទី២៣ ខែមករា បានដកស្រង់ប្រភពព័ត៌មានពីកម្លាំងទាហានជើងទឹកហ្វីលីពីន បានឲ្យដឹងថា នេះ ជាលើកទីមួយហើយ ដែលប្រទេសនេះ បានបញ្ជូនកម្លាំងទាហានជើងទឹកទៅចូលរួម ជាមួយចិន ក្នុងពេលដែលភាពតានតឹងជុំវិញវិវាទសមុទ្រចិនភាគខាងត្បូង នៅបន្តតានតឹងដដែល។
សារព័ត៌មានInquirer បានដកស្រង់សម្តីមេបញ្ជាការកងទ័ពជើងទឹកហ្វីលីពីន លោក Robert Empedrad បញ្ជាក់ថា ពីគម្រោង បញ្ជូននាវាចម្បាំង ទៅចូលរួមដង្ហែក្បួនព្យុហយាត្រានាវាចម្បាំង ក្នុងឱកាសខួបគម្រប់៧០ឆ្នាំ ថ្ងៃបង្កើតកម្លាំងទាហានជើងទឹកចិន។ ព្រឹត្តិការណ៍សំខាន់ខាងលើ នឹងធ្វើឡើងនៅ ទីក្រុងឆ្នេរសមុទ្រ Qingdao ភាគខាងកើតខេត្ត Shandong ប្រទេសចិននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ។
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានបំពេញទស្សនកិច្ចឡើងទៅលើនាវាចម្បាំង បំពាក់មីស៊ីលនាំផ្លូវរបស់ចិន ប្រភេទ Wuhu ជានាវាចម្បាំងមួយក្នុងចំណោម ៣របស់ចិន ដែលកំពុងស្ថិតនៅក្នុងកំពង់ផែ ហ្វីលីពីន ។ លោក Delfin Lorenzana បន្តទៀតថា «នាវាចម្បាំងចិនមកកាន់ហ្វីលីពីន ក្នុងនាមជាមិត្ត ដូច្នេះយើងនឹងឆ្លើយតបទៅវិញយ៉ាងល្អដូចគ្នា យើងនឹងបញ្ជូននាវាចម្បាំងទៅចូលរួមនៅក្នុងឆ្នាំនេះ» ។
លោក Delfin Lorenzana បន្តទៀតថា ការបញ្ជូននាវាទៅចូលរួមគឺជាការឆ្លើយតបទៅនឹងមិត្តភាព និងជាផ្នែកមួយនៃការកសាងទំនុកចិត្តនឹងគ្នាផងដែរ។
នាវាចម្បាំងចិន៣គ្រឿងបានចូលទៅកាន់ ប្រទេសហ្វីលីពីនក្រោយពេលដែលបានបំពេញការងារប្រឆាំងក្រុមចោរសមុទ្រ នៅឈូងសមុទ្រ Aden និងតំបន់សមុទ្រ នៅទ្វីបអាហ្វ្រិក ។ នាវាចម្បាំងចិនទស្សនកិច្ចហ្វីលីពីន រយៈពេល៥ថ្ងៃ ហើយពេលនេះបានចាកចេញពីហ្វីលីពីនហើយ ៕