ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ដោយបាក់ទំនប់នៅប្រេស៊ីលកើនឡើង​៦៥នាក់ ក្រុមហ៊ុន Vale ជាអ្នកទទួលខុសត្រូវ

ចែករំលែក៖

ក្រុមជួយសង្គ្រោះប្រេស៊ីលបានខិតខំ​ប្រជែងនឹងពេលវេលា ដើម្បី ស្វែងរកអ្នកដែលនៅរស់ ក្រោយការបាក់ទំនប់ ស្តុកទឹកកខ្វក់ នៅក្នុងរដ្ឋ​ Minas Gerais ។

គិតដល់ថ្ងៃទី​២៩ ខែមករានេះ ក្រុមជួយសង្គ្រោះនៅក្នុងរដ្ឋខាងលើ រកឃើញសាកសពមនុស្ស ៦៥នាក់ ក្រោយការបាក់ទំនប់​កាលពីថ្ងៃទី​២៥ ខែមករា ​ស្ថិតនៅ តំបន់អណ្តូងរ៉ែ ក្នុងស្រុក​ Brumadinho ។ មន្ត្រីក្នុងរដ្ឋ ​ Minas Gerais បានឲ្យដឹងថា មកទល់ពេលនេះ នៅមាន មនុស្ស ២៧៩ នាក់នៅបាត់ខ្លួន នៅឡើយ​ ហើយមិនមានសង្ឃឹមនៅរស់នោះទេ ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើ បានធ្វើឲ្យទីផ្សារភាគហ៊ុន របស់​Vale ​ដែលជាអ្នកផលិត រ៉ែ​ Niken ​ធំបំផុតលើពិភពលោក ធ្លាក់ចុះ​រហូតដល់​២១,៥ភាគរយ ។

លោក​ Raquel Dodge ​រដ្ឋអាជ្ញាប្រេស៊ីលបានឲ្យដឹងថា ក្រុមហ៊ុន​ Vale ត្រូវទទួលខុសត្រូវ ពីបទឧក្រិដ្ឋ ហើយប្រធានក្រុមហ៊ុន​ក៏នឹងត្រូវទទួលទោស ផងដែរ ។

ក្នុងចំណោមអ្នក​ស្លាប់ទាំង អស់មាន ១៩នាក់​ត្រូវបានកំណត់អត្តសញ្ញាណ​ហើយរួចរាល់ រីឯជនដែលបាត់​ខ្លួនគឺរួមមាន​ទាំង​​ប្រជា​ជន​ ​ដែលរស់នៅក្នុងតំបន់រង​ការបំផ្លិចបំផ្លាញ និង​បុគ្គលិក​នៃ​ក្រុមហ៊ុនរ៉ែ វ៉ាល់ (Vale) ខណៈលទ្ធភាពនៃការស្វែងរក​ឃើញអ្នក​ដែល​អាច​នៅ​រស់​រាន​មានជីវិត​កាន់តែតិចទៅៗ។

កាលពីថ្ងៃអាទិត្យ ​ប្រតិបត្តិការជួយសង្រ្គោះ​ត្រូវ​បានផ្អាកជាច្រើនម៉ោង បន្ទាប់ពីមានការ​ប្រកាសអាសន្នថា ​ទំនប់មួយ​ទៀត ​​ដែលជាទំនប់​ទឹក​ដែរនោះ អាចនឹង​លេច​ធ្លាយ ឬក៏បាក់​នៅទីតាំងរុករករ៉ែ​ឈ្មោះថា ខ័ររ៉េហ្គោ ឌូ ហ្វៃចាវ (Corrego do Feijao) ដែលស្ថិតនៅក្បែរ​គ្នា៕


ចែករំលែក៖