ព័ត៌មានទាន់ហេតុការណ៍៖

ទឹកជំនន់ទន្លេមេគង្គនៅតែឡើងជន់លិចខ្យូសផ្ទះទឹករមណីយដ្ឋានទឹកជួរកាំពី

ចែករំលែក៖

ខេត្តក្រចេះ ៖ ខ្យូសផ្ទះទឹក នៅតំបន់រមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី ស្ថិត នៅក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ប្រមាណជាង៥០០ខ្យូសសម្រាប់ទទួលភ្ញៀវទេសចរក្នុងរដូវប្រាំងធ្លាក់ខ្យល់នេះ ត្រូវ បានទឹកជំនន់ជន់លិចយ៉ាងគំហុកកាល ពីព្រឹកថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ។ ទឹកជន់លិចនេះត្រូវ បានពលរដ្ឋរស់នៅតំបន់នោះនិយាយថា វាជាបាតុ ភូតមួយដ៏ចម្លែកដែលពុំធ្លាប់ កើតមាននោះទេនាពេលកន្លងមក ខណៈ ដែលរដូវប្រាំងនេះជារដូវទឹកសម្រកប៉ុន្ត​ែ​បែរ​ជាមានបាតុ​ភូតទឹកឡើងជន់លិច​ទៅ​វិញ ។

ការហក់ឡើងនៃរបបទឹកទន្លេមេគង្គ ខុសរដូវពេលនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅតាមបណ្តោយដង ទន្លេមេគង្គ ចាត់ទុកថា ជាបម្រែបម្រួល អាកាសធាតុដែលពុំធ្លាប់ជួបប្រទះកន្លងមក។ ដោយហេតុថារដូវប្រាំងជារដូវទឹកស្រកចុះ ប៉ុន្តែឆ្នាំនេះរដូវប្រាំងបរែជាមាន ទឹកជំនន់ទៅវិញ។

ប្រធានមន្ទីរធនធាតុទឹកនិងឧតុនិយមខេត្តក្រចេះ លោក ហេង រត្នម៉ូនីដា បាន បញ្ជាក់ឱ្យថា ការជន់ឡើងទឹកជំនន់ខុសរ ដូវនេះមិនមែនជាបាតុភូតធម្មជាតិនោះទេ ដោយការជន់ឡើងរបស់ទឹកទន្លេមេគង្គ ខាងលើគឺបណ្តាលមកពីការបើកផ្លូវទឹក ពីទំនប់វារីអគ្គីសនីនៅប៉ែកខាងលើនៃដងទន្លេមេគង្គ ទើបធ្វើឱ្យទឹកហូរជន់យ៉ាង គំហុកតាមទន្លេប៉ែកខាងក្រោម។ ស្ថាន ភាពជន់ឡើងនេះត្រូវបានលោកប្រធាន មន្ទីរបញ្ជាក់បន្តថា នៅតែបន្តហក់ឡើង ទៀតដោយមិនទាន់ថមថយនោះឡើេយ។

បន្ទាប់ពីស្ថានភាពទឹកជំនន់នៅ តែបន្តជន់ឡើងជាបន្តបន្ទាប់ក្នុងអំឡុងរយៈពេល២ថ្ងៃជាប់ៗគ្នានេះពលរដ្ឋដែលមានរបរ លក់បាយទឹក នំចំពីត្រីសាច់ និងជួលរោងខ្យូសសម្រាប់ភ្ញៀវមកទស្សនាក្នុងរមណីយដ្ឋានកាំពីបាននាំគ្នារុះរើរោងខ្យូសផ្ទះទឹក និងជម្លៀសសម្ភារដែលដាក់លក់ក្នុង រមណីយដ្ឋានឡើងមកលើគោកវិញដើម្បីគេចពីទឹកទន្លេលិចលង់ និងខូចខាត ។

ពលរដ្ឋឲ្យដឹងថារហូតមកទល់ព្រឹកថ្ងៃទី២៣ មករានេះស្ថានភាពទឹកនៅតែ បន្តជន់ឡើង តែមិនគំហុកដូចកាលពីពីរថ្ងៃមុននោះទេដោយគ្រាន់តែមានរោងខ្យូស ផ្ទះទឹក និងស្ពានសម្រាប់ភ្ញៀវដើរឆ្លងទៅ មកគឺត្រូវរងការជន់លិចមិនអាចដំណើរ ការបានឡើយ។

ពួកគាត់និយាយថា ភ្ញៀវទេសចរមិន បានមកលេងកម្សាន្តក្នុងរមណីយដ្ឋាន ទេ ក្នុងអំឡុងរយៈពេល២ថ្ងៃដែលមាន ស្ថានភាពទឹកជន់ ក៏ព្រោះតែភ្ញៀវខ្លាចពី សុខសុវត្ថិភាពគ្រួសារ ។

ស្របជាមួយគ្នានេះប្រជាពលរដ្ឋដែល រស់នៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខ្ទង់រយគ្រួសារ ដែលរាល់ឆ្នាំរដូវនេះរក បានប្រាក់ចំណូលពីតំបន់ទេសចរណ៍ទឹកជួរកាំពីមានក្ដីបារម្ភយ៉ាងខ្លាំងចំពោះការ បាត់បង់ចំណូលរបស់ពួកគាត់សម្រាប់ឆ្នាំនេះ ដោយសារតែពេលនេះរមណីយដ្ឋានបានជួបបាតុភាពចម្លែក។ ពួកគាត់អំពាវនាវនិងសំណូមពរដល់មន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធជួយផ្តល់សេចក្តីជូនដំណឹង ដល់ពួកគាត់ឱ្យបានច្បាស់លាស់ ទាំងមុន និងក្រោយបាតុភាពទឹក ជំនន់ទឹកទន្លេ​កើតមានឡើង ដើម្បីឱ្យពួកគាត់មានការ ប្រុងប្រយ័ត្ន និងត្រៀម លក្ខណៈទុកជា មុន ៕ ហេង សូរិយា


ចែករំលែក៖