ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋរុស្ស៊ី រាប់ម៉ឺននាក់ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព

ចែករំលែក៖

ជាថ្មីម្តងទៀត រុស្ស៊ីរងការគំរាមកំហែងវាយប្រហារគ្រាប់បែកជាទ្រង់ទ្រាយធំបំផុត បង្ខំឲ្យកម្លាំងសន្តិសុខ ត្រូវជម្លៀសសិស្សសាលាដល់ទៅ​៣៣កន្លែង និង ពលរដ្ឋនៅតាមមជ្ឈមណ្ឌលផ្សារទំនើប​៨កន្លែង ទៅកាន់តំបន់មានសុវត្ថិភាព​​ ។

មន្ត្រីសន្តិសុខនៅទីក្រុង​ Vladivostok របស់រុស្ស៊ីបានឲ្យដឹងថា សាលារៀន​៣៣កន្លែងរួមជា​មួយ​មជ្ឈមណ្ឌលពាណិជ្ជកម្មធំ​ៗចំនួន​៨កន្លែងត្រូវបានជម្លៀសមនុស្សទៅកាន់តំបន់មានសុវត្ថិភាព​ ក្រោយរងការគំរាមកំហែងវាយប្រហារគ្រាប់បែកនៅទីតាំងខាងលើ ។

មនុស្សរាប់ពាន់នាក់ ដែលមានវត្តមាននៅក្នុងសាលារៀនទាំង​៣៣ខ្នង និងមជ្ឈមណ្ឌលពាណិជ្ជកម្ម​៨កន្លែង ក្នុងទីក្រុង Vladivostok ស្ថិតនៅភាគខាងកើត​រុស្ស៊ី ត្រូវបានជម្លៀសចេញ​ទាំងព្រឹកថ្ងៃទី​២៣ខែមករា ។

មន្ត្រីក្នុងតំបន់បានប្រកាសឲ្យដឹងថា​ ទទួលបានការគំរាមកំហែង ពីមនុស្សមិនស្គល់អត្តសញ្ញាណជាច្រើន​ពីគម្រោងវាយប្រហារគ្រាប់បែកខាងលើ ។ កម្លាំងសន្តិសុខ រាប់ពាន់នាក់ កម្លាំងពន្លិតអគ្គិភ័យ​រួមទាំង បានបញ្ជូនទៅកាន់តំបន់ ដែលជាគោលដៅខាងលើដើម្បីរៀបចំសណ្តាប់ធ្នាប់ ការពារសន្តិសុខ ។

ប្រភពព័ត៌មានបានឲ្យដឹងថា​ លិខិតគំរាមកំហែង​ខាងលើបានផ្ញើរចេញពីកោះ​ Sicily ​ប្រទេសអ៊ុយក្រែន​ និងតួកគី ។ ក្រុមសន្តិសុខរុស្ស៊ីកំពុងតែស្រាវជ្រាវស្វែងរក អ្នកដែលផ្ញើលិខិតគំរាមកំហែងខាងលើ ។

កម្លាំងសន្តិសុខ នៅទីក្រុង Vladivostok បានប្រកាសអំពាវនាវដល់ពលរដ្ឋ​កាត់បន្ថយ ការប្រមូលផ្តុំគ្នា រហូតដល់សន្តិសុខល្អប្រសើរឡើងវិញ ។ នេះមិនមែនជាលើកទីមួយឡើយ ដេល រងការគំរាមវាយប្រហារគ្រាប់បែកនៅទីតាំងសំខាន់ ក្នុងប្រទេសរុស្ស៊ី​ ៕


ចែករំលែក៖