ចាប់តាំងពីលោកត្រាំ ប្រកាសជំនួបលើកទីពីរជាមួយមេដឹកនាំ គីម ជុងអ៊ុន ក៏ដូចជាគណប្រតិភូប្រទេសទាំងពីរបានពិភាក្សាគ្នា យ៉ាងលម្អិត ពីជំនួបនាពេលខាងមុខ នៅពេលនេះលោក ត្រាំ បានផ្ញើលិខិត តបទៅនឹងលោក គីម ជុងអ៊ុន ដែលបានផ្ញើលិខិតទៅឲ្យរូបលោកនាពេលកន្លងមក ។
ទាំងនោះ ជាសញ្ញាវិជ្ជមានមួយសម្រាប់ជំនួបលើកទីពីរ ដែលត្រូវធ្វើឡើងនៅចុងខែកុម្ភៈ ខាងមុខ ។ សារព័ត៌មាន CNN បានផ្សាយថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានផ្ញើលិខិតមួយច្បាប់តបទៅកាន់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅមុនកិច្ចប្រជុំកំពូលជាលើកទីពីររវាងមេដឹកនាំទាំងពីរ។
ការបញ្ជាក់ខាងលើធ្វើឡើងដោយអ្នកនាំពាក្យសេតវិមាន គឺលោកស្រី Sarah Sanders ដែលបាននិយាយយ៉ាងខ្លីដូច្នេះថា «លោកប្រធានាធិបតី (លោក ត្រាំ) បានឆ្លើយតបចំពោះលិខិតរបស់ លោក គីម ជុងអ៊ុន»។ លោក Kim Yong Chol ដែលជាប្រធានក្រុមអ្នកចរចាបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង បានមកបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ិនតោនកាលពីសប្តាហ៍មុន និងបានចូលជួបពិភាក្សាជាមួយ លោក ត្រាំ រយៈពេល៩០នាទី នៅឯសេតវិមាន។
លោក Kim Yong Chol បាននាំយកមកជាមួយនូវលិខិតរបស់ លោក គីម ជុងអ៊ុន ដែលផ្ញើជូនលោក ដូណាល់ ត្រាំ។ ជាលទ្ធផលនៅក្រោយជំនួបនេះ សេតវិមានបានប្រកាសថា កិច្ចប្រជុំកំពូលជាលើកទីពីរវាង លោក ត្រាំ និង លោក គីម ជុងអ៊ុន នឹងប្រព្រឹត្តទៅនៅចុងខែកុម្ភៈ។
គួរជម្រាបថា បន្ទាប់ពីទទួលបានលិខិតពីលោក Kim Yong Chol លោក គីម ជុងអ៊ុន បានកោតសរសើរវាថាជាលិខិតដ៏ល្អមួយ និងបានសម្តែងការពេញចិត្តជាខ្លាំង នៅមុនជំនួបកំពូលលើកទីពីរជាមួយលោកប្រធានាធិបតីអាមេរិក។ បើតាមសេចក្តីរាយការណ៍ព័ត៌មាននាពេលកន្លងទៅនេះ កិច្ចប្រជុំកំពូលត្រាំ-គីមលើកទីពីរ ទំនងជានឹងធ្វើឡើងនៅប្រទេសវៀតណាម៕