ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋកូរ៉េខាងជើងមានសង្ឃឹមឡើងវិញហើយក្រោយអង្គការសហប្រជាជាតិបានលើកលែងទណ្ឌកម្មដល់ក្រុមផ្តល់ជំនួយ

ចែករំលែក៖

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថាអង្គការសហប្រជាជាតិបាន បានសម្រេចលើកលែងទណ្ឌកម្មដល់ អង្គការចំនួន៤ ដែលបានផ្តល់ជំនួយមនុស្ស ធម៌ដល់កូរ៉េខាងជើង ។

តាមការផ្សាយនៅលើគេហទំព័ររបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី២៣ ខែមករាបានបញ្ជាក់ថា គណៈកម្មការដាក់ទណ្ឌកម្មបានសម្រេចលើកលែងទណ្ឌកម្ម ដល់អង្គការចំនួន៤ផ្សេងគ្នាក្នុងនោះមាន មូលនិធិកុមារអន្តរជាតិ UNICEF មូលនិធិ Eugene Bell សមាគម “មិត្តភក្តិគ្រីស្ទាន កូរ៉េ” និងអង្គការក្រៅរដ្ឋាភិបាល First Steps Health society របស់ប្រទេសកាណាដា។

អង្គការទាំង៤ខាងលើទទួលបានការ អនុញ្ញាតឲ្យបញ្ជូនសម្ភារមនុស្សធម៌ទៅ កាន់កូរ៉េខាងជើង ក្នុងនោះមានបរិក្ខារពេទ្យ សម្រាប់ព្យាបាលប្រជាពលរដ្ឋជាដើម។ សម្ភារបរិក្ខារ ដែលបញ្ជូនទៅកូរ៉េខាងជើង របស់ UNICEF រួមមានកំព្យួរទ័រ ទូរទស្សន៍ និងរថយន្តជួយសង្គ្រោះ ៩គ្រឿងមានតម្លៃ ជាង៥២០ពាន់ដុល្លារអាមេរិក ។

ក្រៅពីនេះ អង្គការសហប្រជាជាតិក៏បានលើកលែងទណ្ឌកម្មដល់ដល់បណ្តាអង្គការសមាគមមនុស្សធម៌មួយចំនួនទៀត ដើម្បីអាចបន្តផ្តល់ជំនួយដល់កូរ៉េខាងជើងបានទាន់ពេលវេលា ។

សកម្មភាពខាងលើកើតឡើងក្រោយ ពេលដែល អាមេរិក និងកូរ៉េខាងជើងបានសម្រេចជួបប្រជុំគ្នា ជាលើកទីពីរដើម្បីដោះស្រាយវិវាទនឹងបញ្ចប់កម្មវិធីបរមាណូ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន បង្ហាញពីសុទិដ្ឋិនិយមនៅក្នុងជំនួបនាចុងខែកុម្ភៈជាមួយមេដឹកនាំគីមជុងអ៊ុន។

ពាក់ព័ន្ធនឹងជំនួបរវាងលោកត្រាំនឹងលោកគីម ជុងអ៊ុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថាទីតាំងសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលជាលើកទី២ ជាមួយប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានជ្រើសរើសរួច រាល់ហើយវានឹងត្រូវប្រកាសឲ្យដឹងនា ពេលឆាប់ៗខាងមុខ។ ទីតាំងចំនួន៣ដែលបានស្នើសុំធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលនេះមានដូចជា កោះហាវ៉ៃ ទីក្រុងបាងកក ប្រទេសថៃនិងទីក្រុងហាណូយរបស់ប្រទេសវៀតណាម ។

ប៉ុន្តែជុំវិញការជ្រើសរើសទីតាំងនេះដែរ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយអង់ គ្លេសលោក Tom Fowdy យល់ថាទីក្រុង ហាណូយគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលត្រាំ-គីម ជាលើក ទី២ ខណៈសារព័ត៌មាន Bloomberg ក៏បានរាយការណ៍ដែរថា កិច្ចប្រជុំកំពូលនេះទំនងជាអាចនឹងត្រូវធ្វើឡើនៅលើទឹកដីប្រទេសអាស៊ានមួយនេះ។ លោក Fowdy បានឱ្យដឹងទៀតថាទីក្រុងហាណូយគឺជា ជម្រើសល្អ ដ្បិតវៀតណាមជាប្រទេសកុម្មុយនីស្ដដូចកូរ៉េខាងជើង តែក៏មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកដែរ។ ពោលគឺបើ គេចាំមិនភ្លេចទេនៅអំឡុងសម័យសង្រ្គាមវៀតណាម អតីតមេដឹកនាំកូរ៉េខាងជើង លោក គីម អុីលស៊ុង ធ្លាប់បានផ្ដល់ជំនួយហិរញ្ញវត្ថុឱ្យទៅក្រុងហូជីមិញដើម្បីបង្រួបបង្រួមប្រទេសជាតិ ។

លើសពីនេះទៅទៀត បើទោះជាវៀតណាមធ្លាប់ជាសត្រូវជាមួយទីក្រុងវ៉ាស៊ីនតោនក៏ដោយតែក្រោយដំណើរទស្សនកិច្ចរបស់អតីត ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១៦ វាបានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើងហើយភាពប្រសើរនេះទៀតសោតត្រូវបានគេមើលឃើញថាកើតមានដោយសារតែទីក្រុងហាណូយចង់បាន សហរដ្ឋអាមេរិកជាបង្អែកដើម្បីប្រឈម មុខជាមួយចិននៅឯតំបន់សមុទ្រចិនខាងត្បូង ។

គួរជម្រាបថា ជំនួបជាលើកទី២រវាង លោក ដូណាល់ ត្រាំ នឹងលោក គីម ជុងអ៊ុន ត្រូវធ្វើឡើងនៅក្នុងប្រទេស វៀតណាមលេចឮ ឡើងជាលើកដំបូងក្រោយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក រី យ៉ុង ហូ បានបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ កាលពីខែធ្នូ ឆ្នាំ២០១៨ ហើយថែមទាំងបាននិយាយថាវៀតណាមគឺជាគំរូដ៏ល្អរបស់កូរ៉េខាងជើងដោយសារតែប្រទេសមួយនេះតូចមែនពិតតែអាច ហែលឆ្លងកាត់ជម្លោះជាមួយសហរដ្ឋអាមេរិកបាន។

នៅពេលដែលកិច្ចពិភាក្សាលើកទីពីរបានកំណត់ ទីតាំងនិងពេលវេលារួចហើយដោយមិនទាន់ប្រកាសឲ្យដឹងជាសាធារណៈ នៅឡើយនោះ ពេលនេះស្រាប់តែមានព័ត៌មានផ្សព្វផ្សាយអាចធ្វើឲ្យប្រទេសទាំងពីរ ប្រឈមមុខដាក់គ្នាជាថ្មី។កន្លងមកសារព័ត៌មានបានផ្សាយថា បច្ចុប្បន្នមានមូលដ្ឋាន មួយក្នុងចំណោមមូលដ្ឋានមីស៊ីលបាលីស្ទីកទាំង២០ ដែលកំពុងធ្វើប្រតិបត្តិការដោយលួចលាក់នៅក្នុងប្រទេសកូរ៉េខាងជើងត្រូវបានប្រើប្រាស់ជាទីស្នាក់ការមីស៊ីល។ នេះ បើតាមរបាយការណ៍របស់ CSIS ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។

នៅក្នុងរបាយការណ៍របស់ខ្លួនចេញ ផ្សាយនៅថ្ងៃចន្ទ សប្ដាហ៍នេះមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រនិងការសិក្សាអន្តរជាតិ (CSIS) បានឱ្យដឹងថាមូលដ្ឋានមីស៊ីលខាងលើមានឈ្មោះថា Sino-ri ជាទីដែលមីស៊ីល Nodong ត្រូវបានដាក់ពង្រាយ ហើយវាក៏ត្រូវបានគេចាត់ទុកផងដែរថាជាទីតាំងដ៏សំខាន់ក្នុងការអភិឌ្ឍមីស៊ីលបាលិស្ទីគ របស់កូរ៉េខាងជើង។ បន្ថែមពីលើនេះ CSIS ក៏បានបញ្ជាក់ដែរថាមូលដ្ឋានមីស៊ីល Sino-ri មិនដែលក្លាយជាកម្មវត្ថុនៃកិច្ចចរចាលុបបំបាត់អាវុធនុយក្លេអ៊ែររវាងលោក ដូណាល់ ត្រាំ នឹងលោក គីម ជុងអ៊ុននោះទេ។

គួរបញ្ជាក់ថា មានទីតាំងស្ថិតនៅ ចម្ងាយ ២១២គីឡូម៉ែត្រ ពីភាគខាងជើង តំបន់ព្រំដែនគ្មានយោធា Sino-ri មាន ផ្ទៃ១៨គីឡូម៉ែត្រក្រឡា និងជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍមីស៊ីល បាលីស្ទីករបស់កូរ៉េខាងជើងដែលមាន សមត្ថភាពបាញ់ដល់កូរ៉េខាងត្បូង ជប៉ុន និងកោះ Guam របស់សហរដ្ឋអាមេរិកស្ថិតនៅតំបន់ប៉ាស៊ីហ្វិកខាងលិច ៕ សាធី


ចែករំលែក៖