ព័ត៌មានទាន់ហេតុការណ៍៖

​មន្ត្រីអឺរ៉ុប អាមេរិក មិនអនុញ្ញាតឲ្យចូលទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡាឡើយ

ចែករំលែក៖

ស្ថានភាពនយោបាយនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា កំពុងតានតឹងដោយមានការលូកដៃពីបណ្តាប្រទេសលោកខាងលិច គាំទ្រ មេបក្សប្រឆាំង ដែលតាំងខ្លួនជាប្រធានាធិបតី​ ។ ទាំងនោះហើយ បានជាវេណេហ្ស៊ុយអេឡា មិនគាំទ្រដល់ដំណើរទស្សនកិច្ចរបស់តំណាងរាស្ត្រអឺរ៉ុប ។

ពេលថ្មីៗនេះ មន្ត្រីវេណេហ្ស៊ុយអេឡា បានសម្រេចបណ្តេញតំណាងរាស្ត្រ​ អឺរ៉ុប ៥នាក់ដែល បំពេញទស្សនកិច្ច នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា​ ដោយសង្ស័យ​ថា តំណាងរាស្ត្រទាំងនោះមានសកម្មភាពគួរឲ្យសង្ស័យ។

សារព័ត៌មានរ៉យទ័រ​បានដកស្រង់សម្តី តំណាងរាស្ត្រអេស្ប៉ាញលោក​ Esteban Gonzalez Pons បានឲ្យដឹងថា ក្រុមតំណាងរាស្ត្រ បានទៅកាន់ទីក្រុង ការ៉ាកាស​ ដើម្បីជួបពិភាក្សាជាមួយ មន្ត្រីក្រុមប្រឆាំង ក្នុងនោះមាន មេដឹកនាំដែលតាំងខ្លួនជាប្រធានាធិបតី​លោក Juan Guaido ។ លោក Pons​ បានថ្កោលទោសរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា ​ដែលបានរឹបអូស លិខិតឆ្លងដែន​ដោយមិនបាន ប្រាប់ពីមូលហេតុ​ ។

ក្នុងពេលជាមួយគ្នានេះ ​រដ្ឋមន្ត្រីការបរទេសវេណេហ្ស៊ុយអេឡា លោក​ Jorge Arreaza បានឲ្យដឹងថា វេណេហស្ស៊ុយអេឡា ធ្លាប់បានប្រមានថា​តំណាងរាស្ត្រ ទាំងនោះមិនអាចចូលមកទឹកដីវេណេហ្ស៊ុយអេឡានោះឡើយ ។

ក្នុងថ្ងៃជាមួយគ្នានេះ សមាជិកព្រឹទ្ធសភាអាមេរិក​លោក​ Marco Rubio ​បានប្រកាសថា ប្រធានាធិបតី វេណេហ្ស៊ុយអេឡា លោក​ នីកូឡាស ម៉ាឌូរ៉ូ​ នឹងត្រូវប្រឈមជាមួយលទ្ធផល​អាក្រក់ ប្រសិនបើមានសកម្មភាព ទៅលើមេបក្សប្រឆាំង លោក​ Guido ​ព្រមទាំងពលរដ្ឋអាមេរិក ។

សារព័ត៌មាន CNN ​បានដកស្រងសម្តីលោក Marco Rubio ​ដែលជាគណប្រតិភូម្នាក់ ក្នុងចំណោម​៥នាក់ ត្រូវបានវេណេហ្ស៊ុយអេឡាបណ្តេញចេញ បានលើកឡើងថា​ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា បានសម្រេច មិនអនុញ្ញាត្តិ​ឲ្យជំនួយមនុស្សធម៌ លោកខាងលិច ចូលទៅកាន់វេណេហ្ស៊ុយអេឡានោះឡើយ ។ ចំណែកមេបេក្សប្រឆាំងលោក ​ Guaido ​វិញ​បានសន្យាថា​ជំនួយទាំងនោះនឹងបានចូលក្នុងទឹកដី​វេណេសហ្ស៊ុយអេឡា នៅថ្ងៃទី​២៣ខែកុម្ភៈ ឆ្នាំ២០១៩៕

 


ចែករំលែក៖