ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេសបានបញ្ចេញសកម្មភាពទប់ទល់ចិន និងរុស្ស៊ី​ ក្រោយអាមេរិក​ដកខ្លួនពី​ INF

ចែករំលែក៖

អង់គ្លេសជាសម្ពន្ធមិត្តដ៏សំខាន់បំផុតរបស់អាមេរិក​ ហើយប្រទេសទាំងពីរ តែងតែ​សហការគ្នា ដើម្បី ពង្រឹង និងពង្រីកឥទ្ធិពលនៅលើពិភពលោក ។ បច្ចុប្បន្ន រុស្ស៊ី និងចិន មានសម្ថភាពខ្ពស់ ដោយអាមេរិកម្នាក់ឯងមិនអាច យកឈ្នះទៅលើ ប្រទេសទាំងពីរនោះបានឡើយ ។ ដូច្នេះហើយ បានជាអង់គ្លេស ចេញមុខ ព្រមានថា ទីក្រុងឡុងដុង នឹងប្រើប្រាស់ កម្លាំង ប្រឆាំងរុស្ស៊ី និងចិន ។

កាលពីថ្ងៃទី​១១ ខែកុម្ភៈ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក​ Gavin Williamson ​បានប្រកាសថា អង់គ្លេសបានត្រៀមលក្ខណៈប្រើប្រាស់កម្លាំងប្រឆាំងរុស្ស៊ីនិងចិន។ ការប្រកាស​ខាងលើកើតឡើងក្រោយពេលទីក្រុង​ឡុងដុង បានត្រៀមលក្ខណៈ ដាក់ពង្រាយ នាវាចម្បាំងធំបំផុតរបស់ខ្លួន​នៅតំបន់សមុទ្រជិតព្រំដែនប្រទេសចិន​។

រដ្ឋមន្ត្រី​ Gavin Williamson ​កាលពីថ្ងៃទី​១១ ខែកុម្ភៈ ​បានប្រកាសថា​ «អង់គ្លេស ចាំបាច់ត្រូវតែពង្រឹងសមត្ថភាព កងកម្លាំងដើម្បីការពារផលប្រយោជន៍​របស់ខ្លួន​ចំពោះការគំរាមកំហែង ពីរុស្ស៊ីនិងចិន​»។

មានប្រសាសន៍នៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស លោក​ Williamson ​បានចោទប្រកាន់រុសស្ស៊ី​ បង្កើនឃ្លាំងអាវុធ ដើម្បី គ្រប់គ្រងទៅលើប្រទេស អតីតសហភាពស៊ូវៀត ​។ចំណែកចិនវិញ ក៏ដូចគ្នានោះដែរ បានខិតខំពង្រីកឥទ្ធិពលរបស់ខ្លួន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។

លោក​ Williamson អាយុ​៤២ឆ្នាំ​ បានខិតខំជំរុញអង់គ្លេស ឲ្យក្លាយទៅជាមហាអំណាច មានឥទ្ថិពលយោធានៅលើពិភពលោក​។ លោកធ្លាប់បានប្រកាសថានឹងបញ្ជូនកម្លាំងទាហានទៅកាន់ប៉ូលខាងជើងផែនដីផងដែរ ដើម្បីគ្រប់គ្រង ទីតាំងដ៏ធំ និងសម្បូរទៅដោយធនធានធម្មជាតិ ​។

សកម្មភាពរបស់អង់គ្លេស កើតឡើងក្នុងពេលដែលអាមេរិក​ បានសម្រេចដកខ្លួនចេញពីសន្ធិសញ្ញាអាវុធបរមាណូ​ INF ដែលបានចុះហត្ថលេខាជាមួយអតីតសហភាពសូវៀត កាលពីសម័យសង្គ្រាមត្រជាក់ ។ ការដកខ្លួននោះជាការចាប់ផ្តើមប្រកួតប្រជែងអាវុធសាជាថ្មីនៅលើពិភពលោក៕


ចែករំលែក៖