កន្លងមកយន្តហោះពីរគ្រឿង ប្រភេទF-22 និងCF-18 របស់អាមេរិក និងកាណាដា បានប្រដេញយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្ររបស់រុស្ស៊ីពីរគ្រឿង ប្រភេទ Tu-160 Blackjack ដែលអាមេរិកចាត់ទុកថា ជាយន្តហោះសម្រាប់ដាក់តាំងសារមន្ទី បានហោះហើរឆ្ពោះមកកាន់ដែនអាកាសនៅលើឆ្នេរសមុទ្រអាមេរិកខាងជើង ។
នៅពេលនេះ រុស្ស៊ី ក៏បានតបតវិញភ្លាមៗ ដោយបញ្ជូនយន្តហោះចម្បាំង ទំនើបSu-27 ទៅបណ្តេញយន្តហោះយាមល្បាត P-8A របស់អាមេរិក នៅដែនអាកាសជិតព្រំដែនរុស្ស៊ី នៅសមុទ្រខ្មៅឲ្យងាកក្បាលចេញពីតំបន់នោះផងដែរ ។
សារព័ត៌មាន RT បានដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិ រុស្ស៊ីបានបញ្ជាក់ថា យន្តហោះចម្បាំង Su-27 បានទៅរារាំងយន្តហោះយាមល្បាត់អាមេរិកពេលដែល ចូលមកកៀកព្រំដែនរុស្ស៊ីស្ថិតនៅលើដែនអាកាសសមុទ្រខ្មៅ ។
តាមការលើកឡើងរបស់ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា រ៉ាដាតាមដាន គោលដៅនៅលើអាកាសរបស់រុស្ស៊ីចាប់បានយន្តហោះយាមល្បាតរបស់អាមេរិកកំពុងតែចូលមកកៀកព្រំដែនអាកាសរបស់រុស្ស៊ី។ ភ្លាមៗនោះ យន្តហោះចម្បាំង Su-27 ក៏បានធ្វើសកម្មភាព ទៅរារាំងយន្តហោះអាមេរិក ។ ក្រុមអាកាសយានិករុស្ស៊ី បានចូលទៅកៀកយន្តហោះអាមេរិក ហើយមើលឃើញថា នោះជាយន្តហោះ P-8A ។ ក្រោយមានការហោះហើរទៅស្ទាក់របស់យន្តហោះចម្បាំងរុស្ស៊ី យន្តហោះអាមេរិក ក៏បានបង្ខំចិត្ត បង្វែរទិសដៅវិញ។
សកម្មភាពខាងលើរបស់រុស្ស៊ីកើតឡើង ក្រោយមួយថ្ងៃដែល ក្រុមយន្តហោះចម្បាំងអាមេរិក និងកាណាដា បានទៅស្ទាក់យន្តហោះទម្លាក់គ្រាប់របស់រុស្ស៊ី បង្ខំឲ្យបង្វែទិសដៅឆ្ពោះទៅកាន់ប៉ូលខាងជើងវិញ ។
សកម្មភាពរបស់រុស្ស៊ី គឺមិនខុសទៅនឹងសកម្មភាពរបស់ អាមេរិក និងកាណាដា បានសម្រេចបញ្ជូនយន្តហោះចម្បាំងពីរគ្រឿងទៅស្ទាក់បណ្តេញយន្តហោះរុស្ស៊ី ឲ្យងាកក្បាលចេញទៅកាន់តំបន់ ប៉ូលខាងជើងវិញ។
សកម្មភាពបណ្តេញយន្តហោះរុស្ស៊ីកើតឡើងក្រោយពេលដែលទីបញ្ជាការដែនអាកាស អាមេរិកខាងជើង NORAD បានប្រទះឃើញ ហើយបញ្ជូនយន្តហោះចម្បាំងពីរគ្រឿងទៅស្ទាក់ មុនពេលចូលដល់ដែនអាកាសរដ្ឋ Alaska អាមេរិក ។ យន្តហោះទម្លាក់គ្រាប់រុស្ស៊ី Tu-160 Blackjack ត្រូវបានផលិតឡើងសម្រាប់នាំគ្រាប់បែកបរមាណូទៅវាយប្រហារនៅក្នុងគោលដៅឆ្ងាយៗ ៕