ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយឥណ្ឌា ទិញ S-400 ​ពីរុស្ស៊ី ប៉ាគីស្ថាន បង្អួត មីស៊ីលទំនើបជាង អាចទម្លុះប្រព័ន្ធការពារទាំងនោះ

ចែករំលែក៖

ឥណ្ឌា និងប៉ាគីស្ថានជាប្រទេស​ ដែលមានវិវាទនឹងគ្នា នៅតំបន់ព្រំដែនកាស្មៀ ដោយកម្លាំងទាហានប្រទេសទាំងពីរ តែងតែផ្ទុះអាវុធដាក់គ្នាជាច្រើនលើកក្នុងមួយឆ្នាំ​ៗ ។ នៅពេលនេះ ឥណ្ឌាបានបង្កើនការចំណាយសម្រាប់ការពារជាតិ និងទិញអាវុធទំនើបៗជាច្រើន ពីបរទេស ក្នុងនោះមានអាមេរិក និងរុស្ស៊ី ។

ពេលថ្មីៗនេះ ប៉ាគីស្ថានបានប្រកាសថា កម្លាំងទាហាន មានមីស៊ីល​ដែលមានកម្លាំងខ្លាំង អាចយកឈ្នះមីស៊ីល​ការពារ​ ទាំងឡាយដែលឥណ្ឌាមាន ​ក្នុងនោះ មានមីស៊ីល​ S-400 ដែលឥណ្ឌាទិញពីរុស្ស៊ីផងដែរ​ ។

សារព័ត៌មាន​ Sputnik ​រុស្ស៊ី កាលពីថ្ងៃទី​៦ ខែកុម្ភៈ បានផ្សាយថា​ ប៉ាគីស្ថាន បានសាកល្បងដោយជោគជ័យ​ពីរលើក កន្លងមកនូវប្រភេទមីស៊ីល Nasr អាចបំពាក់ក្បាលគ្រាប់បរមាណូ​ ។ មីស៊ីលខាងលើ របស់ប៉ាគីស្ថាន វាយប្រហារចំគោលដៅខ្ពស់ ដោយអាចឆ្លងផុតប្រព័ន្ធការពារមីស៊ីលនានារបស់សត្រូវ​ ។

ប៉ាគីស្ថានបានប្រកាសថា មីស៊ីល​ Nasr ​អាចវាយប្រហារចំគោលដៅខ្ពស់ ក្នុងចម្ងាយ ៧០គីឡូម៉ែត្រ ។ មីស៊ីលខាងលើត្រូវបានផលិតឡើងដើម្បីឆ្លងផុតពីប្រពន្ធមីស៊ីលការពាររបស់ឥណ្ឌា ក្នុងនោះមាន S-400s ដែលទើបទិញពីរុស្ស៊ី​។ មីស៊ីល​ Nasr ​ត្រូវបានផលិតឡើង តាំងពីឆ្នាំ​២០១១ ហើយពេលនេះ បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ។

ឥណ្ឌា​មិនបានវិភាគអ្វីជុំវិញ មីស៊ីល​ Nasr ​របស់ប៉ាគីស្ថាននោះឡើយ ។ ពេលថ្មីៗនេះ រដ្ឋាភិបាលទីក្រុង ញ៉ូវដេលី ឥណ្ឌា បានចំណាយប្រាក់ ៥ពាន់លានដុល្លារ ទិញប្រព័ន្ធមីស៊ីលការពារ S-400 ពីរុស្ស៊ី​ ។ S-400 ត្រូវបានចាត់ទុកជាមីស៊ីលការពារល្អបំផុតនៅលើពិភពលោក​ អាចកម្ទេចគោលដៅនៅលើអាកាស ក្នុងចម្ងាយ​៤០០គីឡូម៉ែត្រ ក្នុងល្បឿន​ ៥គីឡូម៉ែត្រ ក្នុងមួយវិនាទី ៕


ចែករំលែក៖