ខេត្តកណ្ដាល៖ រថយន្ដមួយគ្រឿងបើកបរល្បឿនលឿនមិនប្រយ័ត្ន បណ្ដាលឲ្យជ្រុលចង្កូតទៅបុកម៉ូតូ២គ្រឿង បើកច្រាស់ទិសគ្នាពេញមួយទំហឹង និងបន្ដទៅបុកផ្ទះរបស់ពលរដ្ឋលក់ដូរក្បែរចិញ្ចើមផ្លូវបន្ថែមទៀត បណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ រីឯឥវ៉ាន់លក់ដូរមួយចំនួនទទួលរងការខូចខាតផងដែរ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៣០-៣១ ស្ថិតក្នុងភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ឃី ឃុន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង2J-4716 មានអ្នករួមដំណើរម្នាក់ឈ្មោះ ដូង ចន្ធូ ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ (រងរបួសធ្ងន់) ។ ជនរងគ្រោះទាំង២នាក់ត្រូវជាប្ដីប្រពន្ធនឹងគ្នា មានទីលំនៅភូមិរោងដំរី ឃុំក្រោក ស្រុកបាភ្នំ ខេត្តព្រៃវែង រីឯភាគីម៉ូតូម្ខាងទៀតម៉ាកហុងដាគុប ធុនសេ៥០ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ1D-9983 បើកបរដោយឈ្មោះ ផុន ជឿន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិកណ្ដោល ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ (រងរបួសធ្ងន់) ។ ចំណែកឯរថយន្ដម៉ាកឡិចស៊ីស RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Q-6929 បើកបរដោយឈ្មោះ យូ ជែឈិន(YOO JAE CHUN) ភេទប្រុស អាយុ៦៧ឆ្នាំ ជាជនជាតិកូរ៉េ បច្ចុប្បន្នស្នាក់នៅផ្ទះ៦៣៧ ក្រុម៤២ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្ដាល មានអ្នករួមដំណើរ២នាក់ ទី១-ឈ្នោះKIM JONGGIRLl ភេទស្រី និងទី២-ឈ្មោះ KNOW JONG RAN ភេទប្រុស បច្ចុប្បន្នស្នាក់នៅភូមិ/ឃុំជាមួយគ្នា ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដឡិចស៊ីបើកបរដោយជនជាតិកូរ៉េខាងលើ បានធ្វើដំណើរដោយល្បឿនលឿន តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង(ពីខេត្ដតាកែវមកភ្នំពេញ) លុះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូ២គ្រឿងខាងលើ ដែលធ្វើដំណើរក្នុងទិសដៅច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ រីឯស្រ្ដីជាប្រពន្ធរួមដំណើរជាមួយរងរបួសធ្ងន់ ចំណែកជនរងគ្រោះម្នាក់ទៀតជាអ្នកបើកបរម៉ូតូហុងដាគុបទទួលរងរបួសធ្ងន់ ។ បន្ទាប់ពីរថយន្ដខាងលើបានបុកម៉ូតូជនរងគ្រោះរួច ភ្លាមនោះរថយន្ដខាងលើបានរេចង្កូតទៅបុកផ្ទះរបស់ពលរដ្ឋលក់ដូរតាមដងផ្លូវបន្ថែមទៀត បណ្ដាលឲ្យឥវ៉ាន់ និងសម្ភារៈផ្សេងៗមួយចំនួនខូចខាតផងដែរ ។
ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹង បានចុះអន្ដរាគមន៍ឃាត់រថយន្ដទាំងអ្នកបើកបរទុក រីឯជនរងគ្រោះរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចហៅរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចធ្វើការពិនិត្យវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំពោះសាកសពជនរងគ្រោះ ត្រូវបាននគរបាលជំនាញប្រគល់ទៅឲ្យសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ