ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងប្រជាការពារខណ្ឌដូនពេញ តែងតែប្រើអំណាច ជ្រុលហួសហេតុ មកលើប្រជាពលរដ្ឋស្លូតត្រង់

ចែករំលែក៖

ភ្នំពេញ: កម្លាំងសណ្ដាប់ធ្នាប់សាលា​ខណ្ឌដូនពេញ​ វាយកញ្ចក់​រថយន្តឈ្នួល​​​បែក បន្ទាប់ពីរថយន្តបានឈប់ទម្លាក់ម៉ូយ នៅកន្លែងហាមឃាត់ ហើយបើកប៉ះម៉ូតូរបស់គាត់ បណ្តាលឲ្យដួល រួចម្ចាស់រថយន្តទារសំណង១០០ដុល្លារ សម្រាប់ថ្លៃជួសជុលការខូចខាតបញ្ចប់រឿង ។

ហេតុការណ៍​នេះ បង្កការភ្ញាក់​ផ្អើល​ បាន​កើតឡើងកាល​ពី​ម៉ោងជាង​២រសៀល ​ថ្ងៃទី​៧​ ខែ​កុម្ភ:​ ឆ្នាំ​២០១៩ ស្ថិតនៅម្តុំរង្វង់មូលកួចកាណុង សង្កាត់ស្រះចក​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

រថយន្តដែលបែកកញ្ចក់ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-0560​ អ្នកបើករថយន្តមាន ឈ្មោះ សៅ​ សុខហេង អាយុ៣១ឆ្នាំ មានទីលំនៅភូមិកងតាណឹង ឃុំកងតាណឹង​ ស្រុកកងមាស ខេត្តកំពង់ចាម។ ចំណែកមន្ត្រីសណ្តាប់ធ្នាក់ខណ្ឌខាងលើ មិនត្រូវបានស្គាល់ឈ្មោះឡើយ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលកើតហេតុ គេឃើញរថយន្ត ធ្វើដំណើរចុះពីស្ពាន​ជ្រោយចង្វារមកដល់ចំណុចមុខ ស្ថានីយប្រេងឥន្ធន:តេលា ម្តុំកួចកាណុង ដែលជាកន្លែងកើតហេតុ បានដាក់ភ្ញៀវចុះ ក៏ត្រូវបានកម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌដូនពេញ បានមកហាម និងហៅទៅអប់រំនៅកន្លែង តែអ្នកបើករថយន្តមិនព្រមទៅតាម បានបើកបន្តទៅទៀត ក៏ជ្រុលទៅប៉ះម៉ូតូរបស់កម្លាំងសណ្តាប់ធ្នាប់ ទើបត្រូវបានម្ចាស់ម៉ូតូយកអាយឌីវាយកញ្ចក់រថយន្តបែក ខណ:នោះតៃកុង បានបើករថយន្តចេញពីកន្លែងកើតហេតុ​ព្រោះឃើញកម្លាំងច្រើន។

បន្ទាប់ពីភាគីតៃកុងរថយន្តធ្វើកិច្ចសន្យារួចមក លោកប្រធានសណ្ដាប់ធ្នាប់ បានប្រគល់លុយ១០០ដុល្លារជំនួសកូនចៅ ដើម្បីឲ្យទិញ ឬជួសកញ្ចក់រថយន្ត ទៅតាមការទាមទាររបស់ម្ចាស់រថយន្តសាំងយ៉ុង។

ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរបានលើកឡើងថា កម្លាំងប្រជាការពារខណ្ឌដូនពេញតែងតែប្រើអំណាចរបស់ខ្លួនមកលើប្រជាពលរដ្ឋស្លូតត្រង់ សូមថ្នាក់លើ នៃអភិបាលខណ្ឌជួយពិនិត្យទៅលើកម្លាំងប្រជាការពារនេះផង កុំឲ្យប្រើអំណាចជ្រុលហួសហេតុពេក ៕ ជ្រោយពេជ្រ


ចែករំលែក៖