ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទឹកកក បួងចង្កួតបត់មិនទាន់ ជ្រុលទៅបុកឃឿនផ្លូវ ក្រឡាប់ផ្ងារជើង ម្ខាងច្រងាង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកូរ៉េដឹកទឹកកកពេញ សង្ស័យងោកមួយភាំង បានជ្រុលទៅបុកឃឿនផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង តែមិនមានអ្នករបួសនោះទេ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ កែងនឹងផ្លូវសហពន្ធ័រុស្ស៊ី ត្រង់ចំណុចជាប់ស្ពាន៥មករា ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តកូរ៉េដឹកទឹកកកពេញ ក្បាល ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B – 4471បានធ្វើដំណើរក្នុងទិសដៅពីជើងត្បូងក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ សង្ស័យតៃកុងងោក បួងចង្កូតបត់មិនទាន់ ជ្រុលទៅបុកឃឿនផ្លូវបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងច្រងាង និងធ្វើឲ្យរថយន្តរងការខូចខាតផងដែរ ចំណែកឃឿនផ្លូវមិនរងការខូចខាតនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ហើយទំនាក់ទំនងសមត្ថកិច្ចជំនាញវាស់វែងស្ទូច រថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖