ព័ត៌មានទាន់ហេតុការណ៍៖

​វៀតណាមដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្សះផ្សាវិវាទអន្តរជាតិ

ចែករំលែក៖

វៀតណាមជាប្រទេស ដែលមានវិវាទយ៉ាងខ្លាំងជាមួយអាមេរិកពីអតីតកាល ហើយបច្ចុប្បន្នវៀតណាំមានទំនាក់ទំនងយ៉ាងល្អជាមួយអាមេរិក ដែលទាំងនោះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតួនាទីរបស់វៀតណាម ក្នុងការធ្វើជាម្ចាស់ផ្ទះផ្សះផ្សាទំនាក់ទំនងអន្តរជាតិ ពិសេសគឺទំនាស់រវាងអាមេរិកនិងកូរ៉េខាងជើង ។

ជាមួយគ្នានេះ វៀតណាមមានបំណងចង់បង្ហាញតួនាទីដំ៏សំខាន់របស់ខ្លួនលើឆាកអន្តរជាតិជាថ្មីម្តងទៀត បន្ទាប់ពីការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី – ប៉ាស៊ីហ្វិក (APEC) នៅក្នុងឆ្នាំ ២០១៧ និងវេទិកាសេដ្ឋកិច្ចពិភពលោកថ្នាក់តំបន់ (WEF) កាល ពីឆ្នាំ២០១៨កន្លងទៅនេះ។ កិច្ចប្រជុំ Trump-Kim អាចផ្តល់ផលចំណេញដល់ ប្រទេស វៀតណាមច្រើន ។

លោក Vu Minh Khong អ្នកវិភាគ គោលនយោបាយនៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew នៅសិង្ហបុរីបាននិយាយថា «ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាចជំរុញឋានៈរបស់វៀតណាម នៅក្នុងសហគមន៍អន្តរជាតិ ព្រមទាំងជួយជំរុញប្រទេសឱ្យលេចមុខលេចមាត់ ទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិនបរទេសជាដើម»។

លោក គីម ជុងអ៊ុន ជាមនុស្សម្នាក់មិនចំណូលធ្វើដំណើរឆ្ងាយ និងមានក្តីបារម្ភខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន ជាក់ស្តែងលោកមានបំណងចង់ធ្វើដំណើរតាមរថភ្លើងពាសដែកច្រើនជាង។ដោយទីតាំងនៃប្រទេសវៀតណាម នៅជិតកូរ៉េខាងជើង ហេតុនេះការហោះហើរពីទីក្រុងព្យុងយ៉ាងនឹងប្រើប្រាស់រយៈពេលខ្លី។ ម្យ៉ាងទៀតប្រទេសវៀត ណាម ក៏មានស្ថានទូតអាមេរិកនិងកូរ៉េខាងជើង ដូចគ្នា ដែរ ដែលជាអំណោយផល ដល់ដំណើរការរៀបចំទុកមុនកិច្ចជំនួបកើតឡើង។

លើសពីនេះទៅទៀតនោះរដ្ឋាភិបាលទីក្រុងហាណូយ ពេញចិត្តក្នុងការកសាង ទំនាក់ទំនងមិត្តភាពល្អជាមួយប្រទេសទាំងពីរ ហើយត្រូវបានគេចាត់ទុកថាជាដែនដី អព្យាក្រឹត។បើនិយាយពីសន្តិសុខប្រទេសនេះវិញ ត្រូវបានរឹតបន្តឹងយ៉ាង ប្រុងប្រយ័ត្នបំផុតសូម្បីក្នុងពេលធម្មតាក្តី។ អាជ្ញាធរ នឹងធ្វើការគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្នទៅលើប្រព័ន្ធផ្សព្វផ្សាយ និងហ្វូងមនុស្សដែលចូលរួមក្នុងព្រឹត្តិការណ៍នេះដែលជាព្រឹត្តិ ការណ៍ដ៏សំខាន់ ដែលនឹងត្រូវបានតាម ដានយ៉ាងហ្មត់ចត់ពីសំណាក់មនុស្សទូទាំងសកលលោក។

ក្នុងនាមជាប្រទេសកាន់របបកុម្មុយ នីស្តប៉ុន្តែមានទំនោរទៅរករបបមូលធន និយមព្រមទាំងអាចចងទំនាក់ទំនងមិត្តភាពទាំងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងនោះ ប្រទេស វៀតណាមនឹងក្លាយជាម្ចាស់ផ្ទះ រៀបចំកិច្ចជំនួបកំពូលរវាងមេដឹកនាំសហ រដ្ឋអាមេរិកលោក ដូណាល់ត្រាំនិងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាថ្ងៃ ទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈខាងមុខ។

មិនខុសពីកូរ៉េខាងជើងប្រទេសវៀត ណាមធ្លាប់មានភាពរអាក់រអួលក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកដោយសារសង្គ្រាមបង្ហូរឈាម និងប្រវត្តិដ៏ជូរចត់ជា មួយប្រទេសមហាអំណាចមួយនេះ។ ប៉ុន្តែអ្វីដែលខុសគ្នានោះគឺ រដ្ឋាភិបាលក្រុង ហាណូយ បច្ចុប្បន្នបានចាត់ទុករដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ជាសម្ពន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួន ព្រមទាំងបានរលាស់ខ្លួនចេញពីការបំផ្លិចបំផ្លាញដោយសារសង្គ្រាម ទៅជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅអាស៊ី និងជាអ្នកជំនាញផ្នែកទំនាក់ទំនងការទូតដ៏ល្អបំផុត ។

វៀតណាមគឺជាប្រទេសមួយក្នុង ចំណោមប្រទេសដែលមានទំនាក់ទំនងល្អជាមួយប្រទេស កូរ៉េខាងជើង។ ទំនាក់ទំនងការទូតរវាងរដ្ឋាភិបាលទីក្រុងហាណូយ នឹងទីក្រុងព្យុងយ៉ាងមានតាំងពីឆ្នាំ១៩៥០។ កូរ៉េខាងជើង ធ្លាប់បានបញ្ជូនទ័ពជើងអាកាសទៅកាន់ភាគខាងជើងនៃប្រទេសវៀត ណាម ក្នុងអំឡុងសង្គ្រាមវៀតណាម។ ជាមួយគ្នានេះអតីតមេដឹកនាំកំពូលកូរ៉េខាងជើងដែលបានបំពេញទស្សនកិច្ចនៅវៀត ណាម គឺលោក គីម អីុលស៊ុង ដែលជាជីតា លោក គីម ជុងអ៊ុន នៅឆ្នាំ១៩៥៨។ ក្រោយមកមានមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើនរូបបានមកលេងប្រទេសវៀតណាមចាប់តាំងពីពេលនោះមក។

សូមជម្រាបថា ខណៈដែលស្ថានភាពពាណិជ្ជកម្មបានធ្លាក់ចុះ បន្ទាប់ពីមានការដាក់ទណ្ឌកម្មពីសំណាក់អង្គការសហប្រជាជាតិ ប្រឆាំងនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាង វាបានឈានដល់៧លានដុល្លារនៅក្នុង ឆ្នាំ២០១៧ ។ ហេតុនេះដំណើរទស្សនកិច្ច របស់លោក គីម ទៅកាន់ប្រទេសវៀត ណាម អាចនឹងក្លាយជាឱកាសសម្រាប់ លោក ក្នុងការរៀនសូត្រពីវៀតណាមក្នុងការស្តារសេដ្ឋកិច្ចក្រោយបញ្ចប់សង្គ្រាម។

លោក Le Hong Hiep អ្នកជំនាញវៀត ណាមនៅវិទ្យាស្ថាន ISEAS-Yusof ប្រទេស សិង្ហបូរី បាននិយាយថា “លោក គីម នឹងចាប់អារម្មណ៍ក្នុងការសិក្សាស្ថានភាពប្រទេសវៀតណាមដោយខ្លួនឯង ដែលអាចជាប្រភពបទពិសោធន៍ដ៏ល្អនៃការបំផុសគំនិត និងការឆ្លុះបញ្ចាំងអំពីវិធីដែលលោកអាចជ្រើសរើសដើម្បីជំរុញកូរ៉េខាងជើងឱ្យរីកចម្រើនទៅមុខ”។

ប្រទេសវៀតណាមក៏អាចជាទីតាំងដ៏មានសារៈសំខាន់ខាងយុទ្ធសាស្រ្តសម្រាប់សហរដ្ឋអាមេរិក ដែលបច្ចុប្បន្នកំពុងជាប់ផុងក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយចិនដែលជាសម្ពន្ធមិត្តជិតបំផុតរបស់កូរ៉េខាងជើង។លោកជុនសុងវូន (Cheon Seong Whun) អ្នកស្រាវជ្រាវម្នាក់នៅវិទ្យាស្ថាន Asan Institute for Policy Studies នៅទីក្រុង សេអ៊ូលបាននិយាយថា លោក ត្រាំ អាច ប្រើប្រាស់ប្រទេសវៀតណាមដើម្បី ជា” សញ្ញាប្រាប់ទៅទីក្រុងប៉េកាំងថា កូរ៉េខាងជើងមិនស្ថិតនៅក្នុងដៃរបស់ចិននោះទេ ម្យ៉ាងទៀត អាមេរិកក៏មានតុល្យភាពឥទ្ធិ ពលដូចចិននៅក្នុងតំបន់នេះដែរ” ។

វ៉ាស៊ីនតោនក៏ចង់បង្ហាញពីភាពជោគ ជ័យនៃសេដ្ឋកិច្ចរបស់វៀតណាមក្រោម ការជំរុញដោយលោក Mike Pompeo រដ្ឋ មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងអំឡុងលោកធ្វើទស្សនកិច្ចក្នុងប្រទេសវៀតណាមកាលពីឆ្នាំមុន។ លោក Pompeo បាននិយាយនៅក្នុងសុន្ទរកថាដោយសំដៅទៅមេដឹកនាំ គីម ថា «ប្រទេសលោកអាចដើរ តាមផ្លូវនេះបាន។នេះគឺជាឱកាសរបស់លោកប្រសិនបើលោកចេះចាប់យក ពេលនេះ»។ វាអាចជាអព្ភូតហេតុដ៏អស្ចារ្យសម្រាប់ប្រទេស កូរ៉េខាងជើងផងដែរ៕ សាធី


ចែករំលែក៖