ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបង្កើនការផលិត និងសាកល្បង អាវុធ ក្រោយអាមេរិក ដកខ្លួនចេញពី​ INF

ចែករំលែក៖

ការដកខ្លួនចេញពីសន្ធិសញ្ញាអាវុធមីស៊ីល បរមាណូរយៈចម្ងាយមធ្យម របស់អាមេរិក បានបង្ក ក្តីបារម្ភយ៉ាងខ្លាំង ដល់ប្រទេសក្នុងតំបន់ ពីការប្រកួតប្រជែងអាវុធសារជាថ្មីកើតឡើង អាចបង្កគ្រោះថ្នាក់ដល់ពិភពលោកទាំងមូល​គ្រប់ពេល ។

ក្រោយអាមេរិកប្រកាសដកខ្លួន ​រុស្ស៊ីបានប្រកាសផលិតមីស៊ីល ពីរប្រភេទទប់ទល់អាមេរិកដែលបានដកខ្លួនចេញពី INF ។ នៅពេលនេះដែរ រុស្ស៊ីក៏បាន សាកល្បងមីស៊ីល ឆ្លងទ្វីប​ RS-24 អាចបំផ្លាញទីក្រុងទាំងមូល​ ។

កាលពីរសៀលថ្ងៃទី​៦ ខែកុម្ភៈ កម្លាំងទាហាន រុស្ស៊ីបានបាញ់សាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប ប្រភេទ RS-24 ​Yark ​ពីអាកាសយានដ្ឋាន Plesetsk ។ ការបាញ់សាកល្បងខាងលើ​​ ក្រោយពេលអាមេរិក​ប្រកាសដកខ្លួនចេញពី​សន្ធិសញ្ញា​អាវុធមីស៊ីលបរមាណូរយៈចម្ងាយមធ្យម INF ដែលបានចុះហត្ថលេខា ​​ជាមួយអតីតសហភាពស៊ូវៀត ក្រោយបញ្ជប់សង្គ្រាមត្រជាក់​ ។

តាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី​បានបញ្ជាក់យ៉ាងច្បាស់ថា «កាំជ្រួចមីស៊ីល​បានវាយប្រហារចំគោលដៅ នៅតំបន់​ Kura ​លើកោះ​ Kamchatka »។ ការសាកល្បងខាងលើ​ធ្វើឡើងក្រោយពេលប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ​ចាប់ផ្តើម ដំណើរការដក​អាមេរិកចេញពី​ INF ​នៅថ្ងៃទី​២ ខែកុម្ភៈ រហូតដល់​ខែមិថុនា ឆ្នាំ​២០១៩នេះ ។

ប្រទេសជាច្រើនជុំវិញពិភពលោក​បង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការប្រឈមមុខតានតឹងជុំវិញបញ្ហា INF រវាងអាមេរិក និងរុស្ស៊ី​ អាចជំរុញឲ្យមានការប្រកួតប្រជែងអាវុធសារជាថ្មី។

ចំណែកកំជ្រួចមីស៊ីល RS-24 ​Yark ដែលរុស្ស៊ីទើបសាកល្បងនេះ ជាប្រភេទអភិវឌ្ឍន៍ចេញពីមីស៊ីល​ Topol-M ​ដែលបានសាកល្បង នៅឆ្នាំ​២០០៧ ។ មីស៊ីលខាងលើ មានសមត្ថភាព​វាយប្រហារ ចំគោលដៅខ្ពស់ មានកម្លាំងបំផ្លាញខ្លាំង ។ មីស៊ីលនេះ អាចបំពាក់ក្បាលគ្រាប់បរមាណូ​ ៦គ្រាប់ ទៅកម្ទេចគោលដៅឯករាជ្យ ដាច់ដោយឡែកពីគ្នា ។ អាចនិយាយបានថា​មីស៊ីលខាងលើ អាចកម្ទេច ទីក្រុងអាមេរិក ទាំងមូល​។

នៅពេលនេះដែរ រុស្ស៊ីនឹងផលិតកាំជ្រួចមីស៊ីល ឆ្លងទ្វីបល្បឿនលឿនបំផុត នៅឆ្នាំ២០២១ ដើម្បីជាការឆ្លើយតបទៅនឹងការដកខ្លួនអាមេរិកចេញពីកិច្ចព្រមព្រៀងមីស៊ីលបរមាណូចម្ងាយមធ្យម INF ។

សារព័ត៌មាន RIA Novosti នៅថ្ងៃតី៥ ខែកុម្ភៈបានដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិ លោក Sergei Shoigu បានបញ្ជាក់ថា រុស្ស៊ីចាំបាច់ត្រូវតែផលិតមីស៊ីលល្បឿនលឿន ដែលបាញ់ពីទីតាំងនៅលើដី។

កន្លងមក កាលពីថ្ងៃទី២ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានប្រកាសថារុស្ស៊ី បានផ្អាកអនុវត្តសន្ធិសញ្ញា INF ក្រោយពេលអាមេរិកបានសម្រេចដកខ្លួនចេញពីINF ។ ទន្ទឹមនឹងនោះ ប្រធានាធិបតី ពូទីន បានប្រកាសថា នឹង ផលិតអាវុធទំនើបៗ បន្ថែមទៀតដើម្បីជាការឆ្លើយតបទៅនឹងសកម្មភាពរបស់អាមេរិក ។

នៅថ្ងៃទី១ ខែកុម្ភៈ កន្លងមក ប្រធានាធិបតីអាមេរិកដូណាលត្រាំបានប្រកាសថាទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើម ដំណើរការដកខ្លួនចេញពី INF ក្នុងរយៈពេល៦ខែខាងមុខ ។ ជាមួយគ្នានេះដែរ អគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងមូស្កូបានបញ្ជាក់ថា ប្រសិនបើរុស្ស៊ីគោរពសន្ធិសញ្ញាខាងលើ ដំណើរការដកអាមេរិកចេញពី INF និងត្រូវផ្អាក់៕


ចែករំលែក៖