ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាព ពេលចូលឆ្នាំ ចិន និង វៀតណាម នៅលើទឹកដីប្រវត្តិសាស្ត្រ ខេត្តសៀមរាប ឆ្នាំ២០១៩

ចែករំលែក៖

ខេត្តសៀមរាប៖ រយៈពេលក្នុងឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាម នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ក្នុងរយៈពេល៤ថ្ងៃ មកនេះ មានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករ លើសពីបណ្តាឆ្នាំមុនៗ សំខាន់ភ្ញៀវ ទេចរណ៍ចិន ។

ក្នុងរយៈចូលឆ្នាំនេះ មានភ្ញៀវគ្រប់ជាតិសាសន៍ ជាសំខាន់បងប្អូនប្រជាជនខែ្មរជាប់សែស្រឡាយចិន និង វៀតណាម បានអញ្ជើញទៅទស្សនាកម្សាន្ត នៅតាមរមនីយដ្ឋានវប្បធម៌ រមនីយដ្ឋានធម្មជាតិ និង រមនីយដ្ឋានកែច្នៃ ដែល មាននៅក្នុងខេត្តសៀមរាប ។

តាមការចុះផ្តឹតយករូបភាព និងសកម្មភាពដើរកម្សាន្តរបស់បងប្អូនខែ្មរជាប់សែស្រឡាយចិន និង វៀតណាម នៅតាមទីកន្លែងកម្សាន្ត និង កន្លែងទីសក្ការៈបូជាដែលមានក្នុងខេត្ត ។ ក្នុងឱកាសបុណ្យចូលឆ្នាំចិន និង វៀតណាម នេះ នៅ ព្រះវិហារព្រះអង្គចេក ព្រះអង្គចម លោកយាយទេព ដែលជាទីកន្លែងទីសក្ការៈគោរពបូជា្ញ របស់បងប្អូនពុទ្ធរិស័ទខែ្មរយើង ដែលទីកន្លែងដ៏ ស័ក្តសិទ្ធ ចំពោះ ប្រជាជនខ្មែរយើងក្នុងការបន់ស្រន់សុំនូវសេចក្តីសុខចម្រើនដល់ក្រុមគ្រួសារ និង ញាតិសា លោហិត របស់ខ្លួនទៀតផង ។

ក្នុងសកម្មភាពនោះដែរយើងសង្កេតឃើញ មានបងប្អូនយើងបាននាំយកផ្កាភ្ញី ទៀនធូក ភ្ផួងផ្កា បូជ្ញាចំពោះព្រះ ទាំងភ្ញៀវបរទេស ដែលមកធ្វើ ទេសចរណ៍នៅខេត្តសៀមរាប ព្រមទាំងបងប្អូនខែ្មរជាប់សែស្រឡាយចិន និង វៀតណាមផងដែរ ។ បើយើងសង្កេតនៅតាមរមនីយ ដ្ឋានវប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ នៅតាមក្រោមដើម ឈើ ដែលមានម្លប់ដ៏ត្រជាក់ត្រឈំត្រឈៃ នៅមុខប្រាង្គប្រាសាទប្រវត្តិសាស្ត្រ នៃដួងព្រលឹងជាតិ ប្រាសាទអង្គរវត្ត ដែលជានិមិត្ត រូបរបស់ជាតិកម្ពុជា ។

ក្នុងនោះយើងសង្កេតភាពញញឹម ស្រស់ស្រាយរបស់បងប្អូន ប្រជាពលរដ្ឋ ទាំងភ្ញៀវជាតិ អន្តរជាតិ បានធ្វើដំណើរចូលទៅទស្សនាក្នុងប្រាសាទ ដោយក្តីសោមនស្សរីករាយ ក្នុងនោះដែរបងប្អូន យើងក៏បានអញ្ជើញទស្សនា នៅរមនីយដ្ឋានកែច្នៃ នៃភូមិវប្បធម៌កម្ពុជា ដែលជាទីកន្លែងប្រមូលផ្តុំ និង ចងក្រងជាប្រវត្តិសាស្ត្រ នូវបុព្វបុរសខ្មែរ ដែល ជាវីរៈជន ក្នុងការធ្វើសឹកសង្គ្រាម នឹងដឹកនាំកសាងនគរឲ្យមានការរីកចម្រើន នាសម័យអង្គរ ។ ក្នុងនាសម័យ ទំនើបនេះ យើងបានសង្កេតឃើញភ្ញៀវទេសចរណ៍ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ និង បាឡុង ដើមី្បទស្សនាកម្សាន្ត នូវទេសភាព នៃសម្រស់ធម្មជាតិ នៃទីក្រុងបុរាណប្រវត្តិសាស្ត្រទៀតផង ។

កត្តានេះហើយក៏សបញ្ជាក់ពីកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលសន្តិភាព បានធ្វើឲ្យខេត្តសៀមរាប មាន ការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ សំខាន់វិស័យទេសចរណ៍ ដោយមានហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្ត មានប្រព័ន្ធផ្លូវថ្នល់ ទឹកស្អាត អគ្គីសនី សណ្ឋាគារ ភោជនីយដ្ឋាន ផ្សាររាត្រី ផ្សារទំនើម ជាពិសេសធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ និងសន្តិសុខ ទេសចរណ៍ ក្នុងទិសដៅប្រឡងប្រណាំង ក្រោមប្រធានបទ (ទីក្រុងស្អាត រមនីយដ្ឋានស្អាត សេវាល្អ ) អាជ្ញាធរខេត្ត បានកែលម្អនូវសោភណ្ឌ ភាពក្រុងឲ្យស្រស់ត្រកាល មានការពង្រីកផ្លូវក្នុងក្រុង ក្នុងការបញ្ជៀសភាពកកស្ទះ ក្នុងក្រុង និង កាត់បន្ថយគ្រោះថ្នាក់ចរាចរ ។

ជាពិសេសការស្តារឡើងវិញនូវសោភណ្ឌភាពដងស្ទឹង ប្រវត្តិសាស្ត្រសៀមរាប ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូល មកទស្សនាឲ្យកាន់តែច្រើនឡើង ដូចក្នុងថ្ងៃ ចូលឆ្នាំចិន និង វៀតណាមនេះ ក្នុងការលើកកម្ពស់នូវជីវភាព របស់ប្រជាជនខេត្ត សៀមរាប ក៏ដូចទូទាំងព្រះរាជា ណាចក្រកម្ពុជាយើងផងដែរ ។

បើយោងតាមប្រសាសន៍របស់លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា ក្នុងឱកាលចូលឆ្នាំចិន និង វៀតណាម ឆ្នាំ២០១៩នេះ មានភ្ញៀវទេសចរណ៍សរុបចំនួន ៩៣ពាន់៦០៥នាក់ កើនឡើង៣,៩៨% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ប្រមាណ ៩០ពាន់៨២៦នាក់ ។ ក្នុងនោះភ្ញៀវទេសចរណ៍អន្តរជាតិ មាន៤១ពាន់៦០៥នាក់ កើនឡើង២២,២៧% ប្រៀបធៀបរយៈ ពេលដូចគ្នាឆ្នាំ ២០១៨ មានចំនួន ៣៤ពាន់២៦នាក់ ។ ចំពោះភ្ញៀវទេសចរណ៍ជាតិ ប្រមាណ ៥២ពាន់នាក់ ថយចុះ៧,១៤% ប្រៀប ធៀបឆ្នាំ២០១៨ ប្រមាណ ៥៦ពាន់នាក់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖