ប៉ោយប៉ែត៖ បុរសម្នាក់ស្លាប់ ក្រោយពេលបញ្ជូន ទៅកាន់មន្ទីរពេទ្យ បង្អែកស្រុកថ្មពួក បន្ទាប់ពីខ្សែភ្លើងឆក់ ខណៈលើកបង្គោលឫស្សី ទាក់នឹងខ្សែភ្លើង ។
ករណីនេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិបែកចានចាស់ ឃុំ-ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោក ជា ស្លូញ អធិការស្រុកស្វាយចេក បានឲ្យដឹងថា ៖ បុរសដែលត្រូវខ្សែភ្លើងឆក់មានឈ្មោះ យូរ៉ា ដែន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
លោកថា មុនកើតហេតុ ជនរងគ្រោះបានលើក បង្គោលឫស្សីស្រស់ ទាក់នឹងខ្សែភ្លើង បណ្តាលឲ្យឆក់ជាប់ នឹងបង្គោលឫស្សី ស្រាប់តែប្រពន្ធបាន ឃើញប្តីត្រូវខ្សែភ្លើងឆក់ ក៏បានយកអាវទាញចេញពីបង្គោលឫស្សី ហើយជនរងគ្រោះបាន សន្លបស្តូកស្តឹង ត្រូវបានដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យស្រុកស្វាយចេក ដោយស្ថានភាពធ្ងន់ធ្ងរ ពេក ក៏បានដឹកបញ្ជូន ទៅមន្ទីរពេទ្យស្រុកថ្មពួក តែជាអកុសលពេលទៅដល់មន្ទីរពេទ្យក៏ត្រូវបានដាច់ស្លាប់ ។
លោកអធិការ បន្តថា ៖ សពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា