នៅពេលបោះឆ្នោតជិតមកដល់ តំបន់ភាគខាងត្បូង ប្រទេសថៃ រងការវាយប្រហារជាបន្តបន្ទាប់ បង្កឡើងដោយក្រុមជ្រុលនិយម ទាមទារផ្តាច់ខ្លួន ធ្វើឲ្យពលរដ្ឋនៅទីនោះ មានការបារម្ភយ៉ាងខ្លាំងពិសេស គឺជនជាតិថៃ ។ តំបន់ភាគខាងត្បូង ភាគច្រើនមានពលរដ្ឋ អិស្លាមរស់នៅ។
កាលពីថ្ងៃទី២៨ ខែមករា សារព័ត៌មានបាំងកកប៉ុស្តិ៍បានដកស្រង់សម្តី ប៉ូលិសថៃបញ្ជាក់ថា ពួកអ្នកបះបោរ បានល្បួង និងសម្លាប់មន្ត្រីល្បាតម្នាក់ នៅតាមផ្លូវដាច់ស្រយាល់នៅភាគខាងត្បូង នៃទីក្រុងYala នៅក្បែរព្រំដែនម៉ាឡេស៊ី ។
កាសែតនេះ បាននិយាយថា ប៉ូលិសល្បាតព្រំដែននេះ ឈ្មោះ Maj Pirunrat Putthisiri ត្រូវបានរាយការណ៍ដោយពួកអ្នកស្រុក ប្រាប់ប៉ូលិសអំពីធុងហ្គាស ដ៏សង្ស័យមួយនៅជិតផ្លូវនោះ ។ ពួកបះបោរមួយក្រុមបានស្ទាក់វាយប្រហារមន្ត្រីនោះ នៅពេលគាត់បានទៅដល់កន្លែងកើតហេតុ ។
ប៉ូលិសបានរកឃើញម៉ូតូរបស់គាត់ ប៉ុន្តែកាំភ្លើង និងអាវការពារគ្រាប់កាំភ្លើងរបស់គាត់ បានបាត់ ។ ធុងនោះ មានតែខ្សាច់ ។
ក្រុមបំបែកខ្លួនអ៊ីស្លាមម៉ាឡេ ត្រូវបានគេស្គាល់ថា ជាអ្នកវាយប្រហារទៅលើក្រុមសន្តិសុខ និងព្រះសង្ឃនៅបណ្តាខេត្តនានា នៅភាគខាងត្បូងថៃ ដែលពួកគេចាត់ទុកថា ជាដែនដីរបស់ខ្លួនតែត្រូវកាន់កាប់ ដោយរដ្ឋដែលមានអ្នកកាន់សាសនាពុទ្ធច្រើនបំផុត។
កាលពីដើមខែមករា ជនប្រដាប់អាវុធមួយក្រុមបានវាយប្រហារវត្តមួយនៅខេត្ត Narathiwat នៅជិតខេត្តនេះដែរ ដោយបាញ់សម្លាប់ព្រះសង្ឃ២អង្គនិងធ្វើឱ្យរបួស២នាក់ទៀត៕ ម៉ែវ សាធី