ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញគ្រាប់បែក សល់តាំងពីសម័យសង្គ្រាម មន្ត្រីជំនាញ​ចាប់ផ្តើមដោះ និងនាំចេញដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ គ្រាប់បែកសល់ពីសម័យសង្គ្រាម ត្រូវបានពលរដ្ឋជីកដីប្រទះឃើញ ហើយរាយការណ៍ទៅមន្ត្រីជំនាញ​ស៊ីម៉ាក ចុះមកពិនិត្យដោះយកចេញដោយសុវត្ថិភាព មិនបង្កឲ្យគ្រោះថ្នាក់អ្វីឡើយ ។

ប្រភពបានរាយការណ៍ថា គ្រាប់បែក​ធុន ១១៧ មានទម្ងន់ជាង៣០០គីឡូក្រាម ត្រូវបានមន្ត្រី​ស៊ីម៉ាក់​យក​ចេញដោយសុវត្ថិ​ភាព កាលពី​ថ្ងៃទី១២ កុម្ភៈ នៅភូមិអង្គខ្ជាយ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលគ្រាប់បែកនេះ ត្រូវជំនាញស៊ីម៉ាក អះអាងថា ជាគ្រាប់បែក ដែល​អាមេរិក​ទម្លាក់ពីលើយន្តហោះ ក្នុង​សម័យ​សង្គ្រាម​​របបលន់ នល់ ។

ប្រភពបន្តថា គ្រាប់បែក​ ធុន ១១៧ មានទម្ងន់ជាង៣០០គីឡូក្រាមនេះ ត្រូវបាន​អ្នកស្រុក​​ជីកដី​ប្រទះឃើញ ហើយរាយការណ៍​មក​ស៊ី​ម៉ាក់ ​ចុះទៅពិនិត្យ​​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩​ ។

បន្ទាប់ពីសិក្សា​ផ្នែក​បច្ចេកទេស​រួចមក ជំនាញស៊ីម៉ាក់ ក៏ចាប់​ផ្តើម​ដោះ​ និងនាំ​ចេញ​ដោយសុវត្ថិភាព​ ។

​ពលរដ្ឋខ្លះលើកជាទស្សនៈថា ​គួរតែ​ឱ្យអាមេរិក​មក​ដោះ​ និងនាំ​យកទៅវិញ ព្រោះអាមេរិក​ជាម្ចាស់​នៃ​គ្រាប់បែក​មហា​វិនា​កកម្មនេះ ។

​​មិនដឹង​ថា តើ​ក្នុង​ដីខ្មែរ​នៅសល់​គ្រាប់ធុន​នេះប៉ុន្មានទៀតនៅឡើយទេ ព្រោះ​ការទម្លាក់​ពីលើ​យន្តហោះ​ចម្បាំង​សម័យ​សង្គ្រាម​អាមេរិកមានជាង២លាន​៨សែន​​តោន ក្នុងដីកម្ពុជា ៕ សេនាស័ក្តិ


ចែករំលែក៖