ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រី២នាក់ លង់ទឹកស្លាប់ គ្រាដែលនាំគ្នាលេងទឹកអាង

ចែករំលែក៖

ប៉ោយប៉ែត៖ ក្មេងស្រី២នាក់ បានបាត់បង់ជីវិតចោលឪពុលម្ដាយ គ្រាដែលពួកគេនាំគ្នាទៅលេងទឹកអាង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ចំណុចអាងទឹក ចំងាយ២០០ម៉ែត្រ ស្ថិតក្នុងភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា៖ មុនពេលកើតហេតុមានក្មេង៤នាក់ បានចេញពីរៀនគួរ នាំគ្នាទៅលេងទឹកអាង ស្រាប់តែលង់ទឹកក្មេងស្រីស្លាប់ចំនួន២នាក់ ក្មេងស្រីជនរងគ្រោះទាំងនេះ មានម្នាក់ឈ្មោះ សម្បតិ្ត ស្រីណុង ភេទស្រី អាយុ៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ ថន គឹមហួន ភេទ ស្រី អាយុ០៦ ឆ្នាំ ក្មេងស្រីទាំង០២នាក់ មានទីលំនៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបានបញ្ជាក់ថា៖ ក្រោយកើលតហេតុភ្លាមៗ ក្មេងៗចំនួន០២នាក់ បានរត់មករាយការណ៍ប្រាប់អ្នកភូមិ និងបានចុះរាវរកស្រង់មកយកលើគោក ហើយបានបង្កើតគណៈកម្មការត្រួតពិនិត្យសពទាំង២ ដែលមានកម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្ត្រ កម្លាំងប៉ុស្តិ៍រដ្ឋបាល សហការជាមួយគ្រូពេទ្យ និងអាជ្ញាធរភូមិឃុំ- ចុះត្រួតពិនិត្យដល់កន្លែងកើតហេតុ ពុំមានស្លាកស្នាមពាក់ព័ន្ធនឹងបទល្មើសនោះឡើយ ។

សពកុមារីទាំង២នាក់ ក្រោយពីធ្វើកោសល្យវិច័យរួចបានប្រគល់ជូនឪពុកិម្តាយ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈចុងសប្តាហ៍នេះ មានក្មេងស្រីចំនួន៦នាក់ មកហើយដែលស្លាប់ដោយសារលង់ទឹក ក្នុងនោះ៤នាក់ នៅឃុំភ្នំដី ស្រុកភ្នំស្រុក ៕ វណ្ណា


ចែករំលែក៖