ភ្នំពេញ ៖ បុរសម្នាក់បែកក្បាលហូរឈាមជោកខ្លួន បន្ទាប់ពីគាត់ស្រវឹងស្រាស្រឿងៗ ហើយនារីបរទេសម្នាក់ស្លៀកពាក់សិចស៊ី លិចលើលិចក្រោម ក៏និយាយភាសារអង់គ្លេស លក្ខណៈអូសក្រឡាញ៉ែរូបនាងត្រង់ៗ ស្រាប់តែមានបុរសបរទេសម្នាក់ បានរុញឲ្យចេញ បែរជាជ្រុលធ្វើឲ្យរអិលជើងដួលបោកក្បាលនឹងថូផ្កា ហើយក៏នាំគ្នាដើរទៅបាត់ រួចហើយបុរសរងគ្រោះងើបឡើងមកស្រែកឆោឡោថា ចោរៗ ដាក់នារីបរទេសរូបស្រស់ និងបងប្អូនប្រុសរបស់នាងម្នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ កាលពីវេលាម៉ោង៣៖០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកជាបួន ផ្លូវលេខ១៥៤ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញមានបុរសបរទេស៣នាក់ និងនារីបរទេសម្នាក់ស្លៀកសិចស៊ីបានឈរជជែកគ្នាលើចញ្ចើមផ្លូវ កែងផ្លូវកន្លែងកើតហេតុ មួយសន្ទុះក្រោយមកក៏ស្រាប់តែមានបុរសម្នាក់ ស្រវឹងស្រឿងៗ បានធ្វើដំណើរដោយថ្មើរជើងមកដល់ ហើយបានជួបជនបរទេសប្រុសស្រីទាំងនោះ ដោយឃើញនារីបរទេស មានរូបសម្រស់ស្អាត ហើយសិចស៊ីទៀត បុរសម្នាក់នោះ ក៏បាននិយាយជាភាសាអង់គ្លេស ជាមួយនឹងនារីបរទេសរូបស្រស់ លក្ខណៈសាសង(ញ៉ែ)រូបនាងតែម្ដង ។
ប្រភពបន្តថា បន្តិចក្រោយមក ឃើញបុរសបរទេសម្នាក់ទៀត ដែលឈរជជែកគ្នាជាមួយនារីបរទេសខាងលើដែរនោះ ដោយបុរសបរទេសនោះ ក៏និយាយជាមួយបុរសខ្មែរ តែមិនដឹងថា មានរឿងអ្វី និងនិយាយពីអ្វីខ្លះទេ ស្រាប់តែស្រែកដាក់គ្នាទៅវិញ ទៅមក រួចក៏ច្រាន បុរសខ្មែរ ឲ្យដើរចេញទៅ តែដោយសារតែស្រវឹងស្រាស្រឿងៗផង បុរសខ្មែរនោះក៏រអិលជើងដួល ហើយបោកក្បាលនឹងថូផ្កា បណ្តាលឲ្យបែកក្បាលហូរឈាមជោកអាវតែម្ដង ហើយបុរសបរទេសនោះក៏ដើរចេញទៅបាត់ពីកន្លែងកើតហេតុ ។ ភ្លាមនោះបុរសខ្មែរ ក៏បានស្រែកឆោឡោថា ចោរៗ រហូតមានប្រជាពលរដ្ឋ និងអ្នកដំណើរ ចុះមកជួយឃាត់ហើយរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មីទី៣ ចុះមកកន្លែងកើតហេតុតែម្ដង។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានសួរនាំដឹងមូលហេតុច្បាស់លាស់ហើយ ក៏បានអនុញ្ញាតឲ្យបុរសបរទេសប្រុសស្រី ត្រឡប់ទៅកន្លែងស្នាក់នៅវិញ រួចឲ្យបុរសរងគ្រោះទៅរកសាក្សីនៅកន្លែងកើតហេតុ ៕ ភារ៉ា ដង្កោ