អ្នកដំណើរជាច្រើនបន្តជាប់គាំង ដោយសារតែ ការធ្វើបាតុកម្មឈានចូលថ្ងៃទី៣ ហើយរបស់ក្រុមអាកាសយានិក និងពហុនិការ ទាមទារឲ្យក្រុមហ៊ុន China Airline ផ្តល់ប្រាក់ថែមម៉ោង និង បំណាច់ឆ្នាំដល់បុគ្គលិក ។ ដំណោះស្រាយ មិនទាន់ធ្វើឲ្យក្រុមអាកាសយានិកស្ងប់ចិននៅឡើយ ។
ចាប់តំាងពីថ្ងៃចុងសប្តាហ៍មុន មកទល់ពេលនេះ ក្រុមអាកាសយានិករបស់ក្រុមហ៊ុនអាកាសចរណ៍ China Airline បន្តធ្វើបាតុកម្ម ឈានចូលថ្ងៃទី៣ហើយមកដល់ថ្ងៃទី១១ កុម្ភៈ ។ ក្រុមអាកាសយានិក បានប្តេជ្ញាបន្តធ្វើបាតុកម្មទៀត បើទោះបីមានការលុបចោលជើងហើរ និងរាំងស្ទះអ្នកដំណើរតាមផ្លូវអាកាសយ៉ាណាក៏ដោយ ។
ចំណែក ក្រុមហ៊ុនអាកាសចរណ៍China airline បានបញ្ជាក់ថា ពួកគេខិតខំចរចារកដំណោះស្រាយឲ្យបានឆាប់ៗផងដែរ ប៉ុន្តែថា អ្វីដែលក្រុម ភីឡុត កំពុងទាមទារនោះ គឺមិនដូចគ្នា នឹងអ្វីដែលបានលើកឡើងជាសាធារណៈនេះទេ ។
ក្រុមបុគ្គលិកអាកាសយានិកប្រមាណ១,៣០០នាក់ ដែលមានសហជីពដឹកនាំត្រឹមត្រូវនោះ បានធ្វើបាតុកម្មទាមទារក្រុមហ៊ុនគោរពច្បាប់ការងារ ទាមទារប្រាក់ថែមម៉ោង និងប្រាក់បន្ថែមនៅពេលដំណាច់ឆ្នាំ ។ ពួកគេបានលើកឡើងថា ម្ចាស់ក្រុមហ៊ុន គ្មានភាពស្មោះត្រង់ ជិះជាន់លើកម្លាំងពលកម្មរបស់ពួកគេយ៉ាងធ្ងន់ធ្ងរ ។ បាតុកម្មនេះ ចាប់ផ្តើមកាលពីចុងសប្តាហ៍មុន រហូតមកដល់ដើមសប្តាហ៍នេះទៀត នៅមិនទាន់មានដំណោះស្រាយទេ ។
ជើងហោះហើរប្រមាណ៤៧ជើងត្រូវប្រកាសផ្អាកការហោះហើរបណ្តោះអាសន្ន ។ នេះបើតាមទីភ្នាក់ងារព័ត៌មានកណ្តាលតៃវ៉ាន់ ផ្សាយកាលពីថ្ងៃអាទិត្យ ។ ការលុបចោលជើងហោះហើរនេះ មានជើងហោះហើរទៅកាន់ទីក្រុងហុងកុង, បាងកក, ឡូស អេនចឺឡេស, ម៉ានីល និងតូក្យូជាដើម ។ យន្តហោះទាំងនេះចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Taoyuan ភាគខាងត្បូងទីក្រុងតៃបិ ។
ក្រុមហ៊ុនអាកាសចរណ៍ China Airlines របស់តៃវ៉ាន់នេះ បង្កើតឡើងក្នុងឆ្នាំ១៩៥៩ ជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរតាមអាកាសធំលំដាប់ទី២ ដែលមានជើងហោះហើរប្រមាណ៨៨គ្រឿង ៕