ខេត្តកំពង់ស្ពឺ៖ ដោយសារទំនាស់ សំដីតិចតួច បុរសម្នាក់ត្រូវ ដេកពេទ្យ ហើយម្នាក់ទៀត ត្រូវសមត្ថកិច្ច ឃាត់ខ្លួនចាត់ការតាមនីតិវិធី បន្ទាប់ពីយកកូន ពូថៅកាប់ប្រហារលើ គូភាគីម្ខាងទៀត ។
ករណីហិង្សានេះ កើតឡើងកាល ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៧និង១០នាទី ភូមិជ័យថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជនសង្ស័យឈ្មោះ ស៊ឹម តុលា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិជ័យថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ពាក់ព័ន្ធក្នុងករណីហិង្សាដោយចេតនា ។
ប្រភពពីកម្លាំង សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថាសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើ កាលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៣និង២០នាទី នៅចំណុចភូមិភូមិថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ដោយ សារតែជនសង្ស័យ ឈ្មោះស៊ឹម តុលា បានយកកូន ពូថៅ កាប់ទៅលើឈ្មោះ ម៉ម ណាង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជ័យថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច មួយពូថៅត្រូវចំក្បាល ផ្នែកខាងឆ្វេង បណ្តាលឲ្យឈ្មោះម៉ម ណាង រងរបួសធ្ងន់ ហើយត្រូវបានបានបងប្អូនក្រុមគ្រួសារនាំយកជនរងគ្រោះទៅព្យាបាលនៅពេទ្យឯកជនក្នុងភូមិជ័យថ្មី ឃុំព្រៃក្មេង ។
ក្រោយបង្ក ជនសង្ស័យមិនបាន រត់គេចខ្លួននោះទេ គឺបានសម្ងំនៅលើផ្ទះរបស់ខ្លួនរហូតសមត្ថកិច្ចចុះទៅឃាត់ខ្លួនតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយក កូនពូថៅកាប់ទៅលើជន រងគ្រោះប្រាកដមែន ដោយមូលហេតុ ទាស់ពាក្យសំដីជាមួយគ្នា ។
ករណីខាងលើនេះ សមត្ថកិច្ច កំពុងសាកសួរ ជនសង្ស័យឈ្មោះស៊ឹម តុលា នៅអធិការដ្ឋាន នគរបាលស្រុកភ្នំស្រួច និងដកហូតវត្ថុតាង កូនពូថៅ កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ