ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម​ភេរវកម្ម​ IS ​ជាអ្នកវាយប្រហារគ្រាប់បែកអត្តឃាតនៅហ្វីលីពីន

ចែករំលែក៖

ក្រោយការវាយប្រហារ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួស ជាង​១០០មក ក្រុមភេរវកម្ម IS ​បានចេញមុខប្រកាសថា​ជាស្នាដៃរបស់ក្រុមខ្លួន ក្នុងការវាយប្រហារគ្រាប់បែកអត្តឃាត​ ។ ក្រុមភេរវកម្ម​ IS ​បានប្រកាសថា សមាជិករបស់ខ្លួន​២នាក់ បានបើកការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងព្រះវិហារ ស្ថិតនៅតំបន់​ Sulu ​ប្រទេសហ្វីលីពីន កាលពីថ្ងៃទី​២៧ ខែមករា កន្លងមក​សម្លាប់មនុស្ស ២៥នាក់ និង ១១១នាក់រងរបួស ។

ការវាយប្រហារខាងលើកើតឡើង នៅក្នុងតំបន់​ដែលមានក្រុមអិស្លាមជ្រុលនិយម ភាគច្រើនបានលាក់ខ្លួន ​ស្ថិតនៅភាគខាងត្បូង ។ ហ្វីលីពីនជាប្រទេសដែល មានអ្នកកាន់សាសនា កាតូលិកភាគច្រើន ទាំងនោះហើយ បានក្លាយទៅជាគោលដៅ វាយប្រហាររបស់ក្រុមភេរវកម្មអិស្លាមជ្រុលនិយម ។

កន្លងមកថ្មីៗតំបន់ដែលរងការវាយប្រហារទើបតែបោះឆ្នោត ដោយមានសំឡេងគាំទ្រដល់ទៅ​៨៥ភាគរយ ទៅលើច្បាប់​ Bangsamoro ជាការបើកផ្លូវសម្រាប់ បង្កើតតំបន់ស្វយ័តនៅឆ្នាំ​២០២២ ។

ក្រោយការវាយប្រហារ​ អ្នកនាំពាក្យរដ្ឋាភិបាល ហ្វីលីពីន​លោក​ Salvador Panelo ​បានលើកឡើងថា​សកម្មភាពវាយប្រហារ ភេរវកម្មខាងលើ គឺជារឿងមិនអាចទទួលយកបាននោះឡើយ ហើយរដ្ឋាភិបាល នឹងស្វែករកចាប់ខ្លួនដាក់ទោស​អ្នកនៅពីក្រោយ ការវាយប្រហារ ។

ជាមួយគ្នានេះដែរ សម្តេចសង្ឃកាតូលិក ។ Pope Francis កាលពីថ្ងៃអាទិត្យបានថ្កោលទោស ការវាយប្រហារគ្រាប់បែក២គ្រាប់ សម្លាប់មនុស្សយ៉ាងតិច២៥នាក់ អំឡុងពេលដែលមាន ប្រារព្ធពិធីក្នុងព្រះវិហារកាតូលិកមួយ នៅប្រទេសហ្វីលីពីន ខណៈចាត់ទុកថា ជាអំពើវាយប្រហារភេរវកម្ម និងបានបួងសួងថា ព្រះជាម្ចាស់ នឹងកែប្រែចិត្តពួកជនវាយប្រហារទាំងនោះមករកផ្លូវត្រឹមត្រូវវិញ។

ការវាយប្រហារគ្រាប់បែកនេះ រងរបួសមនុស្សជាង១០០នាក់ ជាការវាយប្រហារសម្លាប់ រង្គាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នៅក្នុងតំបន់ដែលជោគជាំដោយអំពើអស្ថិរភាព ។

សម្តេចសង្ឃ Francis មានព្រះរាជបន្ទូលថា “ថ្កោលទោសយ៉ាងដាច់ខាត ចំពោះទង្វើហិង្សានេះ ដែលបណ្តាលឱ្យរងទុក្ខវេទនាកាន់តែច្រើនឡើងនៅក្នុងសហគមន៍គ្រីស្ទាន ។ ខ្ញុំសូមអធិស្ឋានសម្រាប់អ្នកស្លាប់ និងអ្នករងរបួស ។ សូមព្រះអម្ចាស់ជាមេនៃសន្តិភាព មេត្តាប្តូរចិត្តមនុស្សឃោរឃៅទាំងនោះ កុំឲ្យប្រព្រឹត្តអំពើយង់ឃ្នងបន្តទៀត» ៕


ចែករំលែក៖