ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអីអាជ្ញាធរខេត្តរតនគិរី ទុកឱកាសអោយមេឈ្មួញឈ្មោះ ស៊ីនឿន បំផ្លាញឈើយ៉ាង វិនាសមហន្តរាយ នៅស្រុកអណ្តូងមាស ដឹកទៅវៀតណាមតាមអំពើចិត្ត…?

ចែករំលែក៖

ខេត្តរតនគិរី៖ និយាយជារួមបទល្មើសព្រៃឈើជារឿងដ៏រសើបបំផុត ត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាប ប៉ុន្តែសោកស្តាយទៅវិញ ខណៈអ្នកមានភារកិច្ច តួនាទីបង្ក្រាប បានប្រឹងកេងយកប្រយោជន៍ពីឈ្មួញឈើ ធ្វើគ ធ្វើថ្លង់ ធ្វើខ្វាក់ ធ្វើមិនដឹងខ្យល់ ដឹងតែល្ហើយ …ធ្វើអោយឈ្មួញកាប់បំផ្លាញព្រៃឈើ ប្រមូល ដឹកជញ្ជូន ឆ្លងទៅប្រទេសវៀតណាម ពិសេសចេញតាមច្រកអន្តរជាតិអូរយ៉ាដាវ ពេលខ្លះចេញឈើ ដោយប្រើឡានសាំយ៉ុង ជួនកាលសុទ្ធតែឡានយីឌុប ធ្វើជាមធ្យោបាយដឹកជញ្ជូន ដ៏ព្រហើនបំផុត ក្រោមក្រសែភ្នែក នាយការិយាល័យនគរបាលអន្តោប្រវេសន៍ និងប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកអន្តរជាតិអូរយ៉ាដាវនេះតែម្តង។
មួយរយៈនេះគេហទំព័រ ក្នុងស្រុកជាច្រើនបានបង្ហាញនូវតម្រុយបទល្មើសព្រៃឈើនៅខេត្តរតនគិរី ប្រព្រឹត្តដោយឈ្មួញឈ្មោះ សុីនឿន នៅស្រុកអណ្តូងមាស ប៉ុន្តែ មិនត្រឹមតែ អាជ្ញាធរ សមត្ថកិច្ច ជំនាញ ជាច្រើនស្ថាប័ន មិនចាត់ទុកជាកម្មវត្ថុស្រាវជ្រាវ រកបទល្មើសប៉ុណ្ណោះទេ ក្រុមអ្នកសារព័ត៍មានជាច្រើនអាចប្រឈម និងពួកគេរកវិធីធ្វើបាប តាមរយៈការចាយប្រាក់ធ្វើជាអន្ទាក់ ឬជម្រុញអោយដើរផ្ទុយនិងវិជ្ជាជីវៈជាដើម។

គេបានបង្ហាញនូវបទល្មើសព្រៃឈើ ក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស ត្រូវមេឈ្មួញឈ្មោះ ស៊ីនឿន បំផ្លាញយ៉ាងមហន្តរាយ ហើយទើបនិងបញ្ឈប់សកម្មភាពប្រមាណជា២ថ្ងៃមុននេះ បន្ទាប់ពីលេចចេញព័ត៍មានរំជើបរំជួយថាមាន សមាសភាពកម្លាំងបង្ក្រាបបានផ្លាស់ប្តូរ ឬយកលុយហើយមិនទទួលខុសត្រូវ។
ប្រភពអាចជឿទុកចិត្តបានពីប្រជាសហគមន៍ ការពារព្រៃឈើ នៅឃុំ ញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី បានឲ្យដឹងថា៖ មួយរយៈ កន្លងទៅនេះ មេឈ្មួញឈ្មោះ ស៊ី នឿន បាននាំយកម៉ាស៊ីន អារឈើ និងរថយន្ត រាប់សិបគ្រឿង ចូលទៅ ក្នុងព្រៃ សហគមន៍ ក្បែរភូមិបាដល ឃុំញ៉ាង ហើយកាត់រំលំ ដើមឈើធំៗ និង អារច្រៀកឈើ ដឹកជញ្ជូនចេញទៅស្រុក យួនយ៉ាងពេញបន្ទុក។
ប្រភពបានឲ្យដឹងទៀតថា៖ ឈើហ៊ុបធំៗ ត្រូវបានមេឈ្មួញឈ្មោះ ស៊ី នឿន ប្រើប្រាស់ រថយន្តបង្កុង ដឹកចេញពី ព្រៃទៅ ស្រុកយួន យ៉ាងរលូន ព្រោះមានការឃុបឃិតពីមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ច តាមព្រំដែន ដែលគិតតែពីរឿងប្រមូលលុយ ដាក់ហោប៉ៅ ។ ជាងនេះទៅទៀត ឈើមួយចំនួនត្រូវបានអារច្រៀក និងដឹកជញ្ជូន ចេញពីព្រៃយ៉ាងរាលដាលធ្វើឲ្យព្រៃ សហគមន៍ ក្នុងឃុំ ញ៉ាង ស្រុកអណ្ដូងមាស ចៀសមិន ផុតពីសេចក្ដីវិនាសនោះទេ ។

ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និង សកម្មជន ព្រៃឈើ ក្នុងខេត្តរតនគិរី បានឲ្យ ដឹងថាមេឈ្មួញឈ្មោះ ស៊ី នឿន ធ្វើសកម្មភាពកាប់ឈើក្នុងព្រៃសហគមន៍ ក្បែរភូមិភិៈ ភូមិបាដន ឃុំញ៉ាង ស្រុក អណ្ដូង មាស ហើយដឹកជញ្ជូនឈើហ៊ុប ធំៗតាម រថយន្តបង្កុង ចេញពីព្រៃយ៉ាង គគ្រឹកគគ្រេង ។ ប្រភពបានឲ្យដឹងទៀតថា៖ មេឈ្មួញ ឈ្មោះ ស៊ី នឿន បានប្រើប្រាស់ មនុស្ស ជំនិតរបស់ខ្លួន ឈ្មោះ( ប៉ិច)ជាអ្នកបែងចែក លុយរាប់ម៉ឺនដុល្លារទៅឲ្យប្រធានសហគមន៍ ឈ្មោះ រចំ ស្មើល ទើបប្រធានសហគមន៍ ម្នាក់នេះបើកដៃឲ្យមានបទល្មើសបំផ្លាញព្រៃឈើយ៉ាងគំហុក ។ ចំណែកមន្ត្រី អាជ្ញាធរ មូលដ្ឋាន និងសមត្ថកិច្ចក្នុងមូលដ្ឋាន ក៏ដូចជា មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន ក្នុងស្រុក អណ្ដូងមាស នាំគ្នារក្សាភាពស្ងប់ស្ងាត់ ដើម្បីជាថ្នូរ នឹងផលប្រយោជន៍ យ៉ាងក្រអឺតក្រទម ។

មន្ត្រីអាជ្ញាធរមូលដ្ឋាន ក្នុងឃុំញ៉ាង បាន បង្ហើបឲ្យដឹងថា៖ កន្លងមកមេឈ្មួញឈ្មោះ ស៊ី នឿន បានជួលឲ្យប្រជាពលរដ្ឋកាប់ឈើ យ៉ាងគគ្រឹកគគ្រេងក្នុងព្រៃសហគមន៍ក្បែរ ភូមិភិៈ ឃុំសេសាន ស្រុកអូរយ៉ាដាវ រហូតដល់ចំណុចបង្គោលលេខ១៤ និងលេខ ១៥ ក្នុងស្រុកអណ្ដូងមាសយ៉ាងកំរោល ។ ប្រភពបានឲ្យដឹងទៀតថា៖ ឈើហ៊ុបធំៗ ត្រូវបានដឹកតាមរថយន្តកែច្នៃទម្លាក់ចូលក្នុងទឹក ទន្លេសេសាន រួចបណ្ដែតជាក្បូនឆ្លងចូល ទឹកដីវៀតណាមយ៉ាងរលូន ព្រោះគ្មានមន្ត្រី ជំនាញឬ សមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ មេឈ្មួញឈ្មោះ ស៊ី នឿន នោះទេ ។ ឈ្មួញឈើមួយចំនួនក្នុងខេត្តរតនគិរីបានឲ្យ ដឹងថាក្រៅពីបំផ្លាញព្រៃឈើក្នុងស្រុក អណ្ដូងមាស និងស្រុកអូរយ៉ាដាវ យ៉ាង មហន្តរាយ គឺមេឈ្មួញឈ្មោះ ស៊ី នឿន ដឹកជញ្ជូនឈើ ពីតំបន់នានា ចេញទៅវៀតណាមតាមច្រក អន្តរជាតិ អូរយ៉ា ដាវយ៉ាងគឃ្លើនទៀតផង ។ ចំណែកលោក ថង សាវុន អភិបាលនៃគណៈខេត្តរតនគិរី ក៏ដូចជា លោក ងួន គឿន ស្នងការ នគរបាលខេត្តរតនគិរី ជាមួយនិងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ហាក់បានរក្សាភាពស្ងៀមស្ងាត់ បណ្ដោយឲ្យមេ ឈ្មួញឈ្មោះ ស៊ី នឿន និងបក្ខពួកធ្វើអ្វីៗ តាមអំពើចិត្ត ។ សូម្បីតែមន្ត្រីគណៈកម្មការ បង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ ដែលចុះទៅបំពេញបេសកកម្ម ក្នុងខេត្តរតនគិរីក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ។
២ទៅ៣ថ្ងៃនេះបទល្មើសឈើបម្រុងកក្រើកឡើង ហើយសមត្ថកិច្ចខាងក៏ត្រៀមលក្ខណៈធ្វើកិច្ចការនេះ ទើបមេឈ្មួញឈ្មោះ សុីនឿន សម្រេចផ្អាកសកម្មភាពជាបណ្តោះអាសន្ន ប៉ុន្តែឈ្មួញរូបនេះមានសមត្ថកិច្ចជាប់ពាក់ព័ន្ធរកសុីជាមួយ នៅពីក្រោយខ្នង យកតុង ដាក់ខែ ដូចសម្លកំពឹស៕

ដោយ៖ សិលា


ចែករំលែក៖