ប្រភពពីមន្ត្រីមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប មួយចំនួនបានឲ្យដឹងថា បច្ចុប្បន្នរណ្ដៅដីធំៗដែលមានជម្រៅជ្រៅៗមានជាច្រើនកន្លែងនៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តសៀមរាប ហើយជាប្រភពចំណូលរបស់លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយជាយូរឆ្នាំមកហើយ ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យអាជ្ញាធរ ខេត្តសៀមរាប ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ព្រមទាំងបក្ខពួកខ្លះផង។
ដោយហេតុថា ឈ្មួញម្ចាស់រណ្ដៅដីធំៗជ្រៅៗមិនអនុវត្តន៍ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនោះទេ ហើយថែមទាំងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទៀតផង។ ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិគោកដូង ឃុំគោកដូង ស្រុកពួក ខេត្តសៀមរាប បានឲ្យដឹងថា រណ្ដៅដីដ៏ធំនិងជ្រៅហើយគ្មានច្បាប់អនុញ្ញាតមួយកន្លែងជារបស់ឈ្មួញឈ្មោះ ចំរើន នៅភូមិគោកដូង កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែខ្លាំងឡើងៗ ។
ប្រភពបានឲ្យដឹងទៀតថា ឈ្មួញឈ្មោះ ចំរើន បានប្រើប្រាស់រថយន្តដឹកជញ្ជូនអាចម៍ដីរាប់រយជើងក្នុងមួយថ្ងៃៗធ្វើឲ្យខូចផ្លូវជាបន្តបន្ទាប់ ហើយធូលីដីហុយចូលផ្ទះប្រជាពលរដ្ឋសូម្បីតែហូបបាយមិនចង់កើតផង។ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា រណ្ដៅដីដែលមានជម្រៅរហូតជាង១០ម៉ែត្រ ងាយធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនិងសត្វ ហើយរថយន្តដឹកអាចម៍ដីដែលបើកបរក្នុងល្បឿនលឿនអាចបង្កគ្រោះថ្នាក់ចរាចរណ៍ខ្លាំងណាស់ ។ ដោយសារទទួលរងនូវផលប៉ះពាល់កាន់តែខ្លាំងឡើងៗទើបប្រជាពលរដ្ឋក្នុងភូមិគោកដូង ឃុំគោកដូង ស្រុកពួក ខេត្តសៀមរាប បានអំពាវនាវឲ្យលោក ទៀ សីហា អភិបាលខេត្តសៀមរាប ក៏ដូចជាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ចាត់វិធានការពិនិត្យទៅលើអាជីវកម្មរណ្ដៅដីក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។
ប្រភពខ្លះបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីមន្ទីររ៉ែនិងថាមពលស្រុកពួក ក៏ដូចជាពីសំណាក់លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ទេនោះគឺឈ្មួញឈ្មោះ ចំរើន មិនហ៊ានធ្វើអាជីវកម្មរណ្ដៅដីដោយគ្មានច្បាប់អនុញ្ញាតយ៉ាងគឃ្លើនដូចសព្វថ្ងៃនេះឡើយ។
ប្រជាពលរដ្ឋបានលើកឡើងថា ប្រសិនបើលោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប មិនជាប់ពាក់ព័ន្ធផលប្រយោជន៍ទេនោះ គួរចាត់វិធានការទប់ស្កាត់អាជីវកម្មរណ្ដៅដីរបស់ឈ្មួញឈ្មោះ ចំរើន ក្នុងភូមិគោកដូង ភូមិគោកដូង ស្រុកពួក ជាបន្ទាន់ដើម្បីកុំឲ្យឈ្មួញរូបនេះធ្វើអ្វីៗតាមអំពើចិត្តទៀត ៕