ការបោះឆ្នោតជិតចូលមកដល់ កម្លាំងទាហានថៃ ក៏បានចាប់ផ្តើមធ្វើសកម្មភាព ដោយបញ្ជូនរថក្រោះ រថពាសដែក បើកបរយ៉ាងគគ្រឹក គគ្រេង នៅតាមដងផ្លូវ ដូចទៅនឹងការត្រៀមធ្វើរដ្ឋប្រហារ នៅឆ្នាំ២០១៤ ធ្វើឲ្យពលរដ្ឋយល់ឃើញថា ជាការត្រៀមធ្វើរដ្ឋប្រហារជាថ្មី ។
ពាក្យចចាមអារ៉ាម បានផ្សព្វផ្សាយពេញបណ្តាញសង្គម កាលពីថ្ងៃទី១០ ខែកុម្ភៈ ស្តីពីការត្រៀមលក្ខណៈធ្វើរដ្ឋប្រហារ ក្នុងពេលពលរដ្ឋបានឃើញសព្វាវុធទំនើបៗ ជាច្រើន ក្នុងនោះមានរថក្រោះចូលមកទីក្រុង ។ សកម្មភាពខាងលើ កើតឡើង ក្រោយពេលដែលថៃបានត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោត ។
ក្នុងពេលនេះដែរ កម្លាំងទាហានថៃ បានច្រានចោលព័ត៌មាន ដែលបានចែកចាយពេញបណ្តាញសង្គម កាលពីថ្ងៃទី១០ ខែកុម្ភៈ នូវឃ្លីបវីដីអូ ដែលគេចាត់ទុកថាត្រៀមលក្ខណៈធ្វើរដ្ឋប្រហារ។
ឃ្លីបវីដីអូស្តីពីរថក្រោះ រថពាសដែក ឆ្ពោះមកកាន់ទីក្រុងបាងកក ត្រូវបានពលរដ្ឋបង្ហោះលើបណ្តាញសង្គម បង្កឲ្យមានពាក្យចចាមអារ៉ាមថា ជាការត្រៀមលក្ខណៈធ្វើរដ្ឋប្រហារ ។ សកម្មភាពខាងលើរបស់កម្លាំងទាហានថៃមិនខុសអ្វីពី ការត្រៀមលក្ខណៈធ្វើរដ្ឋប្រហារ នាពេលកន្លងមក ទើបធ្វើឲ្យពលរដ្ឋមានការខ្វល់ខ្វាយ។
ចំពោះព័ត៌មានខាងលើ ឧត្តមសេនីយ៍ Piyapong Klinpan មេបញ្ជាការកងវរសេនាតូច ទ័ពអាកាសថៃបាននិយាយថា រថក្រោះ រថពាសដែកដែលបានចល័តនៅតាមដងផ្លូវគឺជាការ ត្រៀមលក្ខណៈធ្វើសមយុទ្ធនាពេលខាងមុខ ដែលជាសមយុទ្ធ«ពស់វែក»ប្រចាំឆ្នាំ ដោយឆ្នាំនេះធ្វើនៅ៣ខេត្ត ដែលមានកម្លាំងកងវរសេនាតូច ឈរជើង។
រថក្រោះរថពាសដែកធ្វើដំណើរនៅតាមដងផ្លូវ បានប៉ះពាល់យ៉ាងខ្លាំង ដល់ ការធ្វើដំណើររបស់ពលរដ្ឋ ដូច្នេះ ដើម្បីបញ្ចៀសការយល់ច្រឡំ រថក្រោះនិងរថពាសដែក បានបិទស្លាកអក្សរ ថាប្រើប្រាស់សម្រាប់សកម្មភាពធ្វើសមយុទ្ធ ។
ជាមួយគ្នានេះដែរ មន្ត្រីរដ្ឋាភិបាលថៃបានចាត់វិធានការ ដល់បុគ្គលណាដែលបានបង្ហោះ រូបភាពលើបណ្តាញសង្គម ស្តីពីរថក្រោះរថពាស់ដែកខាងលើ ដោយសរសេរខុសពីការពិតនោះរដ្ឋាភិបាលនឹងដាក់ទោស ទៅតាមច្បាប់។
ការធ្វើរដ្ឋប្រហារ ចុងក្រោយបំផុតនៅក្នុងប្រទេសថៃ គឺនៅខែឧសភាឆ្នាំ២០១៤ ដឹកនាំដោយមេទ័ពជើងគោកប្រាយុទ្ធ ចាន់អូចារ្យ ដែលបច្ចុប្បន្ន ជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសថៃតាំងពី ពេលនោះមក។ បច្ចុប្បន្នថៃបានត្រៀមលក្ខណៈបោះឆ្នោតប្រជាធិបតេយ្យលើកដំបូង ក្រោយរយៈពេល៥ឆ្នាំ គ្រប់គ្រងដោយយោធា ៕