ព័ត៌មានទាន់ហេតុការណ៍៖

បាត់កូនស្រីច្រើនថ្ងៃមកហើយ ម្តាយ ឪពុក កាន់រូបថត ស្វែងរក គ្រប់ទីកន្លែង

ចែករំលែក៖

ភ្នំពេញ៖ នារីវ័យជំនង់ម្នាក់ បានបាត់ខ្លួនជាច្រើនថ្ងៃមកហើយ ធ្វើឲ្យម្តាយឪពុកកាន់ព្រួយបារម្ភ រកគ្រប់ទីកន្លែង រហូតវេលាម៉ោង៥ល្ងាច ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ នេះបានកាន់ រូបថតកូនស្រីពៅ របស់ពួកគាត់ ធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលប៉ុស្តិ៍ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដើម្បីដាក់ពាក្យប្ដឹងសុំឲ្យនគរបាលជួយស្វែងរកកូនស្រីគាត់ផង ។

បុរសជាប្ដីឈ្មោះ សុខ សំអូន អាយុ៥៦ឆ្នាំ មុខរបររត់ម៉ូតូឌុប និងប្រពន្ធរបស់គាត់ឈ្មោះ ឌិន សារ៉ន អាយុ៥២ឆ្នាំមុខលក់បន្លែ សព្វថ្ងៃរស់នៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ពួកគាត់មានកូនចំនួន៤នាក់ នៅក្នុងបន្ទុកគ្រួសារ ហើយកូនស្រីដែលបាត់ខ្លួននោះឈ្មោះ សុខ ស្រីតា អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី៩ នាងគឺជាកូនទី៤ និងជាកូនស្រីពៅផងដែរ ហើយបានបាត់ខ្លួនពីផ្ទះតាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩មកម្ល៉េះ មិនដឹងថា មានមូលហេតុអ្វីឡើយគឺរយៈពេល៩ថ្ងៃកន្លងមកហើយរកមិនឃើញសោះ ។

ប្រភពដដែលបានបន្តថា កាលពីថ្ងៃទី១ ខែកុម្ភៈ កូនស្រីរូបនេះបានជួយលក់បន្លែពួកគាត់នៅផ្សារកាណាសុីធី លុះដល់វេលាល្ងាចថ្ងៃដដែល នាងបានសុំគាត់ទៅផ្ទះមុន ដើម្បីងូតតែមួយភ្លែតប៉ុណ្ណោះ ហើយក៏ស្រាប់តែបាត់រហូតតែម្ដង ។ ប៉ុន្តែពេលនោះពួកគាត់ស្មានថា កូនស្រីកំពុងនៅផ្ទះ លុះក្រោយពីចប់ការងារនៅផ្សារត្រឡប់ទៅដល់ផ្ទះវិញ បាត់មិនឃើញកូន ទើបមានការភ្ញាក់ផ្អើលនិងបានតាមរកគ្រប់ទីកន្លែង ប៉ុន្តែរកមិនឃើញសោះទើបចុងក្រោយនៅវេលាល្ងាចថ្ងៃទី៩ ខែកុម្ភៈសម្រេចចិត្តនាំគ្នាទៅប្ដឹងសុំការអន្តរាគមន៍ពីនគរបាល ។ ព្រោះពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពរបស់កូនស្រីដោយមិនដឹងថា នាងមានសុខទុក្ខយ៉ាងណាឡើយ ។ ម្យ៉ាងទៀត ប្រសិនបើបងប្អូនណាបានឃើញក្មេងស្រីដូចមានភិនភាគក្នុងរូបថត សូមជួយប្ដល់ដំណឹងដល់ពួកគាត់ ឬនគរបាលប៉ុស្តិ៍ចោមចៅ២ ហើយបើកូនស្រីបានដឹងសូមវិលត្រឡប់មកផ្ទះវិញព្រោះឪពុកម្ដាយកំពុងរង់ចាំកូន និងមិនប្រកាន់ទោសអូសដំណើរអ្វីឡើយ ៕ សុខាសែនជ័យ


ចែករំលែក៖