ខេត្តឧត្តរមានជ័យ៖ ស្រះទឹកមួយកន្លែងទំហំជាង ១ ហិកតា ដែលជាអំណោយរបស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ផ្តល់ជូនសម្រាប់ស្តុកទឹកផ្គត់ផ្គង់ឲ្យការប្រើប្រាស់ប្រចាំថ្ងៃនៅពន្ធនាគារខេត្តឧត្តរមានជ័យ ក៏ដូចជាកងទ័ព និងប្រជាពលរដ្ឋ ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ត្រូវបានលោក ប៉ែន កុសល្យ អភិបាល នៃគណអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញបើកការដ្ឋាន នាព្រឹកថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
គួររំលឹកផងដែរថា កាលពីថ្ងៃសៅរ៍ ៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០១៩ លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម តំណាងលោករដ្ឋមន្ត្រី លឹម គានហោ និងលោក ប៉ែន កុសល្យ អភិបាល នៃគណអភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងលោកអភិបាលរង និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានចុះពិនិត្យស្ថានភាពនៃការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃនៅពន្ធនាគារខេត្តឧត្តរមានជ័យ ។ ជាដំណោះស្រាយចំពោះមុខ លោកអភិបាលខេត្ត បានសម្រេចផ្តល់នូវទឹកស្អាត ចំនួន ១០ ម៉ែត្រគូប ក្នុង ០១ ថ្ងៃ សម្រាប់ផ្គត់ផ្គង់ឲ្យការប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងពន្ធនាគារ ហើយលោករដ្ឋលេខាធិការ ក៏បានផ្តល់ជាថវិកាចំនួន ១.០០០ ដុល្លារសហរដ្ឋអាមេរិក ដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដើម្បីទិញស៊ីទែនទឹកចំណុះ ៥ ម៉ែត្រគូប ចំនួន ០២ ស៊ីទែន បំពាក់លើរថយន្តបែន សម្រាប់ដឹកជញ្ជូនទឹកទៅកាន់ពន្ធនាគារ ។ ដោយឡែក ចំពោះដំណោះស្រាយយូរអង្វែងទៅថ្ងៃអនាគត លោក លឹម គានហោ បានសម្រេចផ្តល់ស្រះទឹកមួយកន្លែង ទំហំជាង ១ ហិកតា ដែលមិនត្រឹមតែអាចផ្គត់ផ្គង់ទឹកដល់ការប្រើប្រាស់នៅក្នុងពន្ធនាគារប៉ុណ្តោះទេ ទាំងកងទ័ព និងប្រជាពលរដ្ឋនៅតំបន់នោះ ក៏អាចប្រើប្រាស់បានគ្រប់គ្រាន់ផងដែរ៕
ដោយ៖ សុខ ខេមរា